អ្នកនៅក្នុងវិស័យអចលនទ្រព្យមានការទស្សន៍ទាយថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសបង់ក្លាដែសនឹងរីកចម្រើនក្នុងឆ្នាំ២០១៨ ដោយអត្រានៃការលក់ចាប់ផ្តើមបង្ហាញភាពវិជ្ជមានក្នុងឆ្នាំនេះ ដោយអត្រាការប្រាក់របស់ធនាគារនានាបានបន្ទាបមកត្រឹមខ្ទង់រាយ។
ភាពស្ងប់ស្ងាត់នៃជម្លោះនយោបាយ កំណើននៃទីផ្សារមូលបត្រ និងកង្វះខាតការវិនិយោគធំៗក៏បានជួយដល់ការលក់ក្នុងឆ្នាំ២០១៧ផងដែរដែលធ្វើឲ្យអចលនទ្រព្យនៅ Gulshan និង Baridhara ក្នុងរដ្ឋធានីប្រទេសនេះមានតម្លៃកើនឡើង។
លោក Toufiq M Seraj នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Sheltech ដែលជាក្រុមហ៊ុនអភិវឌ្ឍនាំមុខគេមួយនៅប្រទេសបង់ក្លាដេស បានមានប្រសាសន៍ថា ៖ «ខ្ញុំគិតថាវិស័យអចលនទ្រព្យនឹងរីកចម្រើនខ្លាំងនៅឆ្នាំក្រោយនេះ»។
លោក Seraj ដែលជាអ្នកតាមដានទីផ្សារអចលនទ្រព្យយ៉ាងដិតដល់បានថ្លែងថា វិស័យនេះចាប់ផ្តើមងើបឡើងពីខែកក្កដា បើទោះជាកំណើននេះមានលក្ខណៈយឺតក៏ដោយ។
ខណៈដែលមិនទាន់មានទិន្នន័យជាក់លាក់អំពីតួលេខនៃការលក់ផ្ទះ ដីធ្លី ក្នុងតំបន់ពាណិជ្ជកម្ម និងដីធ្លីផ្សេងៗក្នុងឆ្នាំខាងមុខក្តី សមាគម Real Estate & Housing Association of Bangladesh បានថ្លែងថា វិស័យនេះបានកើនពី៥ ទៅ៧ ភាគរយ ក្នុងឆ្នាំ២០១៧ ដែលនេះជាសញ្ញាវិជ្ជមានមួយបន្ទាប់ពីមានការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅក្តី។
លោក Seraj ថ្លែង ៖ «ឆ្នាំ២០១៧ មានភាពល្អប្រសើរច្រើនជាងឆ្នាំ២០១៦ និង២០១៥»។
ទីផ្សារលំនៅឋានបានធ្លាក់ចុះកាលពីឆ្នាំ២០១២ ដោយសារតែអស្ថិរភាពនយោបាយបញ្ហាទីផ្សារមូលបត្រ និងភាពយឺតយ៉ាវរបស់រដ្ឋាភិបាលក្នុងភ្ជាប់បណ្តាញ ហ្គាសទៅតាមអគារនានា។
វិនិយោគិនបាននិយាយថាការកែតម្រូវ តម្លៃលំនៅឋានកាលពីរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះបានទាក់ទាញអ្នកទិញផ្ទះមកវិញ។
តម្លៃអចលនទ្រព្យបានធ្លាក់ដល់បាតកាលពីដើមឆ្នាំ២០១៧ ក្រោយពេលដែលវិស័យនេះចាប់ផ្តើមងើបឡើងបន្តិចម្តងៗ។
ការសាងសង់ផ្ទះល្វែងខ្នាតតូចៗសង់ដោយក្រុមហ៊ុនវិនិយោគធំៗក៏បានទាក់ទាញអតិថិជនប្រាក់ចំណូលមធ្យម និងអតិថិជនមានប្រាក់ចំណូលប្រចាំខែពីក្រុមហ៊ុន និងស្ថាប័នរដ្ឋផងដែរ។
លោកថ្លែងទៀតថា ៖ «វិស័យអចលនទ្រព្យកំពុងតែស្វែងរកទ្រនំថ្មីដែលល្អប្រសើរ។ តម្លៃអាផាតមិនក៏មានភាពល្អប្រសើរជាងមុនផងដែរ ហើយយើងជាវិនិយោគិនក៏បានយកចិត្តទុកដាក់លើការរចនាគម្រោងរបស់យើងតាមតម្រូវការរបស់អតិថិជនផងដែរ»។
តម្លៃបានកើនដល់ចន្លោះពី២០០ទៅ៥០០Tk ក្នុងមួយហ្វីតការ៉េក្នុងឆ្នាំនេះស្ទើរតែគ្រប់តំបន់លើកលែងតែនៅ Gulshan និង Baridhara នេះបើយោងតាមលោក AKM Shafiuddin Shahin ដែលជាអ្នកកាន់តែផ្នែកលក់ឲ្យក្រុមហ៊ុន Structural Engineers Ltd។ «នេះក៏ដោយសារតែតម្រូវការមានការកើនឡើង»។
