រាជធានីភ្នំពេញ ៖ វិស័យអចលនទ្រព្យនៅឆ្នាំ២០១៧កន្លងទៅនេះ បើទោះបីមានកំណើនថមថយជាងឆ្នាំ២០១៦បន្តិចក្តី តែសម្រាប់អ្នកជំនាញនៅតែមានភាពជឿជាក់ ។
ជាក់ស្តែង នៅឆ្នាំ២០១៨នេះ ទោះបីត្រូវនឹងឆ្នាំបោះឆ្នោតជាតិក៏ដោយ អ្នកជំនាញ ក៏ដូចជាមន្ត្រីក្រសួងរៀបចំដែនដីយល់ថា គ្មានអ្វីដែលអាចធ្វើឱ្យវិស័យនេះជួបបញ្ហា ឬថយចុះជាងឆ្នាំមុនៗទេ ។
លោកឧកញ៉ា ចេង ខេង នាយកក្រុមហ៊ុន CPL មានប្រសាសន៍ថា ៖« យើងមើលឃើញនៅពេលកន្លងមកនេះ វិស័យអចលនទ្រព្យកម្ពុជាមិនធ្លាក់ចុះទេ វាមានតែកើនឡើងជាបន្តបន្ទាប់។ យើងមើលគ្រាន់តែនៅដើមឆ្នាំ២០១៨នេះ គម្រោងអគារ៤២ជាន់ ក៏បង្ហាញការសាងសង់ឡើងវិញផងដែរ ។ ដូចនេះ វាជាសញ្ញាមួយធ្វើឱ្យវិស័យដីធ្លី ក៏ដូចជាវិស័យសំណង់កម្ពុជា គ្មានការធ្លាក់ចុះទេនៅឆ្នាំ២០១៨ វាមានតែកើនឡើង» ។
លោកឧកញ៉ាលើកឡើងថា ៖« តាមបទពិសោធន៍ ការអូសទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនវាលំបាក តែនៅពេលយើងអាចទាញមកបានហើយនោះ ពួកគាត់នឹងមិនងាយបញ្ឈប់ទៅវិញទេ ពីព្រោះការវិនិយោគពីអគារមួយទៅមួយបានធ្វើឱ្យដំណើរការគ្រប់ផ្នែកទាំងទីផ្សារ, តម្រូវការ និងអ្នកជំនាញ ខុសប្លែកពីពេលមិនទាន់បានបណ្តាក់ទុន។ ប្រសិនគាត់ជោគជ័យនៅក្នុងគម្រោងមួយហើយនោះ នឹងបន្តគម្រោងថ្មីទៅមុខ»។
លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 មានប្រសាសន៍ថា ៖« តាមទស្សនៈខ្ញុំផ្ទាល់ នៅឆ្នាំ២០១៨នេះ មើលឃើញថា នឹងប្រសើរឡើង ដោយសារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមានប្រមាណ៦,៩% ។ ដូចនេះ នៅពេលសេដ្ឋកិច្ចបន្តមានកំណើនខ្ពស់ មានន័យថា កំណើនកម្រិតជីវភាពក៏កើនឡើងដែរ ។ អីចឹង ផលប៉ះពាល់ផ្សេងៗក្នុងវិស័យអចលនទ្រព្យ វាដូចអត់មានទេ ដោយសារស្ថានភាពនយោបាយក៏ល្អ កំណើនសេដ្ឋកិច្ចក៏ល្អ » ។
លោកសង្កត់ធ្ងន់ថា ៖« យើងក្រឡេកមើលការទិញ-លក់ និងជួលក្នុងវិស័យអចលនទ្រព្យនៅដើមឆ្នាំ២០១៨នេះ វាមានសកម្មភាពដូចនឹងឆ្នាំ២០១៧ដែរ គឺមិនបានបង្ហាញការធ្លាក់ចុះទេ » ។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Groupបានថ្លែងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១ ធ្នូ កន្លងមកថា ៖« បើមើលឆ្នាំ២០១៨ យើងវិភាគជា២ចំណុច គឺសម្រាប់អតិថិជនក្នុងស្រុកមានសភាពនឹង ព្រោះខ្មែរយើងឲ្យតែពេលកៀកបោះឆ្នោត ពួកគេមានអារម្មណ៍ផ្សេង គាត់មិនខ្លាចទេ តែគាត់ផ្អាក ប៉ុន្តែបើអ្នកវិនិយោគបរទេសមិនផ្អាកទេ ពួកគេនៅតែបន្តវិនិយោគ ព្រោះអ្នកវិនិយោគបរទេសមិនគិតពីកត្តានៃការបោះឆ្នោតទេ ដោយសារពួកគេអាចយល់បានថា លទ្ធផលឆ្នោតយ៉ាងម៉េច គេអាចទស្សន៍ទាយបាន » ។
