ភ្នំពេញ៖ ការវិនិយោគក្នុងវិស័យសំណង់នៅក្នុងឆ្នាំ២០១៧ តាមការប៉ាន់ស្មាន មានចំនួនជាង ៦៤០០ លានដុល្លារអាមេរិក កើនឡើង ២២,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គម្រោងសាងសង់នៅក្នុងឆ្នាំ២០១៧ ដែលត្រូវបានអនុញ្ញាតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងសមត្ថកិច្ចរាជធានី ខេត្ត មានចំនួនសរុប ៣០៥២ គម្រោង លើផ្ទៃក្រឡាជាង ១០លានម៉ែត្រក្រឡា។ ក្រសួងប៉ាន់ស្មានថា ទឹកប្រាក់បោះទុនលើគម្រោងទាំងនេះមានតម្លៃប្រមាណ ៦៤២៨លានដុល្លារ កើនឡើង ២២,៣ភាគរយ ធៀបនឹងឆ្នាំ២០១៦ ដែលមានទុនប៉ាន់ស្មានសរុប ៥២៥៦ លានដុល្លារ។
សំណង់លំនៅឋានសរុបក្នុងឆ្នាំ២០១៧ មានចំនួន ២២៩១គម្រោង ដែលមានទុនវិនិយោគ ២២៣០លានដុល្លារ។ អគារខ្ពស់ចាប់ពីប្រាំជាន់ឡើងទៅនៅក្នុងក្រុងភ្នំពេញមានចំនួន ១៨៨គម្រោង ដែលធ្វើឲ្យចំនួនអគារខ្ពស់សរុបមាន ៩៧៩ គម្រោង។ សំណង់ទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧ ត្រូវបានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៣៩៩០៣ គម្រោង ដែលមានតម្លៃប៉ានស្មាន ៣៧,៧ ពាន់លានដុល្លារ៕