ជាមួយនឹងភាពជោគជ័យ និងអាចនិយាយ ថា ជាបុរីឈានមុខគេមួយនៅកម្ពុជា បុរីប៉េង ហួត ទទួលបានការទទួលស្គាល់ពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។ តើបុរីនេះទទួលបានជោគជ័យយ៉ាងដូចម្តេច?
លោក ស៊ីវ ម៉េង អ្នកយកព័ត៌មានផ្នែកអចលនទ្រព្យនៃកាសែតភ្នំពេញប៉ុស្តិ៍ បានជួបសម្ភាសពិសេសជាមួយលោក ឧកញ៉ា ថៃ ម៉េងលី អគ្គនាយកបុរី ប៉េង ហួត ដើម្បីស្តាប់ពីទស្សន វិស័យ និងយុទ្ធសាស្ត្ររបស់លោកក្នុងការវិនិយោគបុរីនេះ។
តើលោកឧកញ៉ាបានចាប់ផ្តើមវិនិយោគបុរីនេះយ៉ាងដូចម្តេច?
ខ្ញុំបានចាប់ផ្តើមវិនិយោគបុរី ប៉េង ហួត នៅឆ្នាំ ២០០៥ ព្រោះអំឡុងពេលនោះនៅកម្ពុជាមិនទាន់មានលំនៅឋានរបៀបជាបុរីស្អាតៗនៅឡើយទេ គឺមានតែផ្ទះល្វែង និងការសាងសង់ វីឡាជាលក្ខណៈឯកជន។ នៅពេលយើងចេញចូលក្រៅប្រទេសច្រើនក៏បានសិក្សាពីការសាងសង់បុរីនៅប្រទេស គេ ហើយយើងក៏បានចាប់ផ្តើមសាងសង់បុរី ប៉េង ហួត ជាលើកទី ១ នៅតាមបណ្តោយផ្លូវ ៥៩៨។
បន្ទាប់ពីសាងសង់ទីតាំងបុរីទី ១ នៅផ្លូវលេខ ៥៩៨ យើងបានចាប់ផ្តើមវិនិយោគបុរីជាបន្តមកកាន់ផ្លូវជាតិលេខ១ដែលមានទំហំដីកើនឡើងរហូតដល់ជាង ២០ គីឡូម៉ែត្រការ៉េទៅហើយនិងបន្តវិនិយោគនៅគម្រោងជាច្រើនទៀត។
ការឌីហ្សាញរបស់បុរីនេះបានគិតគូរពីសួនបៃតង ដើមឈើធំៗ ដោយរក្សាផ្ទៃដីប្រមាណ៤៥ភាគរយ នៃបុរីនីមួយៗ ត្រូវបានរៀបចំដាំដើមឈើ និងសួនច្បារ។
តើរហូតមកទល់ពេលនេះផ្ទះដែលបានសង់ចប់ និងលក់ចេញបានប៉ុន្មានខ្នងហើយតាំងពីចាប់ផ្តើមមក?
គិតរហូតមកទល់ពេលនេះ មានផ្ទះជិត ១០,០០០ ខ្នង ត្រូវបានលក់ចេញ ហើយទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ១ ជាទីតាំងធំជាងគេដែលមានផ្ទះប្រមាណ ៧ ០០០ ទៅ ៨ ០០០ខ្នង ត្រូវបានលក់ចេញ។ ទីតាំងនេះអាចជាទីក្រុងរណបមួយបានហើយ។
អ្វីដែលប្រជាជនក្នុងស្រុក និងភ្ញៀវអន្តរជាតិចាប់អារម្មណ៍ គឺម៉ូដផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបុរីនេះ តើលោកឧកញ៉ាយកទស្សនៈនៃការរៀបចំបែបផែននគរូបនីយកម្មមកពីណា?
ដោយសារក្រុមហ៊ុនបុរី ប៉េង ហួត ចង់ធ្វើអ្វីឲ្យប្លែក ធ្វើអ្វីឲ្យល្អសម្រាប់ប្រទេសជាតិ ទើបយើងកសាងបុរីនេះឡើងគិតពីបរិស្ថាន សួនបៃតង និងរចនាផ្ទះដែលស្អាតៗជូនអតិថិជនទាំងអស់។ យើងចង់ឲ្យប្រជាជនខ្មែរមានមោទនភាពថា ខ្មែរយើងក៏អាចសាងសង់ផ្ទះបានល្អ ដូចប្រទេសផ្សេងៗផងដែរ។
អ្វីដែលយើងផ្តោត គឺអតិថិជនចាប់ពីអ្នកមានជីវភាពមធ្យម រហូតដល់អ្នកមានជីវភាពលំដាប់ខ្ពស់។
អ្វីជាកត្តាស្នូលដែលបានកំណត់ធ្វើឲ្យបុរី ប៉េង ហួត ទទួលជោគជ័យរហូតមកទល់ពេលនេះ ក្រៅពីម៉ូដផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធដ៏ទាក់ទាញ?
