រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ កាលពីថ្ងៃទី១១ មករា កន្លងមក កម្ពុជា-ចិនបានចុះហត្ថលេខាលើគម្រោងជាច្រើន ក្នុងនោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានចុះហត្ថលេខារួចរាល់ហើយរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក លាវ ឈឺថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន ដែលជាការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋកម្ពុជា បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់ការចរចាដោយជោគជ័យនាពេលកន្លងមក ។
គម្រោងផ្លូវល្បឿនលឿននេះមានប្រវែង១៩០,៦៣គីឡូម៉ែត្រ ដែលមានទំហំទទឹង២៤ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនចិនជាទម្រង់ BOT ហើយគ្រោងនឹងចាប់ផ្ដើមនៅដើមឆ្នាំ២០១៨នេះ ។ ទោះបីយ៉ាងណា ការចាប់ផ្ដើមស្ថាបនាអាចនឹងចាប់អនុវត្តនៅឆ្នាំក្រោយ អាស្រ័យលើការដោះស្រាយផលប៉ះពាល់នានា។ នេះបើតាមមន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់កោះសន្តិភាព តាមរយៈទូរស័ព្ទកាលពីថ្ងៃទី១២ មករា ម្សិលមិញថា គម្រោងនេះនឹងចាប់ផ្ដើមនៅដើមឆ្នាំ២០១៨ ប៉ុន្តែបើនិយាយពីការចាប់ផ្ដើមសាងសង់ គឺអាចថានៅឆ្នាំក្រោយ ។
មន្ត្រីអ្នកនាំពាក្យរូបនេះបន្ដថា ៖« បើនិយាយពីគម្រោង គឺចាប់ផ្ដើមនៅថ្ងៃហ្នឹងក៏បានដែរ ប៉ុន្តែយើងនៅដោះស្រាយដីធ្លី ផ្ទះសម្បែងសិន បើឲ្យចាប់ផ្ដើមសាងសង់ដោយមានបុកគ្រឹះផ្សេងៗនៅក្នុងកិច្ចសន្យាអាចថា នៅឆ្នាំក្រោយៗទៀត លឿនឬយឺត គឺអាស្រ័យលើយើងសម្រួលផ្ទះ និងដីធ្លីបានសិន ។ បើយើងធ្វើលឿន គឺឆ្នាំក្រោយចាប់ផ្ដើមសាងសង់ តែបើយឺតគឺ២ឆ្នាំក្រោយៗទៀត ។ អីចឹង ទាល់តែយើងដោះស្រាយបញ្ហានេះរួចរាល់ឲ្យអស់ ទើបខាងក្រុមហ៊ុនគេចាប់ផ្ដើមសាងសង់ » ។
គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់ដោយវិនិយោគិនចិន តាមរូបភាពវិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ជាផ្លូវ៤គន្លង មានប្រវែងសរុប១៩០,៦៣គីឡូម៉ែត្រ ចេញពីរាជធានីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ ។ វាជាផ្លូវថ្មីទាំងស្រុង ដែលតួផ្លូវមានទទឹង២៤ម៉ែត្រ ក្រាលកៅស៊ូ AC មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស មានទីតាំងឈប់សម្រាក មានរបងបាំងសងខាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត ។
លោក វ៉ា ស៊ីមសូរិយា បន្តថា ៖« គម្រោងសាងសង់ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន ក្នុងទំហំទឹកប្រាក់ចំណាយរហូតដល់១.៩០០លានដុល្លារ ហើយលោកមិនអាចបញ្ជាក់បានទេថា ការសាងសង់នោះត្រូវចំណាយពេលអស់ប៉ុន្មានឆ្នាំទើបរួចរាល់ទេ ព្រោះការងារនេះស្ថិតនៅលើក្រុមហ៊ុនទទួលការសាងសង់ ប៉ុន្តែបើតាមបច្ចេកទេសប្រើរយៈពេល៤ឆ្នាំ តែត្រូវទុកពេល២ឆ្នាំសម្រាប់ដោះស្រាយរឿងដីធ្លី និងផ្ទះសម្បែង » ។
លោកបញ្ជាក់ថា សម្រាប់រយៈពេលការធ្វើដំណើរ លោកមិនអាចផ្ដល់ព័ត៌មានបានទេថាកាត់បន្ថយបានប៉ុន្មានភាគរយ ព្រោះវាស្ថិតនៅក្រោមការសិក្សារបស់គេ តែត្រូវធ្វើយ៉ាងណា ឲ្យការធ្វើដំណើរប្រើរយៈពេលលឿនបំផុត ។ លោកថា ៖« បើសិនយើងធ្វើដំណើរពីភ្នំពេញ ទៅព្រះសីហនុ ធម្មតាចំណាយពេលអស់៤ម៉ោង ប៉ុន្តែផ្លូវនេះអាចចំណាយពេលតែ២ម៉ោងទេ ក្នុង១៩០គីឡូម៉ែត្រ (បញ្ជាក់ជាឧទាហរណ៍) » ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រោយសាងសង់រួច ផ្លូវល្បឿនលឿននេះនឹងជួយសម្រួលដល់ការធ្វើដំណើរទៅមកពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុក្នុងរយៈពេលខ្លី និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ការកកស្ទះ សម្រួលដល់ការដឹកជញ្ជូនទំនិញ និងធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនកាន់តែប្រសើរ ។ លើសពីនេះទៀត ព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានផលចំណេញមិនអាចកាត់ថ្លៃបាន ពីការអភិវឌ្ឍច្រករបៀងភ្នំពេញ-ខេត្តព្រះសីហនុ ។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា ចង់អភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវតែកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយរាជរដ្ឋាភិបាលបាននិងកំពុងវិនិយោគលើវិស័យនេះ ប៉ុន្តែល្បឿននៃការអភិវឌ្ឍនៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យរាជរដ្ឋាភិបាលពន្លឿនការវិនិយោគលើវិស័យនេះបន្ថែមទៀត ព្រោះបញ្ហាប្រឈមរបស់កម្ពុជាបច្ចុប្បន្ន គឺការដឹកជញ្ជូននៅមានតម្លៃខ្ពស់ បើធៀបជាមួយប្រទេសក្នុងតំបន់ ។
លោកបន្តថា ៖« យើងត្រូវការវិនិយោគច្រើនថែមទៀត ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជារឿងចាំបាច់បំផុតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ » ៕