លោក Shahin បានលើកឡើងថា កំណើនវិស័យអចលនទ្រព្យនេះក៏ដោយសារតែភាពស្ងប់ស្ងាត់នយោបាយក្នុងឆ្នាំ២០១៧។ «ភាគច្រើនគេមិនវិនិយោគក្នុងពេលមានអស្ថិរភាពនយោបាយនោះទេ»។
លោកបន្តថា ៖ «បើទោះជាយ៉ាងនេះក្តីតម្រូវការអាផាតមិនទំនើបមិនមានកំណើននោះទេ នេះបើយោងតាមវិនិយោគិន។ «មើលទៅអ្នកដែលមានទ្រព្យភាគច្រើនចាប់អារម្មណ៍នឹងទិញលំនៅឋានទីនៅបរទេសជាជាងក្នុងស្រុក»។
ចំនួនអាផាតមិនដែលមិនទាន់លក់ចេញបានបង្ហាញនូវភាពអវិជ្ជមាននេះបើយោងតាមលោក Md Noor-E-Alam Siddike ដែលជានាយកប្រតិបត្តិផ្នែកលក់នៅក្រុមហ៊ុន Building Technology and Ideas។
«ខ្ញុំគិតថានេះឥឡូវនេះអ្នកគ្រប់គ្នាបានឃើញថាទីផ្សារមានលំនឹងហើយតម្លៃក៏នឹងមិនធ្លាក់ចុះទៀតដែរ» លោកថ្លែងដោយបន្ថែមថា អត្រាការប្រាក់ដែលធ្លាក់ចុះទាបសម្រាប់កម្ចីទិញផ្ទះគឺជាកត្តាដ៏ចម្បងធ្វើឲ្យវិស័យលក់គេហដ្ឋានមានការកើនឡើងក្នុងឆ្នាំ២០១៧នេះ។
ក្នុងករណីមួយចំនួនអត្រាការប្រាក់ធ្លាក់មកនៅត្រឹម៨ភាគរយប៉ុណ្ណោះ។
«ការបន្ទាបអត្រាការប្រាក់សម្រាប់កម្ចី ទិញផ្ទះនេះបានធ្វើឲ្យប្រជាជនប្រាក់ចំណូលមធ្យមចាប់ផ្តើមចាប់អារម្មណ៍ចង់ទិញ ផ្ទះ» នេះបើយោងតាមលោក Mohammad Farhaduzzaman ដែលមានតួនាទីកាន់តែផ្នែកទីផ្សារឲ្យក្រុមហ៊ុន Eastern Housing។ អត្រាការប្រាក់ទាបរួមផ្សំនឹងកង្វះខាតនៃការវិនិយោគក្នុងវិស័យផ្សេងទៀតរួមទាំងទីផ្សារមូលបត្រផងដែរនោះនឹងបង្កើនការវិនិយោគបន្ថែមទៀតទៅក្នុងវិស័យអចលនទ្រព្យ។»
«អត្រាការប្រាក់ហាក់នឹងមិនកើនក្នុងពេលឆាប់ៗនេះទេ»លោកបន្ថែម។
ដូចគ្នានឹងលោក Seraj ដែរ លោក Shahin ក៏មានអារម្មណ៍ថាឆ្នាំក្រោយនឹងជាឆ្នាំល្អសម្រាប់វិស័យអចលនទ្រព្យផងដែរ។
ក្នុងការវិនិយោគមួយទៀត គឺការវិនិយោគលើផ្ទះល្វែងដោយជនជាតិបង់ក្លាដេសដែលរស់នៅក្រៅប្រទេសក៏មានការកើនឡើងផងដែរក្នុងឆ្នាំ២០១៧។ លោកថា តួលេខនេះនឹងអាចកើនឡើងថែមទៀតក្នុងឆ្នាំ២០១៨ ដោយសារតែអន្តោប្រវេសន៍មកពីប្រទេសលោកខាងលិច។
លោក Siddike មកពីក្រុមហ៊ុន BTI បានមានប្រសាសន៍ថា ៖ «ទីផ្សារនេះនឹងរីកចម្រើនថែមទៀតនៅឆ្នាំក្រោយ ប្រសិនបើគ្មានអស្ថិរភាពទេនោះ។ ឧបសគ្គចម្បងគេគឺការធានាថាមានប្រព័ន្ធហ្គាសភ្ជាប់ទៅគ្រប់លំនៅឋានតែម្តង។»
ក្រុមហ៊ុន Farhad of Eastern Housing បានថ្លែងថារដ្ឋាភិបាលបានបញ្ឈប់ការភ្ជាប់បណ្តាញហ្គាសថ្មីៗទៅកាន់លំនៅឋាននានាទៅហើយ។
«វិស័យនេះនឹងរងផលប៉ះពាល់យ៉ាងខ្លាំងប្រសិនបើមិនមានការផ្តល់ការភ្ជាប់ប្រព័ន្ធបណ្តាញហ្គាសទៅកាន់លំនៅឋានទាំងអស់នោះនៅឆ្នាំក្រោយទេនោះ» លោកបង្ហាញក្តីបារម្ភរបស់លោក។
លោក Seraj និយាយថា យ៉ាងណាម៉ិញស្ថានភាពអគ្គីសនីមានភាពល្អប្រសើរហើយ។ លោកបន្ថែមថា រដ្ឋាភិបាលគួរភ្ជាប់ប្រព័ន្ធបណ្តាញហ្គាសទៅលំនៅឋាន ប្រសិនបើមានការរក្សាស្តុកទុក និងមានលទ្ធភាពអាចចែកចាយទៅក្នុងតំបន់ Dhaka៕