ក្រុមអ្នកជំនួញនិងអ្នកជំនាញសេដ្ឋកិច្ចល្បីៗនៅកម្ពុជា បានបង្ហាញនូវទស្សនៈវិជ្ជមានជុំវិញវត្តមានរបស់នាយករដ្ឋមន្ត្រី លោក លី ខឺឈាង ជាមន្ត្រីលំដាប់កំពូលមួយរូបរបស់ប្រទេសមហាអំណាចពិភពលោក គឺប្រទេសចិន ដែលនឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។
ការទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង នៅកម្ពុជា គឺធ្វើឡើងបន្ទាប់ពីការបញ្ចប់នូវកិច្ចប្រជុំមេគង្គឡានឆាង នៅថ្ងៃទី១០ ខែមករា ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាសហប្រធានដឹកនាំកិច្ចប្រជុំសហប្រតិបត្តិការកំពូលមេគង្គ-ឡានឆាងលើកទី២។
ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនរូបនេះ ក៏បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកជំនួញធំៗនៅក្នុងស្រុកផងដែរ ខណៈដែលពួកគេបានអះអាងថា ការមកដល់នៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនរូបនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា ក្នុងការទាញយកប្រយោជន៍ពីមហាមិត្តចិន ពិសេស គឺផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មតែម្ដង។
ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថា ការមកដល់របស់លោកនាយករដ្ឋមន្ត្រីចិននៅកម្ពុជា គឺជាកិត្តិយសមួយសម្រាប់កម្ពុជា ហើយក៏ជាឱកាសសម្រាប់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចពាណិជ្ជកម្ម ខណៈដែលបច្ចុប្បន្នប្រទេសចិន គឺជាប្រទេសមួយមានការវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍកម្ពុជាខ្លាំងជាងគេ។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ជាធម្មតា ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗបែបនេះ មិនដែលមកដោយដៃទទេរនោះទេ ពោលគឺ ពួកគេរមែងពាំនាំនូវឱកាសពាណិជ្ជកម្មទ្វេភាគីជាច្រើនផងដែរ។
យ៉ាងណាក៏ដោយ ឯកឧត្តម ម៉ី កល្យាណ ក៏បានគូសបញ្ជាក់ដែរ អ្នកជំនួញក៏ដូចជាវិនិយោគិនក្នុងស្រុក និងរាជរដ្ឋាភិបាល ត្រូវតែមានភាពវៃឆ្លាតនិងគិតគូរឲ្យបានវែងឆ្ងាយ ក្នុងការទាញយកប្រយោជន៍នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិនលើកនេះ ព្រោះ គ្មានវិនិយោគិនណា ឬរដ្ឋាភិបាលណា គិតពីប្រយោជន៍ប្រទេសដទៃ ច្រើនជាងប្រយោជន៍ប្រទេសជាតិខ្លួនឯងនោះទេ។
ដូច្នេះ វិនិយោគិន ក៏ដូចជារាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់ថែមទៀតក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយអន្តរជាតិ មិនមែនមានតែចិនមួយនោះទេ ដើម្បីទាញប្រយោជន៍មកធ្វើការពង្រីកការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group បានលើកឡើងដែរថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងកម្ពុជាជាមួយអន្តរជាតិ បានបង្ហាញនូវភាពល្អប្រសើរច្រើនទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច ពាណិជ្ជកម្ម ពិសេស គឺទំនាក់ទំនងជាមួយប្រទេសមហាមិត្តចិនតែម្ដង ខណៈដែលការវិនិយោគធំៗជាច្រើន គឺហូរចូលមកពីប្រទេសចិន។
យ៉ាងណាមិញ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិនមកកាន់កម្ពុជានៅក្នុងសប្តាហ៍នេះ លោកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ថា គឺជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា ពិសេស អ្នកវិនិយោគក្នុងស្រុកក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មឲ្យកាន់តែស្អិតល្មួតថែមទៀត។