លោកបន្តថា ៖« អ្នកវិនិយោគបរទេស ពេលពួកគេវិនិយោគនៅកម្ពុជា ពួកគេបោះទុនទាប ឧទាហរណ៍ ពួកគេទិញខុនដូនៅកម្ពុជា ទំហំដូចគ្នា គេទិញក្នុងតម្លៃ២០ម៉ឺនដុល្លារ តែបើទិញនៅស្រុកគេ ឬប្រទេសជិតខាងយើង ខុនដូទំហំដូចគ្នា មានតម្លៃរហូតដល់៤០ម៉ឺនដុល្លារ ឬជាង១លានដុល្លារ ដូច្នេះ ពួកគេបោះទុននៅស្រុកខ្មែរអស់តិច » ។
លោកឧកញ៉ាបានបន្តថា ៖« យើងចង់បានអ្នកវិនិយោគបែបហ្នឹង ព្រោះដូចជាការចាក់កៅឪអីចឹង គេមើលឃើញស្រុកខ្មែរមានស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចល្អ អីចឹង ការបោះទុន៣០ទៅ៤០ម៉ឺនដុល្លារនៅកម្ពុជា ពួកគេមិនខ្លាចទេ ដោយសារកម្ពុជាមានស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចបន្តទៀត។ កត្តាជោគជ័យនោះ គឺកំណើនសេដ្ឋកិច្ចហ្នឹងហើយ » ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន កម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងផងដែរថា ការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចបែបនេះ វិស័យអចលនទ្រព្យនឹងរីកចម្រើនរយៈពេលវែងបន្ថែមទៀត ហើយការបោះឆ្នោតនៅឆ្នាំ២០១៨ នឹងមិនរងផលប៉ះពាល់ទេ ។ អ្នកវិនិយោគក្នុងវិស័យនេះកំពុងបន្តវិនិយោគ ដោយសារមើលឃើញការរីកចម្រើន និងស្ថិរភាពសង្គមសម្រេចបាន ។
លោកបន្តថា ៖« បើពួកគេខ្លាច ពួកគេមិនវិនិយោគទេ ព្រោះការវិនិយោគក្នុងវិស័យនេះចំណាយថវិកាធំណាស់ ។ ពួកគេមិនមែនចេះតែប្រថុយប្រថានទេ » ។
ទោះជាយ៉ាងណា លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ការបោះឆ្នោតឆ្នាំ២០១៨ គ្មានសញ្ញាណាមួយអាក្រក់ទេ ប៉ុន្តែបើឲ្យនិយាយចំ ថាមិនប៉ះពាល់ វាមិនពិតទេ តែវាប៉ះពាល់មួយរយៈខ្លីប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតចប់ និងរៀបចំរាជរដ្ឋាភិបាលថ្មី វិស័យនេះនឹងមានសន្ទុះខ្លាំងឡើងវិញ ដោយសារកំណើនសេដ្ឋកិច្ច កំណើនប្រជាសាស្ត្រ និងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតែបន្តកើនឡើង ។
លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ៖« វិស័យសំណង់កម្ពុជាឈានចូលមកដល់ឆ្នាំ២០១៨ ខ្ញុំនៅតែសង្ឃឹមលើវិស័យមួយនេះ ។ អ្វីដែលយើងក្តាប់បាន គឺវិស័យសំណង់នឹងនៅតែវិវត្តដដែល ផ្អែកលើហេតុផលថា រហូតមកដល់ពេលនេះ អ្នកវិនិយោគ ប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចនៅក្រៅប្រទេស បានងាកមកដាក់ទុនវិនិយោគលើវិស័យសំណង់ ជាពិសេស ដីធ្លី និងអចលនទ្រព្យ » ។
