រាជធានីភ្នំពេញ ៖ ឯកសារមួយសន្លឹកដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងអគ្គលេខាធិការអាកាសចរស៊ីវិល ត្រូវបានបែកធ្លាយកាលពីព្រឹកថ្ងៃទី១២ មករា ២០១៨ ស្តីពីគម្រោងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F ដែលតាមឯកសារ គម្រោងនេះស្ថិតនៅទីតាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានទឹកប្រាក់រហូតដល់១.៥០០លានដុល្លារអាមេរិក ។ គម្រោងនេះ ក៏បានចុះហត្ថលេខារួចរាល់រវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនខ្មែរ (OCIC) ដោយមានអ្នកឧកញ៉ា ពុង ឃាវសែ និងធនាគារអភិវឌ្ឍន៍ចិន ដោយមានលោក ហ៊ូ ហ៊ួយប៉ាង ជាតំណាង ។ ទោះបីយ៉ាងណា ក្នុងឯកសារពុំបានបញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ផ្ដើមគម្រោងនៅឡើយទេ ។
យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីផ្ញើជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា រាជរដ្ឋាភិបាលបានឯកភាពលើការស្នើសុំបង្កើតក្រុមហ៊ុន «ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (Cambodia Airport Investment Co., Ltd.) ជាដៃគូវិនិយោគរវាងវិស័យសាធារណៈ និងឯកជន (PPP) ក្នុងគោលបំណងអភិវឌ្ឍន៍សាងសង់់អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោមទុនវិនិយោគសរុបចំនួន១.៥០០លានដុល្លារអាមេរិក ក្នុងនោះ កម្ចីពីធនាគារបរទេសមានចំនួន១.១០០លានដុល្លារអាមេរិក, កម្ចីពីភាគទុននៃក្រុមហ៊ុនវិនិយោគទុនអាណិជនខ្មែរ ចំនួន២៨០លានដុល្លារអាមេរិក និងដើមទុនចុះបញ្ជីចំនួន១២០លានដុល្លារអាមេរិក ដោយក្នុងនោះក្រុមហ៊ុន OCIC មាន៩០% និងអគ្គលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលមាន១០% ។
គម្រោងដ៏មហិមានេះ អ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា បានបង្ហាញពីសុទិដ្ឋិនិយមថា នឹងជួយលើកមុខមាត់ប្រទេសឲ្យកាន់តែល្បីនៅក្នុងឆាកអន្តរជាតិ ជាពិសេស នឹងធ្វើឲ្យការវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពរលូនបន្ថែមទៀត ។
លោក ឌឹត ចណ្ណា នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានឲ្យដឹងថា វាជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសពលរដ្ឋនៅក្នុងតំបន់ជុំវិញគម្រោងនោះផ្ទាល់តែម្ដង ។ ជាក់ស្ដែង តាមរយៈការប្រកាសពីគម្រោងអភិវឌ្ឍន៍មួយនេះ នឹងធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នោះឡើងថ្លៃ ធ្វើឲ្យអ្នកមានដីធ្លីនៅជុំវិញតំបន់នោះ នឹងទទួលបានអត្ថប្រយោជន៍។ មួយវិញទៀត នៅពេលគម្រោងនោះចាប់ផ្ដើមសាងសង់ ប្រជាពលរដ្ឋនៅតំបន់ជុំវិញនោះនឹងទទួលបានការងារធ្វើសម្រាប់ជាចំណូលចិញ្ចឹមគ្រួសារ ។
លោកបន្តថា ដីធ្លីនៅតំបន់នោះនឹងឡើងថ្លៃ តែមិនឡើងខ្លាំងប៉ុន្មានទេ ហើយវិនិយោគិននានាក៏គួរតែគិតពិចារណាឲ្យបានច្បាស់លាស់ផងដែរ មុននឹងសម្រេចចិត្តថា ទៅវិនិយោគនៅតំបន់នោះ ។
លោកនិយាយថា ៖« ជាទូទៅ នៅបណ្ដាប្រទេសផ្សេងៗ តំបន់ជុំវិញព្រលានយន្តហោះមិនសូវមានការអភិវឌ្ឍប៉ុន្មានទេ ព្រោះមានច្បាប់កំណត់ពីការអភិវឌ្ឍ ។ ជាក់ស្ដែង នៅជុំវិញព្រលានយន្តហោះមិនអនុញ្ញាតឲ្យសាងសង់អគារខ្ពស់ៗឡើយ ។ បើសិនជាមិនអនុញ្ញាតឲ្យសង់អគារខ្ពស់ តម្លៃដីធ្លីក៏មិនអាចឡើងខ្ពស់បានដែរ គឺឡើងត្រឹមកម្រិតមួយប៉ុណ្ណោះ » ៕