អ្វីដែលជោគជ័យរហូតមកទល់ពេលនេះ ដោយសារក្រុមហ៊ុនបុរី ប៉េង ហួត តែងតែធ្វើអ្វីលើសពីការរំពឹងទុករបស់អតិថិជន។ មានន័យថា អ្វីយើងនិយាយគឺធ្វើ ហើយយើងបានធ្វើ និងធ្វើបានស្អាតជាងអ្វីដែលយើងបានសន្យា។
ជាក់ស្តែងយើងបាននិងកំពុងវិនិយោគ សាងសង់ផ្សារទំនើបមួយនៅបុរី ប៉េង ហួត នៅតាមផ្លូវជាតិលេខ១ ព្រោះយើងចង់ឲ្យទីក្រុងរណបនេះ មានទាំងលំនៅដ្ឋាន មានទាំងកន្លែងកម្សាន្ត ផ្សារទំនើប និងសាលារៀនអន្តរជាតិជាដើម។
ងាកមកមើលស្ថានភាពទីផ្សារបុរី តើលោកឧកញ៉ាមើលឃើញយ៉ាងដូចម្តេច?
ខ្ញុំគិតថា សម្រាប់បុរី ប៉េង ហួត មិនមានបញ្ហាអ្វីនោះទេ វានឹងបន្តរីកចម្រើនទៅទៀត ព្រោះប្រទេសយើងកំពុងរីកចម្រើន ហេតុនេះយើងនឹងបន្តវិនិយោគបន្ថែមទៀត។ គិតរហូតមកទល់ពេលនេះយើងបានចំណាយទុនច្រើនមកហើយ។
យើងមានទិសដៅ និងពង្រីកទៅកាន់ទីតាំងផ្សេងៗទៀតនាពេលអនាគត។
ក្រៅពីការវិនិយោគដោយជោគជ័យ តើក្រុមហ៊ុនបុរី ប៉េង ហួត បានរួមចំណែកជួយដល់ការងារសង្គមយ៉ាងដូចម្តេច?
ក្រុមហ៊ុនបុរីប៉េងហួត របស់យើងក្រៅពីការរកស៊ីទទួលបានប្រាក់ចំណេញហើយ យើងក៏បានផ្តល់ជំនួយមនុស្សធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ១០ ម៉ឺនដុល្លារ កាលពីសប្តាហ៍មុន និងបានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា សាលារៀន កសាងវត្តអារាម និងផ្លូវមួយចំនួនទៀត ដើម្បីរួមចំណែកការអភិវឌ្ឍប្រទេសជាតិជាមួយរដ្ឋាភិបាលកម្ពុជា។
មានការលើកឡើងថា ឈ្មោះ ប៉េង ហួត ជាឈ្មោះបូកបញ្ចូលគ្នារបស់អ្នកវិនិយោគបុរីនេះ តើពិតទេលោកឧកញ៉ា?
បាទពិតហើយ ពាក្យ ប៉េង ហួត គឺចេញពីឈ្មោះរបស់បងប្រុសខ្ញុំចំនួន២រូប ដែលជាស្ថាបនិកបុរីនេះ បងខ្ញុំម្នាក់ឈ្មោះ ប៉េង និងម្នាក់ទៀតឈ្មោះ ហួត។
ងាកមកស្ថានភាពនយោបាយកើនកម្ដៅកាលពីពេលថ្មីៗនេះ តើអាចមានផលប៉ះពាល់ដល់ការលក់លំនៅឋានរបស់បុរីឬទេ?
ស្ថានភាពនយោបាយកាលពីពេលថ្មីៗនេះ រងផលប៉ះពាល់តិចតួច ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរនោះទេ ហើយសម្រាប់រយៈពេលវែងមិនមានបញ្ហានោះទេ ដោយសារយើងបានឆ្លងកាត់បទពិសោធជាច្រើន ប៉ុន្តែក្រោយពេលបោះឆ្នោតអ្វីៗនឹងមានភាពប្រសើរឡើង ហើយយើងនៅតែដំណើរការបានល្អជាងគេ។
បន្ថែមលើសអ្វីដែលជាផ្ទះនៅក្នុងបុរី បច្ចុប្បន្នក្រុមហ៊ុនបុរី ប៉េង ហួត បានចាប់ផ្តើមវិនិយោគលើខុនដូសម្រាប់លក់ តើមានមូលហេតុអ្វីដែរលោកឧកញ៉ា?ដោយ សារទីផ្សារខុនដូល្អប្រសើរជាងឬយ៉ាងណា?
ដោយសារក្រុមហ៊ុនបុរី ប៉េង ហួត ជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ ទើបយើងវិនិយោគលើវិស័យលំនៅឋាន ខុនដូ ផ្សារទំនើប និងអ្វីពាក់ព័ន្ធនឹងវិស័យនេះទាំងអស់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងតម្រូវការរបស់អតិថិជនជាតិ និងអន្តរជាតិ៕