រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ អ្នកវិនិយោគខាងវិស័យដីធ្លីបានងាកទៅរកតំបន់ភ្នំប្រសិទ្ធ ដែលពួកគាត់មានសុទិដ្ឋិនិយមថា តំបន់នេះកំពុងមានសក្ដានុពលទៅលើវិស័យឧស្សាហកម្ម និងលំនៅឋាន ដោយសារវាជាតំបន់ខ្ពង់រាប និងស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ។
បើតាមការឲ្យដឹងពីទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បានថ្លែងតាមទូរស័ព្ទកាលពីថ្ងៃទី១២ មករា ម្សិលមិញថា តំបន់នេះមានលក្ខខណ្ឌច្រើនដែលអ្នកវិនិយោគងាកមកចាប់អារម្មណ៍ ។
លោកថា ៖« តំបន់ភ្នំមួយនេះមានលក្ខខណ្ឌច្រើនយ៉ាងដែលធ្វើឲ្យអ្នកវិនិយោគងាកមករក ដោយសារវាជាតំបន់ខ្ពង់រាបនៅជិតភ្នំ អំណោយផលទាក់ទងទៅនឹងភូមិសាស្ត្រ ដែលអ្នកអភិវឌ្ឍន៍ធ្វើដីឡូត៍ក្ដី ឬជាលំនៅឋានក្ដី មានភាពងាយស្រួលត្រង់ថា យើងមិនចាំបាច់ចំណាយច្រើនក្នុងការចាក់ដីបំពេញដូចតំបន់មួយចំនួនទេ ។ ម្យ៉ាងទៀត ដីនៅតំបន់នេះមានលក្ខណៈធូរថ្លៃ អាចថាតម្លៃចាប់ពី១០ ទៅ២០ដុល្លារក្នុង១ម៉ែត្រការ៉េ តែកន្លែងខ្លះអាចត្រឹម៥ដុល្លារប៉ុណ្ណោះក្នុង១ម៉ែត្រការ៉េ ក៏មានដែរ » ។
តំបន់ភ្នំប្រសិទ្ធ គឺជាជំហានបន្ទាប់ ក្រោយពីការរីករាលដាលនៅតំបន់ទំនប់កប់ស្រូវ ដែលរុញពីភ្នំពេញថ្មីទៅ វាជាតំបន់អចលនទ្រព្យក្ដៅខ្លាំង ហើយឥឡូវតំបន់នេះស្ទើរតែពេញហើយចុងក្រោយ គឺតំបន់ភ្នំប្រសិទ្ធនេះតែម្ដង ដែលមានអ្នកមកវិនិយោគច្រើន ។
លោក ង៉ែត ជូ បន្តថា ៖« តំបន់នេះនៅមានដីទំនេរច្រើន ទើបធ្វើឲ្យតម្លៃនៅទាបថ្ងៃក្រោយតំបន់នេះអាចក្លាយជាតំបន់ឧស្សាហកម្ម និងលំនៅឋាន តែសម្រាប់កសិកម្ម គឺវាមិនអំណោយផលទេ ទាល់តែយើងកែប្រែគុណភាពដីនោះសិន » ។ ប៉ុន្តែដោយសារតែវាគ្មានមុខងារសម្រាប់កសិកម្មបែបនេះហើយ ទើបតំបន់មួយនេះគ្មានអ្វីជាឧបសគ្គសម្រាប់អ្នកលក់ និងអ្នកទិញ ។ នេះបើតាមលោក ង៉ែត ជូ លើកឡើង ។
លោកបញ្ជាក់ថា ៖« សម្រាប់លោក អ្វីដែលធំបំផុតសម្រាប់ភ្នំប្រសិទ្ធ គឺវាជាតំបន់ខ្ពង់រាបអាចជៀសផុតពីទឹកជំនន់ ចរាចរណ៍ក៏ល្អ មិនសូវចំណាយច្រើនក្នុងការអភិវឌ្ឍ ហើយវាផ្ដល់នូវទំនុកចិត្តក្នុងការរស់នៅ ជាពិសេសមានផ្លូវកាត់ធំៗនៅតំបន់នេះ ។ សម្រាប់ឧស្សាហកម្មវិញ នៅថ្ងៃក្រោយ គេនឹងធ្វើការថ្លឹងថ្លែងកន្លែងនេះ ព្រោះការវិនិយោគរបស់គេមានរាប់រយលានដុលា្លរ ហើយសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗ យើងមិនអាចពឹងផ្អែកតែលើរាជរដ្ឋាភិបាលទេ គឺយើងទាំងអស់គ្នាត្រូវសហការជាមុនសិន ទើបតំបន់នោះរីកចម្រើនបន្ថែមទៀត » ។
បច្ចុប្បន្ន សកម្មភាពទិញលក់ដីធ្លីនៅតំបន់នោះកំពុងតែសកម្មភាពមមាញឹកខ្លាំង ពិសេសការពុះដីឡូត៍សម្រាប់លក់ ។
ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នៅតំបន់ភ្នំរាប និងភ្នំប្រសិទ្ធ បានឲ្យដឹងថា ដោយសារតែតំបន់ទាំងនេះគ្រោងនឹងកាត់ចូលក្នុងទឹកដីរាជធានីភ្នំពេញ ហើយតម្លៃដីនៅពេលនេះក៏នៅធូរថ្លៃផងនោះ ទើបពលរដ្ឋដែលចង់បានដីសម្រាប់សង់ផ្ទះបានរកទិញច្រើន ជាពិសេស ពលរដ្ឋនៅរាជធានីភ្នំពេញ និងគ្មានលទ្ធភាពទិញផ្ទះស្នាក់នៅ ឬគ្មានលទ្ធភាពសូម្បីតែបង់រំលស់ផ្ទះ ។ ក្រៅពីនោះ ក៏មានពលករនៅក្រៅប្រទេសដូចជា ប្រទេសកូរ៉េ ជាដើម មកទិញដីឡូត៍នៅតំបន់នេះដើម្បីសង់ផ្ទះ នៅពេលពួកគេត្រឡប់មកស្រុកវិញ ឬទុកលក់បន្តទៀតនៅថ្ងៃអនាគត ។
លោក ជា កុយ ប្រធានក្រុមហ៊ុននេះ បានថ្លែងកាលពីដើមខែធ្នូ កន្លងទៅថា ៖« នៅតំបន់ភ្នំរាប និងភ្នំប្រសិទ្ធ ក្រៅពីការពុះដីឡូត៍លក់ហើយ យើងក៏មានគម្រោងជាច្រើនដើម្បីអភិវឌ្ឍន៍ទៅជាតំបន់មានសក្ដានុពលសម្រាប់ការរស់នៅផង និងអាជីវកម្មផង ។
ជាក់ស្ដែង ពេលនេះ យើងបាននិងកំពុងអភិវឌ្ឍន៍ជាផ្សារ និងតំបន់ទេសចរណ៍កែច្នៃជាដើម ដោយសារតែបច្ចុប្បន្ន កន្លែងនេះជាតំបន់ទេសចរណ៍មួយបាត់ទៅហើយសម្រាប់អ្នកភ្នំពេញ និងអ្នកពីបណ្ដាខេត្តមកសម្រាកលំហែនៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាកជាដើម » ៕