Hot line: +855 (0)99 283 388
● You are in: Media > Detail News
គម្រោងលំនៅដ្ឋានកំពុងមានប្រជាប្រិយភាពខ្លាំងនៅជ្រោយចង្វារ
Date: 2018-01-14

ភ្នំពេញៈ ខណៈពេលដែលការអភិវឌ្ឍន៍អចលនទ្រព្យនៅរាជធានីភ្នំពេញនៅតែបន្តរីកចម្រើន ការ​យក​​ចិត្តទុកដាក់លើដីធ្លី និង​លំនៅដ្ឋាន​នៅជាយក្រុងមួយ​ចំនួនទៀត​ដូចជា​ជ្រោយ​ចង្វារ​ក៏បាន​កើនឡើង​យ៉ាងខ្លាំងដែរ។

ជ្រោយចង្វារដែលស្ថិតនៅក្នុងតំបន់ភាគឦសានរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ ៦អា បាន​នឹងកំពុងក្លាយជាតំបន់ពេញនិយមសម្រាប់គម្រោងលំនៅដ្ឋាន ពិសេស សម្រាប់​គ្រួសារ​ដែល​ស្វែង​រកការរស់នៅបែបស៊ីវីល័យ មានហេដ្ឋារចនាសម្ព័ន្ធ និងអាកាសធាតុល្អប្រសើរ។

គម្រោងបុរីជាច្រើនបានលេចឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីអ្នក អភិវឌ្ឍន៍​បាន​ស្វែង​រកទិញដី ដើម្បីរៀបចំការអភិវឌ្ឍន៍របស់ពួកគេ។

គម្រោងបុរីធំៗមួយចំនួន ដូចជា  បុរីផ្លររ៉ា, បុរីមេគង្គរ៉ូយ៉ាល់ បុរីអ័រគីដេវីឡា និង​បុរីប៉េងហ៊ួត​ជាដើម​ក៏បាន​ចាប់ អារម្មណ៍វិនិយោគនៅជ្រោយចង្វារផងដែរ។

មែនទែនទៅភាពទាក់ទាញរបស់ជ្រោយចង្វារ គឺ ទីតាំងនឹងការតភ្ជាប់ជាយុទ្ធសាស្រ្តរបស់វា ទៅ​កាន់​ខេត្ត​សំខាន់ៗមួយចំនួន ដូចជា កំពង់ចាម កំពង់ធំ និងខេត្ដសៀមរាប។

លើសពីនេះ ទន្លេពីរស្ថិតនៅសងខាងតំបន់ជ្រោយចង្វារផ្តល់​នូវបរិយាកាស​ធម្មជាតិ​ល្អប្រណិត​ផង​ដែរ​សម្រាប់តំបន់មួយនេះ។

លោក ចេង សុធា អតិថិជនម្នាក់ដែលបានទិញផ្ទះវីឡា​មួយនៅ​បុរីមេគង្គ​រ៉ូយ៉ាល់​បាន​និយាយ​ថា​ជ្រោយចង្វារ​ គឺជាកន្លែងដ៏ល្អសម្រាប់ការរស់នៅពីព្រោះវាមានផ្លូវធំទូលាយដែលគ្មានបញ្ហា កកស្ទះ​ចរាចរ​ខុសពីកណ្តាលរាជធានីភ្នំពេញ។

លោក សុធា ជឿជាក់ថា ជាមួយគម្រោងធំៗមួយចំនួនដូចជា ពហុកីឡាដ្ឋាន​ដែល​ផ្តល់​មូលនិធិ​ដោយ​ប្រទេសចិន និង​សួនសត្វ​ដ៏ធំបំផុត​របស់កម្ពុជា​នៅទីនោះ​លោករំពឹងថា​នឹងទទួល​បានផល​ចំណេញ​ពីការវិនិ​យោគរបស់លោកនៅតំបន់ជ្រោយចង្វារ។

ទន្ទឹមនេះ លោក តេង រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Property Investment Realty Partner បាន​លើក​ឡើងពីការអភិវឌ្ឍន៍នៅតំបន់នេះថាជ្រោយចង្វារគឺជាតំបន់កំពុងរីកចម្រើន យ៉ាងឆាប់រហ័ស ហើយ​បានទាក់ទាញគម្រោងបុរីដ៏ល្បីល្បាញ និងក្រុមហ៊ុនធំៗ ដើម្បីវិនិយោគលើគម្រោងលំនៅដ្ឋាន និង​ពាណិជ្ជកម្ម។

លោកជឿជាក់ថា ការអភិវឌ្ឍន៍នៅក្នុងតំបន់នេះកំពុងទាក់ទាញប្រជាជន​ដែលមាន​ប្រាក់​ចំណូល​លើ​មធ្យម និងចំណូលខ្ពស់ ដើម្បីទិញ​អចលនទ្រព្យនៅទីនោះ​ហើយតំបន់នេះ​កំពុងអភិវឌ្ឍន៍​ជាមជ្ឈមណ្ឌល​សម្រាប់ការស្នាក់នៅការិយាល័យ ពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។

