ទីក្រុងឌូបៃ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង ៨ នៅក្នុងប្រទេសអារ៉ាប់រួមដែលបានបង្ហាញពីភាពស៊ីវីល័យនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សំណង់អគារខ្ពស់ៗ និងភាពទំនើបៗនៅលើទឹកដីដែលធ្លាប់តែជាវាលខ្សាច់ដ៏ធំល្វើងល្វើយ។
ស្របពេលដែលទីក្រុងនេះបាននិងកំពុងអភិវឌ្ឍបន្ថែមលើគ្រប់វិស័យ គម្រោង The Palm គឺជាគម្រោងអចលនទ្រព្យនៅលើកោះបង្កើតថ្មី [កោះសិប្បនិម្មិត] ដែលមានឈ្មោះថា Atlantis នឹងបង្ហាញពីវិសាលភាពឯតទត្តកម្ម។
ក្រោមការគ្រប់គ្រង និងរៀបចំការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលក្នុងប្រទេសអារ៉ាប់រួម ទីក្រុងឌូបៃក៏បានបើកការស្វាគមន៍ជនបរទេសមកធ្វើការ និងទេសចរយ៉ាងច្រើន។ ក្នុងនោះជនជាតិកម្ពុជាក៏មានវត្តមាននៅក្នុងវិស័យបដិសណ្ឋាកិច្ចនៅក្នុងទីក្រុងនេះផងដែរ។
លោក គិត វិសេស ជាជនជាតិខ្មែរម្នាក់ក្នុងចំណោមជនជាតិខ្មែរប្រមាណ ៦០ នាក់បានចំណាយពេលវេលាធ្វើការងារនៅទីក្រុងឌូបៃរយៈពេល ១១ ឆ្នាំមកហើយដោយសារការណែនាំពីអ្នកធ្វើការងារនៅប្រទេសកម្ពុជាតាមរយៈសណ្ឋាគារ Le Meridian Angkor ដែលជាក្រុមហ៊ុនអន្តរជាតិ ហើយលោកបានដាក់ពាក្យធ្វើការនៅទីក្រុងឌូបៃជាប់រហូតមក។
ក្នុងរយៈ ១១ ឆ្នាំដែលលោក វិសេស ប្រឡូកក្នុងវិស័យបច្ចេកទេសព័ត៌មានវិទ្យានៅក្នុងសណ្ឋាគារធំមួយ និងរហូតបានក្លាយជានាយកផ្នែកព័ត៌មានវិទ្យានៅក្រុមហ៊ុន Madinat Jumeirah ទីក្រុងឌូបៃទន្ទឹមនឹងភរិយារបស់លោកក៏បានមកធ្វើការនៅទីក្រុងនេះផងដែរ។
លោកប្រាប់ថា៖ «ខ្ញុំ និងគ្រួសាររបស់ខ្ញុំ កំពុងរស់នៅទីក្រុងឌូបៃដើម្បីប្រកបការងារក្នុងវិស័យបដិសណ្ឋារកិច្ចក្នុងសណ្ឋាគារមួយខណៈពេលដែលកូនរបស់ខ្ញុំកំពុងសិក្សានៅសាលាឯកជនទៅតាមប្រព័ន្ធអប់រំអង់គ្លេសនៅទីក្រុងឌូបៃ»។
លោកបានឲ្យដឹងថា៖ «ទោះបីជាតម្លៃទំនិញនៅឌូបៃនេះថ្លៃលើស ៣ ដងនៃតម្លៃនៅប្រទេសកម្ពុជា ឬលើការចំណាយផ្សេងៗ (ក៏គ្រួសារអាចរស់នៅដោយសុខស្រួលព្រោះទទួលបានប្រាក់បៀវត្សរ៍គ្រប់គ្រាន់)។
នៅទីនេះក្រៅពីការផ្តល់ធានារ៉ាប់រងលើសុខភាព គេបានផ្តល់កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ និងការធ្វើដំណើរគ្រប់បែបយ៉ាង»។
