រាជធានីភ្នំពេញ ៖ ដើម្បីគ្រប់គ្រងដីធ្លីឱ្យកាន់តែមានទំនើបកម្ម ក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស កាត់បន្ថយអំពើពុករលួយ និងកៀរគរចំណូលចូលថវិកាជាតិ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំយុទ្ធសាស្ត្រថ្មីមួយហៅថា « Click 1 Free, Click 2 Pay » តាមរយៈQR Code នៅលើប្លង់កម្មសិទ្ធិដីធ្លី ។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការរៀបចំប្រព័ន្ធទិន្នន័យដី និងប្រព័ន្ធផ្តល់ព័ត៌មានសង្ខេបតាម QR Code លើប័ណ្ណកម្មសិទ្ធិ ជាចំណុចសំខាន់ណាស់សម្រាប់ឆ្នាំ២០១៨ ។ ក្នុងការរៀបចំ QR Code គឺមានលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង និងមិនធ្វើឱ្យពិបាកស្រាវជ្រាវ ។ តាមរយៈនេះ គឺធានាបាននូវសុវត្ថិភាព ហើយក៏អាចនិយាយបានថា ការបម្រើសេវាសាធារណៈបានទៅដល់មនុស្សម្នាក់ៗ ។
លោកទេសរដ្ឋមន្ត្រីគូសបញ្ជាក់ថា ៖« បើយើងធ្វើបានក្នុងករណីនេះ គឺមានការងាយស្រួលទាំងអស់ ។ ដីយើងនៅកន្លែងណា មានទទឹង និងបណ្តោយប៉ុន្មាន ? គ្រាន់តែយកទូរស័ព្ទស្មាតហ្វូន យើងនឹងមើលឃើញដីរបស់យើងនៅទីណាបាន ។ ចង់ដឹងដីនេះជាដីរបស់អ្នកណា ឆែកដឹងបានភ្លាម ក៏ប៉ុន្តែការឆែកនេះ មិនគិតថ្លៃតែនៅលើទំព័រដើមដំបូងប៉ុណ្ណោះ បើចង់ឆែករកព័ត៌មានលម្អិត ត្រូវបង់លុយសិន ដែលគេហៅថា (Click 1 Free, Click 2 Pay) » ។
លោកទេសរដ្ឋមន្ត្រីថា ទិន្នន័យបឋម ឆែកមើលអត់គិតលុយទេ ហើយបើចង់មើលលម្អិត បើមិនបង់លុយទេ នឹងធ្វើឱ្យក្រសួងខាតបង់ប្រាក់ចំណូលចូលថវិកាជាតិ ។
លោកទេសរដ្ឋមន្ត្រីបន្តថា ៖« បើមិនបង់លុយ យើងនឹងខាត តែបើគាត់មិនប្រើប្រាស់នូវប្រព័ន្ធនេះ ហើយទៅឱ្យមន្ត្រីភូមិបាល មន្ទីរបញ្ជាក់ ទម្រាំដល់អភិបាលស្រុក ខេត្ត ក្រុង ត្រូវចំណាយពេលវេលាយូរ ហើយអស់លុយច្រើនថែមទៀត ។ ក៏ប៉ុន្តែបើគាត់ចំណាយនៅតាមទូរស័ព្ទតែក្នុង១នាទី គាត់នឹងបានដឹងទាំងអស់ ហើយគាត់ព្រីនព័ត៌មានទាំងនេះធ្វើជាឯកសារផ្លូវការជាការស្រេច » ។
អ្នកជំនាញក្នុងវិស័យនេះបានលើកឡើងថា ក្នុងអាណត្តិទី៥នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវសកម្មភាពកំណែទម្រង់ជាច្រើន ដែលយើងឃើញមានថ្នាក់ដឹកនាំក្រសួងមួយចំនួនមានភាពលេចធ្លោ ។ ជាក់ស្តែង ក្នុងអាណត្តិថ្មីនេះ ក្រសួងរៀបចំដែនដី ក្រោមការដឹកនាំដោយលោក ជា សុផារ៉ា បានធ្វើកំណែទម្រង់ជាច្រើន ហើយការដាក់ចេញនូវប្រព័ន្ធ QR Code ថ្មីនេះ ជាការឆ្លើយតបនឹងបញ្ហាវិវាទដីធ្លី និងអាចដោះស្រាយបញ្ហាដីធ្លីជាច្រើននាពេលអនាគត ព្រោះជម្លោះដីធ្លី គឺជាបញ្ហាក្តៅក្នុងអាណត្តិកន្លងមក ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា ការរៀបចំយុទ្ធសាស្ត្ររបស់ក្រសួងដែនដីនេះ វាមានតម្លាភាពល្អ ដោយសារបញ្ហាជួញដូរលើវិស័យអចលនទ្រព្យកន្លងមកមានភាពស្មុគស្មាញ នៅពេលការចុះបញ្ជីដីធ្លីមិនបានត្រឹមត្រូវ ។ ប្រជាពលរដ្ឋធ្វើការទិញលក់ មិនបានដឹងព័ត៌មានច្បាស់ពីប្រភពដីរបស់គាត់ ជាហេតុធ្វើឱ្យមានការលំបាក ។
លោកបណ្ឌិតបន្តថា ៖« ការរៀបចំព័ត៌មានដែលមានដាក់នៅក្នុងគេហទំព័ររបស់ក្រសួងដែនដី អ្នកណាក៏អាចចូលទៅមើលបាន ដោយគ្រាន់តែបង់សេវាមួយចំនួន នេះ ។ ខ្ញុំយល់ឃើញថា ជារឿងមួយល្អសម្រាប់ប្រជាពលរដ្ឋទូទៅក្នុងការជួញដូរលើវិស័យអចលនទ្រព្យនេះ ដោយពុំមានការខាតបង់ និងការកេងចំណេញពីអ្នកមានអំណាច ឬអ្នកមានឥទ្ធិពល » ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ចាប់ពីពេលចាប់ផ្តើមអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០១៧នេះ ក្រសួងចេញប័ណ្ណកម្មសិទ្ធិដីបានជាង៤,៨លានប័ណ្ណ ក្នុងនោះចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន៤,៦លានប័ណ្ណ ស្មើនឹង៦៦,៤% នៃក្បាលដីប៉ាន់ស្មានសរុប៧លានក្បាលដី ៕