បើនិយាយពីការវិនិយោគផ្ទាល់ពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ហាក់បីដូចជានៅតែមានសញ្ញាវិជ្ជមានល្អគួរឲ្យកត់សម្គាល់ដដែល។ សញ្ញាល្អដោយសារតែលំហូរទុនវិនិយោគមកពីបរទេស មកធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា នៅតែមានកំណើនល្អប្រសើរជាមួយនឹងទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក។
ការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា នៅរយៈពេលពេញមួយឆ្នាំ ឆ្នាំ២០១៧ មានទឹកប្រាក់វិនិយោគចំនួនប្រមាណជាង ៥ពាន់ ២០០លានដុល្លារអាមេរិក ពោលគឺបានកើនឡើងប្រមាណជាង ៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦ ដែលការវិនិយោគផ្ទាល់ពីបរទេស មានទឹកប្រាក់ចំនួនជាង ៣ពាន់ ៦លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ផ្លូវការមួយ ដែលសារព័ត៌មាន ខេមបូណូមីស ទទួលបានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ី ឌី ស៊ី កាលពីថ្ងៃទី១០ មករា ២០១៨នេះ។
អ្វីដែលគួរឲ្យកត់សម្គាល់ជាងគេនោះ គឺនៅក្នុងឆ្នាំ២០១៧ ដែលទើបតែបិទបញ្ចប់ទៅថ្មីៗនេះ បានបង្ហាញថា ក្នុងចំណោមប្រទេសនិងតំបន់ស្វយ័តពិសេសទាំង១០ ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា គឺប្រទេសចិន។
ចិននៅតែដណ្តើមតំណែងលេខ១ ដែលបានបោះទុនវិនិយោគច្រើនជាងគេបង្អស់នៅប្រទេសកម្ពុជា ដែលតម្លៃទឹកប្រាក់វិនិយោគជាង ១ពាន់ ៤០០លានដុល្លារអាមេរិក។
ខាងក្រោមនេះគឺជាប្រទេសនិងតំបន់ស្វយ័តពិសេសទាំង១០ ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ក្នុងឆ្នាំ២០១៧៖
នៅក្នុងឆ្នាំ២០១៧ ប្រទេសនិងតំបន់ទាំងអស់នេះ ភាគច្រើន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតផ្តល់ភ្លើងខៀវ វិនិយោគនៅក្នុងវិស័យ ៤សំខាន់ៗ មានដូចជា វិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យសេវាកម្ម និងវិស័យទេសចរណ៍។
បើនិយាយដោយឡែក នៅក្នុងរយៈពេលពេញ១ឆ្នាំ ឆ្នាំ២០១៧ ការវិនិយោគដោយផ្ទាល់របស់ប្រទេសម្ចាស់ស្រុកយើង កម្ពុជាផ្ទាល់ មានទឹកប្រាក់វិនិយោគកើនឡើងយ៉ាងគំហុកតែម្តង គឺមានទឹកប្រាក់វិនិយោគប្រមាណជាង ៣ពាន់ ១២៤លានដុល្លារអាមេរិក ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ មានទឹកប្រាក់វិនិយោគត្រឹមតែ ៩៤១លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
និយាយរួម ការវិនិយោគផ្ទាល់នៅក្នុងស្រុកខ្មែរ តែងតែច្រើនជាងគេ ដឹកមុខគេជានិច្ច បើធៀបនឹងការវិនិយោគផ្ទាល់ពីបរទេស។
ជុំវិញសំណួរនេះ ត្រូវបានវិនិយោគិនដ៏ល្បីក្នុងស្រុករូប គឺលោកឧកញ៉ា សៀ ឫទី្ធ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន វើលប្រ៊ីដ គ្រុប បានលើកឡើងថា កម្ពុជាជាតារា ជាប្រទេសដែលកំពុងតែរះនៅក្នុងតំបន់ និងជាគោលដៅដ៏ល្អសម្រាប់វិនិយោគ។ ហើយជាប្រទេសស្ថិតនៅចំកណ្តាលនៃបណ្តាប្រទេសអាស៊ាន ជាមួយនឹងកំណើនសេដ្ឋកិច្ចល្អ ធនធានមនុស្សកម្លាំងវ័យក្មេងច្រើន។
ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា ទាំងវិនិយោគិនក្នុងស្រុកនិងបរទេសនៅតែមានទំនុកចិត្តបោះទុនរាប់រយលានដុល្លារអាមេរិក ធ្វើការវិនិយោគនៅកម្ពុជា។
បើតាមឯកឧត្តម សុខ ចិន្តាសោភា ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានបញ្ជាក់អះអាងថា កម្ពុជាមិនត្រូវអង្គុយរង់ចាំអ្នកវិនិយោគចូលមកបណ្តាក់ទុននៅកម្ពុជានោះទេ យើងត្រូវតែធ្វើការផ្សព្វផ្សាយលក់ពីផលិតផល ពីគម្រោងដែលកម្ពុជាយើងមាន។ យើងត្រូវចេញលក់ ដើរគោះទ្វារស្វែងរកអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុននៅប្រទេសកម្ពុជាយើង។
ឯកឧត្តមបានបញ្ជាក់ថា ភាពអំណោយផលក្នុងការទាក់ទាញវិនិយោគិនបរទេស គឺបានមកពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចល្អ។
ដោយឡែកលោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ី ភី អិល ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេមួយនៅកម្ពុជា បានលើកឡើងថា ទោះបីជាទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា ទទួលបាននូវភាពល្អប្រសើរយ៉ាងណាក៏ដោយ ប៉ុន្តែ កម្ពុជាត្រូវតែខិតខំប្រឹងប្រែងជាបន្តសម្រាប់ការកែលម្អបរិយាកាសវិនិយោគឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់ប្រទេសកម្ពុជា។
អ្នកជំនាញបានបញ្ជាក់ថា កម្ពុជានៅមានចំណុចខ្សោយមួយចំនួនដែលត្រូវដោះស្រាយបន្ទាន់ មានដូចជា បញ្ហាការផ្គត់ផ្គង់អគ្គិសនីនៅមិនទាន់បានគ្រប់គ្រាន់សម្រាប់អ្នកវិនិយោគកម្រិតធុនធ្ងន់ (ដែលទាមទារឲ្យមានអគ្គិសនីមានគុណភាព) ហើយតម្លៃក៏នៅខ្ពស់ បើធៀបនឹងប្រទេសជិតខាង នីតិវិធីរដ្ឋបាលផ្សេងៗ មានភាពស្មុគស្មាញ និងជួនកាល ប្រើពេលវេលាយូរ និងប្រព័ន្ធដឹកជញ្ជូន ឡូជីកស្ទិក នៅមានភាពខ្វះខាត។
អ្នកជំនាញសេដ្ឋកិច្ច ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថា ជាការពិតណាស់ ការហូរចូលនៃការវិនិយោគពីប្រទេសចិន ក៏បានធ្វើឲ្យកម្ពុជា បាននិងកំពុងមានការវិវឌ្ឍខ្លួនស្ទើរតែគ្រប់វិស័យ ហើយបើនិយាយតាមទ្រឹស្ដីសេដ្ឋកិច្ចវិញ កំណើនវិនិយោគដ៏លឿនរហ័សនេះ គឺបានបង្ហាញពីភាពទាក់ទាញរបស់កម្ពុជា ក្នុងក្រសែភ្នែកវិនិយោគិនបរទេស។
ទោះយ៉ាងណា ឯកឧត្តមគូសបញ្ជាក់ថា ការកើនឡើងយ៉ាងគំហុកនៃការវិនិយោគពីក្រៅប្រទេស ពិសេសពីប្រទេសចិននេះ ក៏បានធ្វើឲ្យអារម្មរណ៍របស់ប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភ និងមន្ទិលក្នុងចិត្តខ្លះៗផងដែរ។
ដូច្នេះ លោកថា ដើម្បីកុំឲ្យប្រជាពលរដ្ឋមានមន្ទិល ឬព្រួយបារម្ភចំពោះការហូរចូលយ៉ាងគំហុកនៃការវិនិយោគពីក្រៅប្រទេសនេះ រាជរដ្ឋាភិបាលគួរតែមានយន្ដការសមស្របណាមួយ ដើម្បីគ្រប់គ្រងលំហូរវិនិយោគពីក្រៅប្រទេសនេះ ហើយវិនិយោគិនបរទេសទាំងនោះទៀតសោត ក៏ត្រូវតែមានឆន្ទៈក្នុងការបង្ហាញជាសាធារណៈ ចំពោះព័ត៌មានអំពីគម្រោងអភិវឌ្ឍន៍របស់ខ្លួន ដើម្បីបញ្ជៀសនូវការមន្ទិលសង្ស័យពីសាធារណជន៕