Hot line: +855 (0)99 283 388
● You are in: Media > Detail News
សំណង់​ធំៗ​កាន់​តែ​ច្រើន ប៉ុន្តែ​សេវា​គ្រប់គ្រង​អគារ​អចលនទ្រព្យ​ ពុំ​ទាន់​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​អភិវឌ្ឍន៍​ក្នុង​ស្រុក
Date: 2017-12-16

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ជា​ពិសេស​រាជធានី​ភ្នំពេញ មាន​ការ​​អភិវឌ្ឍ​សាងសង់​បុរី ផ្ទះ​ល្វែង ផ្ទះ​វីឡា ខុនដូ និង​អគារ​ខ្ពស់ៗ​​ជាដើម​។ ប៉ុន្តែ​ការ​រីក​ចម្រើន​នេះ នៅ​ពុំទាន់​មាន​តម្រូវការ​សេវា​ផ្គត់ផ្គង់​ថែរក្សា​គ្រប់គ្រង​អចលន​ទ្រព្យ​ទាំងនេះ​នៅ​ឡើយ​ទេ​។

នៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ទាំង​ឡាយ នៅ​ពេល​ដែល​អ្នក​អភិវឌ្ឍ​បញ្ចប់​គម្រោង​សាង​សង់​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​តែង​ដេញ​ថ្លៃ ដើម្បី​គ្រប់គ្រង​មើល​ការ​ថែទាំ​ទូទៅ​រួម​ទាំង ថែរក្សា​អនាម័យ បរិស្ថាន​ជុំវិញ រក្សា​សន្តិ​សុខ​សុវត្ថិភាព និង​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​រស់​នៅក្នុង​អគារ​ទាំង​នោះ។

ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​ក្រុម​ហ៊ុន​អចលនទ្រព្យ​ ទិញ លក់​ ជួល ដែល​ផ្តល់​នូវ​សេវាកម្ម​ចម្រុះ និង​ក្រុមហ៊ុន​វាយ​តម្លៃ​អចលនទ្រព្យ ការ​ផ្តល់​នូវ​សេវា​នៃ​ការ​ថែទាំ និង​គ្រប់គ្រង​លើ​សំណង់​អចលនទ្រព្យ​សម្រេច​គឺ​ហាក់​មាន​ភាព​ខ្វះខាត​នៅ​ក្នុង​វិស័យ​នេះ​នៅ​ឡើយ​។

លោក គឹម ហ៊ាង នាយក​ក្រុមហ៊ុន​ខ្មែរ​រៀល អ៊ីស្ទេត និង​ជា​ប្រធាន​សមាគម​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា បាន​ប្រាប់​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា ខណៈ​ពេល​ដែល​ក្រុមហ៊ុន​វាយ​តម្លៃ​អចលនទ្រព្យ​ឈាន​ដល់​កម្រិត​ ៥០ ​ភាគរយ នៅ​ពេល​ដែល​មាន​តម្រូវ​ការ​ខ្ពស់​អ្វី​ដែល​ពិបាក គឺ​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​នៅ​មាន​កម្រិត ដោយ​សារ​កង្វះ​ខាត​ចំណេះ​ដឹង​បទពិសោធ​ផ្នែក​នេះ និង​ត្រូវ​ការ​កសាង​កេរ្តិ៍​ឈ្មោះ​ជា​ខ្លាំង​។

លោក​បន្ត​ថា មក​ដល់​សព្វ​ថ្ងៃ​ការ​បើក​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​អាច​ទៅ​រួច​បាន​លុះ​ត្រា​តែ​មាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​គ្រប់គ្រង​ពី​បរទេស​។

លោក​បន្ថែម​ថា​ ៖ «​បន្ទាប់ពី​ទីផ្សារ​អចលនទ្រព្យ​ទិញ​លក់​ជួល និង​ក្រុមហ៊ុន​វាយ​តម្លៃ​ទីផ្សារ ចំណែក​ក្រុមហ៊ុន​គ្រប់គ្រង​អចលន​ទ្រព្យ​អាច​ជា​ទីផ្សារ​ថ្មី រក​លុយ​បាន​ច្រើន ហើយ​បង្កើត​ការងារ​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា​»​។

ជាក់​ស្តែង​ក្រុមហ៊ុន​គ្រប់គ្រង​អគារ​មួយ​ឈ្មោះ Property Innovation ជា​ក្រុមហ៊ុន​មួយ​របស់​លោក គីម ហ៊ាង បាន​ផ្តល់​សេវាកម្ម​គ្រប់គ្រង​អគារ​រ៉ូយ៉ាល់​១ នៅ​ក្នុង​ខណ្ឌ​ទួលគោក​។