ទន្ទឹមនឹងការអភិវឌ្ឍនៅទីក្រុងឌូបៃបានបង្ហាញពីសក្តានុពល សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ស្នាក់នៅដូចជាសណ្ឋាគារ និងអគារស្នាក់នៅរួមចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់រួមផ្សំនឹងគុណភាពបដិសណ្ឋារកិច្ចក្នុងកម្រិតខ្ពស់។
យ៉ាងណាមិញលោក វិសេស បានប្រាប់ថារាប់តាំងពីការគ្រប់គ្រង ការអភិវឌ្ឍ និងការចំណាយលើថវិកាក្នុងការសាងសង់មានទាំងលក្ខណៈតូច និងទ្រង់ទ្រាយធំគឺជាបន្ទុករបស់រដ្ឋាភិបាលគេ។ នៅពេលដែលគេធ្វើអ្វីមួយគេមានគោលដៅកំណត់យ៉ាងច្បាស់លាស់ ដូច្នេះវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ឌូបៃ (ប្រទេសអារ៉ាប់រួម) គឺវាមានលក្ខណៈធំទូលាយ។
លោកបន្តថា៖ «ការស្នាក់នៅក្រុងឌូបៃគេផ្តល់អ្វីៗគ្រប់បែបយ៉ាងទាំងអស់សម្រាប់ភ្ញៀវទូទៅរាប់ពីបដិសណ្ឋារកិច្ចប្រព័ន្ធសុវត្ថិភាព ម្ហូបអាហារ ចំពោះបន្ទប់ស្នាក់នៅគឺមានការរៀបចំយ៉ាងល្អបំផុត»។
លោកបន្ត៖ «ទីក្រុងឌូបៃកាលពី ១០ ឆ្នាំមុន និងសព្វថ្ងៃមានលក្ខណៈខុសគ្នាខ្លាំងលើការសាងសង់សំណង់អចលនទ្រព្យដោយពីមុនចាប់ផ្តើមសាងសង់រហូតបញ្ចប់ជាស្ថាពរ និងការបង្កើតគម្រោងសំណង់ថ្មីដូចជាសំណង់ស្ពាន អគារស្នាក់នៅរួមសំណង់ផ្សារទំនើបជាដើម»។
លោកបន្ថែមថា៖ «ពេលខ្លះខ្ញុំបើកឡានលើផ្លូវដដែលថ្ងៃនេះស្រាប់តែឃើញមានការសាងសង់ថ្មីនៅថ្ងៃបន្ទាប់ ប៉ុន្តែខ្ញុំសូមសរសើរលើការសាងសង់នីមួយៗមិនដែលប៉ះពាល់ដ៏ចរាចរណ៍ ឬប្រជាជនឡើយ»។
ប៉ុន្តែដោយសារអាកាសធាតុនៅទីក្រុងឌូបៃមានអាកាសធាតុប្រែប្រួលទៅតាមរដូវកាលពីត្រជាក់ល្មមទៅក្តៅខ្លាំងចាប់ពីខែឧសភាដល់ខែតុលា ដូច្នេះនៅទីនេះមិនមានការរៀបចំឲ្យមានផ្លូវសម្រាប់ដើរឡើយ (ប្រជាជនមិនមានទម្លាប់ដើរតាមផ្លូវ) ហើយនៅគ្រប់កន្លែងរង់ចាំសេវាចរាចរណ៍សាធារណៈដូចជាទ្បានក្រុង និងរថភ្លើងគឺ «ត្រូវបានបំពាក់នូវម៉ាស៊ីនត្រជាក់» ទាំងអស់។
ទោះបីជាមិនសូវមានមន្ទីរពេទ្យច្រើន ប៉ុន្តែនៅប្រទេសអារ៉ាប់រួមនេះមានគ្លីនិកច្រើនដែលមានទាំងរដ្ឋ និងឯកជននៅតាមសហគមន៍ ផ្សារទំនើប និងនៅគ្រប់ទីកន្លែង។ ការរៀបចំសាលារៀន មន្ទីរពេទ្យ ផ្សារទំនើប និងហាងទំនើបនានា ត្រូវបានរៀបចំយ៉ាងប្រសើរ។