ដូចគ្នាដែរ លោក យឹម សុជាតិ នាយកក្រុមហ៊ុន CDN មានប្រសាសន៍ថា ខណៈ​ពេលដែល​ការអភិវឌ្ឍន៍​លំនៅឋានភាគច្រើន​នៅតំបន់ជាយក្រុងដទៃទៀត​ត្រូវបានរៀបចំ​ឡើង​ដើម្បីផ្ដោត​លើ​គ្រួសារ​​ដែលមានប្រាក់ចំណូលមធ្យម លំនៅដ្ឋាននៅជ្រោយចង្វារត្រូវបានបង្កើតឡើង សម្រាប់​គ្រួសារ​ដែលមានចំណូលលើមធ្យម និងចំណូលខ្ពស់។

ម្យ៉ាងវិញទៀតតំបន់នេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងមានលក្ខណៈស៊ីវិល័យច្រើនជាងតំបន់​ជាយ​ក្រុង​ដទៃទៀតនៅក្នុងរាជធានីភ្នំពេញ។

ទាក់ទងនឹងតម្លៃដី លោក សុជាតិ បានឲ្យដឹងថា តម្លៃដីធ្លីនៅជ្រោយចង្វារ បាន​កើន​ឡើង​គួរឱ្យ​កត់​សម្គាល់​ពោល គឺកើនឡើង ៣០០ ភាគរយបើប្រៀបធៀបទៅនឹង បួនឆ្នាំមុន។

ដីធ្លីក្នុងរង្វង់ ២គីឡូម៉ែត្រ ពីស្ពានជ្រោយចង្វារ ត្រូវ​បានគេប៉ាន់ប្រមាណ​ថា​ មានតម្លៃ​ចន្លោះពី​១២០០​ទៅ​ ២០០០ដុល្លារ ក្នុង១ម៉ែត្រ​ការ៉េ នៅក្នុងតំបន់លំនៅដ្ឋាន ហើយចន្លោះពី២០០០ ទៅ ៤៥០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់ពាណិជ្ជកម្មសំខាន់ៗ។

យ៉ាងណាក៏ដោយតម្លៃដីចម្ងាយលើសពី ២គីឡូម៉ែត្រ​ពីស្ពាន​មាន​តម្លៃតែ​៤០០ទៅ​៦០០ដុល្លារ​ប៉ុណ្ណោះ​ក្នុងមួយម៉ែត្រការ៉េ  ហើយតម្លៃដី​ចាប់ពីស្ពានទី១ (ព្រែកលាភ) ​ទៅ​មាន​តម្លៃពី​៥០​ទៅ​២០០ដុល្លារ​សម្រាប់ដីធំៗ ដែលអាចធ្វើការអភិវឌ្ឍន៍បាន។

លោក សុជាតិ បន្តថា «ហេតុផលដែលនាំឱ្យ​មាន​ការកើនឡើង​តម្លៃដីធ្លី​នៅជ្រោយ​ចង្វារ​គឺដោយសារ​តែមាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរីល្បី​ល្បាញ​បាន​ប្រមូល​ផ្តុំនៅ​តំបន់​នោះ​ហើយ​បាន​ទិញដី​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ជាច្រើន»។

ម្យ៉ាងទៀតគម្រោងអភិវឌ្ឍន៍ធំៗចំនួនពីរ គឺទីក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC  និងកិច្ច​សហ​ប្រតិ​បត្តិការរបស់ក្រុមហ៊ុន LYP Group និង China Minsheng Investment Group ដើម្បី​បង្កើត​ទីក្រុងរណប លីយ៉ុងផាត់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញគម្រោងបុរីនៅ​ទីនោះ​។ គម្រោង​បុរីទាំងអស់នេះ ហើយដែលបានជំរុញឱ្យតម្លៃដីកើនឡើងខ្លាំងនៅជ្រោយចង្វារ។

លើសពីនេះទៅទៀត OCIC ក៏គ្រោងនឹងសាងសង់​ស្ពានបេតុងថ្មី​តម្លៃ៣៥លាន​ដុល្លារ​ឆ្លង​កាត់​ទន្លេ​សាប​​ចាប់ពីស្ថានីយ៍​ប្រេង​សាំង​សូគីម៉ិច​នៅឫស្សីកែវ​ទៅសង្កាត់​ព្រែកតាសេក​ខណ្ឌ​ជ្រោយ​ចង្វារ​។

គេជឿថា ស្ពានថ្មីដែលគ្រោងសាងសង់ដោយ OCIC នឹងមិនត្រឹមតែជួយកាត់បន្ថយ ការកក​ស្ទះ​ចរាចរ​​នៅពេលឆ្លងកាត់ស្ពានជ្រោយចង្វារប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយជំរុញឱ្យតម្លៃ ដីធ្លី​នៅ​ក្នុង​តំបន់​កើនឡើងថែមទៀតផងដែរ។

សរុបមកវិញតំបន់ជ្រោយចង្វារ គឺជាតំបន់ប្រកបដោយសក្ដានុពលខ្លាំងនៅពេលបច្ចុប្បន្ន និង​ទៅអនាគត​ ដោយសារតែមានបរិយាកាសធម្មជាតិ អំណោយផលអមដោយទន្លេរពីរ នៅសងខាង ហេដ្ឋា​រចនាសម្ព័ន្ធល្អប្រសើរ ព្រមទាំងមានគម្រោងទីក្រុងរណប និងបុរីល្បីៗជាច្រើននៅទីនោះ៕

Source From: https://www.business-cambodia.com
Share
Our Partners