លោកឧកញ៉ាបានបន្ថែមទៀតថា បើគ្មានទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរនោះទេ នោះក៏គ្មានដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ចិន មកជាន់ទឹកដីកម្ពុជានោះដែរ។ មិនតែប៉ុណ្ណោះ ការគាំទ្រពីរាជរដ្ឋាភិបាលនេះហើយ ដែលជាស្ពានចម្លងដ៏រឹងមាំ និងកក់ក្ដៅបំផុតមួយ សម្រាប់វិនិយោគិនក្នុងស្រុក ហ៊ានវិនិយោគនៅក្រៅប្រទេស ហើយប្រទេសកម្ពុជានិងចិន បានពង្រឹងកិច្ចសហប្រតិបត្តិការនេះ បានយ៉ាងល្អបំផុត។
ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល បានបញ្ជាក់ដែរថា ការដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំកំពូលដែលមានថ្នាក់ដឹកនាំប្រទេសផ្សេងៗចូលរួម បានឆ្លុះបញ្ចាំងពីស្ថិរភាព ភាពរីកចម្រើន អភិវឌ្ឍន៍របស់កម្ពុជា និងក៏ជាការបង្ហាញថ្នាក់ដឹកនាំកំពូលរបស់ប្រទេសផ្សេងៗ ពីកាលានុវត្តភាពរបស់កម្ពុជា ក្នុងការវិនិយោគនិងធ្វើពាណិជ្ជកម្ម។
ជុំវិញដំណើរទស្សនកិច្ចរបស់មន្ត្រីលំដាប់កំពូលរបស់ចិនរូបនេះដែរ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បញ្ជាក់ថា គឺជាការឆ្លុះបញ្ចាំងពីសម្ព័ន្ធភាព កិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃប្រទេសទាំងពីរ។
លោកឧញ៉ាបានបន្ថែមថា ដំណើរទស្សនកិច្ចនេះក៏នឹងពង្រឹងបន្ថែមនូវទំនុកចិត្តវិនិយោគ និងទុនវិនិយោគ របស់វិនិយោគិនចិននៅក្នុងប្រទេសកម្ពុជា ជាពិសេស ក្នុងវិស័យសំណង់ អចលទ្រព្យផងដែរ ខណៈដែលបច្ចុប្បន្ន ការវិនិយោគពីក្រៅប្រទេសមកកាន់កម្ពុជា (FDI) ចិននៅតែឈរក្នុងលំដាប់ជួរមុខគេបង្អស់។
មិនតែប៉ុណ្ណោះ ក្រោយពីដំណើរទស្សនកិច្ចនេះ លោកឧកញ៉ា នួន រិទ្ធី ជឿជាក់ថា វិស័យទេសចរណ៍របស់កម្ពុជាក៏នឹងកាន់តែមានភាពប្រសើរឡើងផងដែរ ព្រោះថា បច្ចុប្បន្ន កំណើនទេសចរជនជាតិ បានសម្រុកហូរចូលមកកម្ពុជាកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ដែលវាស្របទៅតាមគោលនយោបាយគាំទ្រពីរាជរដ្ឋាភិបាលប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយក ក្រុមហ៊ុននាំចេញអង្ករមេគង្គ អូរីហ្សាត្រេឌីង បានលើកឡើងថា វត្តមាននាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង មកកាន់កម្ពុជានេះ ជាការធ្វើឲ្យកាន់តែប្រសើរឡើងសម្រាប់កម្ពុជា ទាំងការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការជំរុញការនាំចេញកសិផលទៅចិន។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានគម្រោងចុះហត្ថលេខាជាមួយរដ្ឋាភិបាលចំនួនជាង១០ គម្រោង និងវិស័យឯកជនទាក់ទងនឹងវិស័យកសិកម្ម ចំនួនជាង២០ ក្រុមហ៊ុនផងដែរ។
សូមជម្រាបដែរថា តាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាលើកនេះ លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង នឹងចូលជួបប្រជុំទ្វេភាគីជាមួយនឹងសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងមានការចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ។
មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ នឹងប្រកាសជាផ្លូវការអំពីគម្រោង ដំណើរនៃក្ដីស្រឡាញ់ពីបេះដូង នៅកម្ពុជា ក្រោមការផ្ដល់ជំនួយឥតសំណងពីមហាមិត្តចិន សម្រាប់ការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាប ផងដែរ។
របាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតត្រឹម១១ខែ ឆ្នាំ២០១៧កន្លងទៅ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិន មានប្រមាណជាង ៦៣៣លានដុល្លារអាមេរិក ខណៈដែលការនាំចូលទំនិញពីចិនមកកម្ពុជាវិញមានប្រមាណ ជាង ៤៤០០លានដុល្លារអាមេរិក។ ដោយឡែក ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាចិន នៅឆ្នាំ២០១៦ មានប្រមាណជាង ៤៨០០លានដុល្លារ៕