លោក វិសេស បានឲ្យដឹងថា៖ «អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះនៅរដូវក្តៅប្រជាជនតែងមកផ្សារទំនើប Dubai Mall ដែលមានក្រឡាផ្ទៃ ៣៥ ហិកតាហើយប្រជាជនមិនអាចចំណាយពេលមួយថ្ងៃដើម្បីដើរឲ្យអស់នោះទេ»។
ទីក្រុងឌូបៃមានសណ្ឋាគាររាប់ពាន់ដែលមានចាប់ពីកម្រិតផ្កាយ ៣ ឡើងទៅ។ ប៉ុន្តែទីក្រុងឌូបៃក៏ជាកន្លែងប្រមូលផ្តុំនៃសណ្ឋាគារធំៗ ហើយភ្ងៀវមានជម្រើសដែលអាចជ្រើសរើសសម្រាកលម្ហែបាន ទាំងតម្លៃ និងប្រភេទនៃសណ្ឋាគារ។ លោកបានឲ្យដឹងថា៖ «នៅក្នុងក្រុមហ៊ុនដែលខ្ញុំធ្វើការមានបុគ្គលិកប្រមាណ ៤០០០ នាក់មកពី ១០១ ប្រទេសធ្វើការជាមួយគ្នា»។
លោកបន្ថែមថា៖ «នៅទីនេះគឺវាអស្ចារ្យខ្លាំងណាស់ក្នុងនាមប្រទេសរីកចម្រើនក្នុងរយៈពេល ២០ ឆ្នាំគេអាចកសាងទីក្រុងទាំងមូលដោយចំណាយរាប់កោដិដុល្លារពីតំបន់វាលខ្សាច់ និងសមុទ្រទៅជាទីកន្លែងមានការកសាងអគារខ្ពស់ៗ ដូចជាអគារពាណិជ្ជកម្ម អគារស្នាក់នៅរួម និងទីតាំងសប្បនិម្មិតដែលគេធ្វើដើម្បីយកលេខ ១ ទាំងអស់»។
លោកបន្តថា៖ «ពីមួយឆ្នាំទៅមួយឆ្នាំការអភិវឌ្ឍនៅប្រទេសនេះមានការរីកចម្រើនខ្លាំងតាំងពីការរស់នៅ និងបទពិសោធធ្វើការហើយខ្ញុំចង់ឲ្យប្រទេសកម្ពុជាមានភាពរីកចម្រើនដូចគេពីព្រោះធនធានមនុស្សនៅថ្ងៃក្រោយអាចឈានទៅដល់នោះដែរ»។
នៅឆ្នាំ ២០២០ ខាងមុខទីក្រុងឌូបៃនឹងរៀបចំការតាំងពិព័រណ៍លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យដើម្បីបង្ហាញដល់ពិភពលោកថាគេអាចធ្វើអ្វីៗដែលអស្ចារ្យដែលមិនធ្លាប់មានពីមុនមកដូចជាវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ។
លោកបន្តថា៖ «នៅក្នុងទីក្រុងនេះមានការងារច្រើនផ្នែកដែលផ្តល់ឱកាសដល់អ្នកមកធ្វើការនៅទីនេះដើម្បីទទួលបានប្រាក់កម្រៃច្រើន និងការថែទាំមួយយ៉ាងល្អលើការរស់នៅ ការធ្វើដំណើរ និងសុវត្ថិភាពទូទៅហើយខ្ញុំលើកទឹកចិត្តដល់ប្រជាជនខ្មែរឲ្យមកធ្វើការនៅទីនេះដូចជនជាតិដទៃ ដើម្បីសិក្សាពីការគ្រប់គ្រង និងទទួលបានជីវភាពមួយដ៏ប្រសើរ»។
លោកបន្ថែមថា៖ «ក្រុមហ៊ុនមួយចំនួននៅទីនេះបានបណ្តាក់ទុនវិនិយោគវិស័យសណ្ឋាគារនៅប្រទេសកម្ពុជាដូចជា Accord, Sofitel, Intercontinental, Starwood or Marriott, Rosewood, និងផ្សេងៗទៀតជាច្រើនដែលជាដំណឹងល្អសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (ដូចកម្ពុជា)»៕