Hot line: +855 (0)99 283 388
● You are in: Media > Detail News
ចុង​សប្តាហ៍​នេះ​ផ្សារ Makro របស់​ប្រទេស​ថៃ ​បើក​សាខា​ទី​១​ នៅ​ខណ្ឌ​សែន​សុខ
Date: 2017-12-16

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បន្ទាប់ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង​ជា​ប្រចាំ​ចំនួន ​៧ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ បរិមាណ​ប្រជាជន​មាន​ចំណូល​មធ្យ​មក​ក៏​រីក​ធំធាត់ និង​មាន​តម្រូវការ​ផ្សារ​ទំនើប ផ្សារ​បោះ​ដុំច្រើន​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ ដែល​កាន់តែ​មមា​ញឹក​របស់​ពួកគេ។​

ក្រុមហ៊ុន​ Siam Makro ​រួមសហការ​ដោយ​​វិនិយោគិន​ក្នុងស្រុក​បាន​បង្កើត​ផ្សារ​លក់​ទំនិញ​ដុំ​ធំ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​គ្រោង​នឹង​បើក​សម្ពោ​ធ​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុង​សប្តាហ៍​នេះ​។

ផ្សារ​លក់​ទំនិញ​ដុំ​ដ៏​ធំ​លំដាប់​អន្ដរជាតិ Makro​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ដែលមាន​ទីតាំង​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង ​រណប​ពោងពាយ ដែល​ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្បែរ​ផ្សារ​ទំនើប អ៊ីអន ទី​ ២ នឹង​បើក​ដំណើរ​ការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១៧ ខែធ្នូ ខាង​មុខ​នេះ បន្ទាប់​ពី​ការ​សាងសង់​រួច​រាល់​តាម​រយៈ​ពេល​កំណត់​របស់​ខ្លួន​។

ផ្សារ Makro​ ផ្សារ​លក់​ទំនិញ​ដុំ​ដ៏​ធំ​លំដាប់​អន្ដរជាតិមាន​ជិត ១០០​ ទីតាំង​នៅ​ ក្នុង​ប្រទេស​ថៃ ក្រុមហ៊ុន​នេះ​មាន​បំណង​ពង្រីក​ទីផ្សារ​របស់ខ្លួន​នៅ​ប្រទេស​ផ្សេងៗ​ នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ នេះ​។

នៅ​កម្ពុជា​ផ្សារ Makro នឹង​ធ្វើ​ការ​សហការ​ជាមួយ​កសិករ​កម្ពុជា​និង​អ្នក​ផ្គត់ផ្គង់​ក្នុងស្រុក​ដើម្បី​ទទួលយក​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ មាន​អនាម័យ​ត្រឹមត្រូវ និង​សុវត្ថិភាព​សម្រាប់​អតិថិជន​របស់​ខ្លួន​។

លោក ហោ វាសនា​ អភិបាលរង​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ បាន​ប្រាប់​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍ ​អចលនទ្រព្យ​ថា ផ្សារ​លក់​ទំនិញ​ដុំ​ដ៏​ធំ​របស់​ប្រទេស​ថៃ​ នៅ​កម្ពុជា នឹង​ចាប់​ផ្តើម​សម្ពោ​ធ​នៅ​ថ្ងៃទី​ ១៧ ខែ​ធ្នូ​នេះ​ ហើយ​ផ្សារ​នេះ​ជា​ផ្សារ​មួយ​ដែល​ធំ​នៅក្នុង​តំបន់​ភាគ​ពាយ័ព្យ​នៃ​រាជធានី​ភ្នំពេញ​។​

លោក​បន្ត​ថា​ ៖ «ស្រប​ពេល​ការ​អភិវឌ្ឍ​ផ្សារ​ដ៏​ធំ​នេះ​បាន​បង្ហាញ​ពី​សក្តានុពល​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​ចីរភាព​»​។

អភិបាល​រងខណ្ឌ​រូប​នេះ បាន​មាន​ប្រសាសន៍​ថា​ ៖ «​ក្រៅពី​ការ​សាងសង់​បុរី​ជាច្រើន​ក្នុង​ខណ្ឌ​សែន​សុខ​តំបន់​នេះ​គឺជា​កន្លែង​សក្តានុពល​សម្រាប់​ទីផ្សារ​ធំៗ ​ពី​បរទេស​ ដូចជា​ គម្រោង​ Makro​ និង​ AEON2​ ជាដើម​»​។

