ភ្នំពេញ៖ តំបន់ទីក្រុង និងទីប្រជុំជននៅកម្ពុជា ចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០៣០ ត្រូវការលំនៅឋានប្រមាណ ៨០ម៉ឺន ដែលគិតជាមធ្យមក្នុងមួយឆ្នាំមានចំនួន ៥ម៉ឺនលំនៅឋាន។ នេះបើតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវបានលើកឡើងដោយលោក ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងមួយនេះ កាលពីខែធ្នូឆ្នាំ២០១៧ នៅក្នុងពិធីបើកគម្រោងសាងសង់ផ្ទះបុរីមួយកន្លែងនៅភ្នំពេញ។
បើតាម លោក ប៉ែន សុផល ចំនួនប្រជានជនរស់នៅក្នុងរាជធានី ក្រុង និងទីប្រជុំជននៅក្នុងឆ្នាំ២០១៤ មានចំនួនប្រមាណ ៤,៥លាននាក់ ស្មើ ២៧ភាគរយ ហើយនឹងបន្តកើនឡើងដល់ ៧,៩២លាននាក់ ត្រូវជា ៤៤ភាគរយនៅឆ្នាំ២០៣០ ។ លោកបន្ថែមថា ផ្អែកតាមទិន្នន័យនេះ ក្នុងរយៈពេល១៥ឆ្នាំ ពីឆ្នាំ២០១៥ដល់ឆ្នាំ២០៣០ តម្រូវការលំនៅឋានសម្រាប់តំបន់រាជធានីភ្នំពេញ ក្រុង និងទីប្រជុំជនមានប្រមាណ ៨០ម៉ឺនលំនៅឋាន ដែលគិតជាមធ្យមមានតម្រូវការ ៥ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ។
ដើម្បីឆ្លើយនឹងកំណើនខាងលើនេះ ក្រសួងកំពុងអនុវត្តគោលនយោបាយជាតិស្ដីពីការរៀបចំដែនដី ក្នុងការកសាងផែនការរៀបចំដែនដី ប្លង់គោល និងផែនការប្រើប្រាស់ដីគ្រប់កម្រិត និងគោលនយោបាយជាតិស្ដីពីលំនៅឋាន ឲ្យស្របតាមតម្រូវការនៃការរីកលូតលាស់ផ្នែកនគរូបនីយកម្ម និងកំណត់តំបន់ទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍក្រុង ពង្រីកក្រុង តំបន់ស្នាក់នៅ និងជាពិសេសលំនៅឋានតម្លៃសមរម្យ។ នេះជាការលើកឡើងរបស់លោក ប៉ែន សុផល ។
ការវិនិយោគក្នុងវិស័យសំណង់ក្នុងឆ្នាំ២០១៧ កន្លងទៅ បានកើនឡើងជាង ២២ភាគរយ ដែលមានតម្លៃទឹកប្រាក់ប៉ានស្មានចំនួន ៦៤២៨ លានដុល្លារលើគម្រោង ៣០៥២ ធៀបនឹង ៥២៥៦ លានដុល្លារកាលពីឆ្នាំ២០១៦ ៕