លោកលើកឡើងថា ៖« តាមការស្រង់ទិន្នន័យពីនាយកដ្ឋានសំណង់ ក៏បានបញ្ជាក់ច្បាស់ថា នៅមានគម្រោងធំៗជាច្រើន ដែលក្រសួង និងមន្ទីររាជធានី-ខេត្តកំពុងតែពិនិត្យនៅតាមសាលាក្រុង-ស្រុក-ខណ្ឌ ដែលទទួលបានប្រតិភូកម្មអំណាចនៅមានគម្រោងប្លង់ កំពុងពិនិត្យគម្រោងស្នើសុំអាជ្ញាប័ណ្ណសាងសង់អគារធំៗ និងសំណង់លំនៅឋានប្រជាពលរដ្ឋ ។ អីចឹង ខ្ញុំនៅតែមានសង្ឃឹមដដែល » ។
លោកបញ្ជាក់ថា ៖« នៅឆ្នាំ២០១៨ ខ្ញុំមើលឃើញគម្រោងធំៗជាច្រើនទៀតដែលត្រូវសាងសង់នៅទីក្រុងភ្នំពេញ ជាពិសេសនៅខេត្តព្រះសីហនុ មានច្រើននៅទីនោះ ។ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ទៅលើការវិនិយោគវិស័យសំណង់អគារនៅកម្ពុជា ព្រោះការផ្គត់ផ្គង់លំនៅឋាននៅតែមានតម្រូវការ ។ តម្រូវការអគារការិយាល័យនៅតែមាន ព្រោះកំណើនប្រជាជន កាន់តែកើន ហើយភ្ញៀវបរទេសកាន់តែចូលមកច្រើន។ ដូច្នេះ តម្រូវការស្នាក់នៅ គឺនៅតែមានដដែល ព្រោះកម្លាំងទិញធំ គឺនៅលើផ្នែកអគារការិយាល័យ អគារស្នាក់នៅរួម និងអគារជួល។ ទាំងនេះជាចំណុចទាក់ទាញមួយដ៏ធំសម្រាប់ឆ្នាំ២០១៨ខាងមុខ » ។
ធនាគារពិភពលោកបានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៨ គឺនៅតែល្អប្រសើរដដែល ដោយធនាគារនេះបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្មើ៦,៩% គាំទ្រដោយវិស័យទេសចរណ៍ សេវាកម្ម សំណង់ និងកាត់ដេរ ។ ទោះជាយ៉ាងណា ធនាគារពិភពលោក ក៏បានផ្ដល់ជាទស្សនទានមួយចំនួនផងដែរ ដើម្បីឲ្យកម្ពុជាសម្រេចបាននូវកំណើននេះ ក្នុងនោះកម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់រចនាសម្ព័ន្ធឲ្យបានកាន់តែស៊ីជម្រៅជាងនេះបន្ថែមទៀត ដែលជួយដោះស្រាយថ្លៃចំណាយខ្ពស់លើអគ្គិសនី និងភស្តុភារ ព្រមទាំងគម្លាតនៃជំនាញ ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិន្នន័យសំណង់ទូទាំងប្រទេស មានចំនួនសរុបជាង៣.០០០គម្រោង មានផ្ទៃក្រឡាជាង១០លានម៉ែត្រការ៉េ ក្នុងតម្លៃប៉ាន់ស្មានទុនវិនិយោគជាង៦.៤២៨លានដុល្លារ ។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ មានជាង២.០០០គម្រោង មានផ្ទៃក្រឡាសាងសង់សរុបជាង១១លានម៉ែត្រការ៉េ និងមានទុនវិនិយោគប៉ាន់ស្មានជាង៥.២៥៦លានដុល្លារ កើនឡើងប្រមាណ២២,៣១% ៕