ផ្សារ​លក់​ទំនិញ​ដុំ​ដែល​មាន​ទំហំ​ ១​ ម៉ឺន​ម៉ែត្រ​ការ៉េ​នេះ ត្រូវបាន​សាងសង់​ដោយ​មាន​កម្ពស់ ២ ​ជាន់ ស្ថិត​លើ​ផ្ទៃដី​ទំហំ ៥ ​ហិកតា​។ រីឯ​ បរិវេណ​ផ្ទៃដី​នៅសល់ គឺជា​ចំណត​យានយន្ត​គ្រប់​ប្រភេទ និង​ជា​សួន​ច្បារ​។

អ្នក​ស្រី ពៅ ណារី​ ជា​ប្រជាជន​ដែល​រស់នៅ​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹងថា​ការ​រស់​​នៅ​របស់​ប្រជាជន​គឺ​ចាំបាច់​ត្រូវមាន​ផ្សារ ហើយ​អ្វី​ដែ​លធ្វើ​ឲ្យ​ត្រេកអរ​នោះ​គឺ​ផ្ទះ​របស់​អ្នកស្រី​នៅក្បែរ​ផ្សារ​ធំ​លំដាប់​អន្តរជាតិ​តែម្តង​។

អ្នក​ស្រី ណា​រី​ បន្តថា​ ៖ «​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេលដែល​ផ្សារ​របស់​បរទេស​មក​បើក​នៅ​ប្រទេស​កម្ពុជា ដែល​អាច​ផ្តល់​ឱកាស​ការងារ​ច្រើន​ដល់​ប្រជាជន ការ​ទិញ​លក់​ផលិត​មានគុណ​ភាព​»​។

នាយក​ក្រុមហ៊ុន Key Real Estate​លោក សន សៀប​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា ក្រៅ​ពី​សក្តានុពល​នៃ​ការ​អភិវឌ្ឍ​នៅ​ខណ្ឌ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​រាជធានី ខណ្ឌ​នៅ​តាម​ជាយ​ក្រុង​ ដូច​ជា​ ខណ្ឌ​សែន​សុខ​ ក៏មាន​ការ​អភិវឌ្ឍ​ឆាប់​រហ័ស​ដោយ​សារ​សំណង់​ផ្សារ​ធំៗ និង​សំណង់​បុរី​ជាច្រើន​។

លោក​បន្ថែម​ថា​ ៖ «​នៅពេល​ដែល​មាន​​ផ្សារ​ធំៗ​វិនិយោគ​នៅ​ទីនោះតម្លៃ​អចលនទ្រព្យ​ជាពិសេស​ដី និង​សំណង់​ផ្ទះមានការ​កើនឡើង​ជា​បន្ត​បន្ទាប់​នៅ​តំបន់​ជាយក្រុង​»​។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ៣០ ខែ​កញ្ញា ឆ្នាំ ​២០១៦ បាន​បង្ហាញ​ថា​ ៖ ក្រុមហ៊ុន Makro ROH Co., Ltd. ដែល​ជា​ក្រុមហ៊ុន​ដើម​របស់ Siam Makro​ជា​អ្នក​វិនិយោគ​ផ្សារ Makro​ នៅ​កម្ពុជា បាន​ចុះ​បញ្ជិកាវិនិយោគ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ (កម្ពុជា​) ​ក្នុង​តម្លៃ​ ២​ លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​ថៃ​មួយ​នេះ​ដាក់​ទុន​វិនិយោគ​ចំនួន​ ៧០ ​ភាគរយ ជាមួយ​ក្រុមហ៊ុន​ដៃគូ​វិនិយោគ​ក្នុង​ស្រុក​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​ក្រុមហ៊ុន LYP​ ដោយ​ មាន​ភាគហ៊ុន​ចំនួន​ ៣០ ​ភាគរយ​ទៀត​៕

Source From: http://www.postkhmer.com
Share
Our Partners