លោក ហ៊ាង បាន​ឲ្យ​ដឹង​ថា​ ៖ «​យើង​ក៏​កំពុង​សិក្សា​ទៅលើ​គម្រោង​ជាច្រើន ស្រប​ពេល​ដែល​យើង​កំពុង​ផ្តល់​សេវា​ដល់​អគារ​នេះ ប៉ុន្តែ​នៅ​ថ្ងៃ​ក្រោយ​បើសិន​មាន​ឱកាស យើង​​​នឹងធ្វើ​ការងារ​នេះ​បន្ថែម ហើយ​មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​នេះ​»​។

លោក​បាន​ថ្លែង​នៅក្នុង​កម្មវិធី «​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​» កាលពី​សប្តាហ៍​មុន​ថា ៖ «​តាម​ខ្ញុំ​ដឹង​មាន​ក្រុមហ៊ុន​គ្រប់គ្រង​អចលន​ទ្រព្យ​មិន​ច្រើន​ទេ ដែល​គ្រប់គ្រង​លើ​អគារ​ធំៗ​ដូចជា​អគារ​វឌ្ឍនៈ អគារ​កាណាឌីយ៉ា និង​អគារ​ខ្ពស់ៗ​មួយ​ចំនួន​ទៀត​»​។

លោក​បន្ត​ថា ដោយ​សារ​តែ​យើង​ខ្វះ​ធនធាន​មនុស្ស និង​ជា​ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ពី​ខាងក្រៅ​ប្រទេស​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​មិនយូរ​ទេ ប្រទេស​កម្ពុជា​នឹងមាន​ទីផ្សារ​ក្រុមហ៊ុន​បែប​នេះ​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ​។

ការ​រស់នៅ​លើ​អគារ​ខុន​ដូរ​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​គិតគូរ ដោយ​សារ​ការ​រស់នៅ​ជិត​គ្នា និង​ប្រើប្រាស់​របស់​រួម​គ្នា ដូចជា​ជណ្តើរ​យន្ត ភ្លើង ទឹក ច្រក​ចេញ​ចូល សនិ្តសុខ សុវត្ថិភាព និង​ចំណត ត្រូវ​មាន​អ្នក​មើល​ថែទាំ និង​ត្រូវ​រក្សា​សុវត្ថិភាព​ជា​និច្ច​។

លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន VTrust Appraisal មាន​ប្រសាសន៍​ថា​៖ «​យើង​មិន​ធ្លាប់​មាន​បទ​ពិសោធ​ទាក់ទង​ទៅ​នឹង​ការ​គ្រប់​គ្រង​អគារ​អចលនទ្រព្យ ផ្ទះ​ស្នាក់នៅ ឬខុន​ដូ​ពី​មុន​មក​ទេ ប៉ុន្តែ​យើង​ធ្លាប់​ធ្វើ​ការ​គ្រប់គ្រង​នេះ​ជាមួយ​អគារ​ការិយាល័យ និង​អគារ​ពាណិជ្ជកម្ម​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​»​។

លោក​បន្តថា ជាទូទៅ​នៅ​ប្រទេស​កម្ពុជា អ្នក​សាងសង់​អគារ ក៏​ជា​អ្នក​ទទួល​ខុស​ត្រូវ​គ្រប់គ្រង​អគារ​ស្នាក់នៅ​ដែរ​។ បើ​អគារ​មួយ​មិន​មាន​ការ​គ្រប់គ្រង​ថែទាំ​ទេ វា​នឹង​ក្លាយ​ទៅ​ជា​អគារ​អនាធិបតេយ្យ​ដែល​គ្រប់គ្រង​មិន​បាន​។

​លោក​បន្ត​ថា ឥឡូវ​មាន​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​កំពុង​សិក្សា ​អំពី​ទីផ្សារ​ការងារ​មួយ​នេះនៅ​ពេល​ដែល​អគារ​ធ្វើ​រួច​ហើយ តើ​នរណា​ជា​អ្នក​គ្រប់គ្រង​អគារ​? លើស​ពី​នេះ​មាន​ក្រុមហ៊ុន​ជាច្រើន​នៅ​ប្រទេស​ជិត​ខាង​ដែល​មាន​បទពិសោធ​មុន​ប្រទេស​កម្ពុជា បាន​ចាប់​អារម្មណ៍​មក​វិនិយោគ​លើ​​វិស័យ​នេះ​ហើយ​អនាគត​ទៅ​ការងារ​នេះ​នឹង​មាន​ជា​ផ្លូវ​ការ​សម្រាប់​ ការ​គ្រប់គ្រង​អគារ​នានា​។

លោក​បន្ថែម​ទៀត​ថា​ ៖ «​ទោះ​បីជា​មាន​អគារ​ធំៗ​ដូចជា​ខុនដូរ និង​បណ្តុំ​បុរី​រស់នៅ គឺ​​បាច់​ត្រូវ​តែ​មាន​មាន​ការ​គ្រប់គ្រង ស្រប​ពេល​ដែល​ផ្ទះ​ធម្មតា​របស់​ប្រជា​ជន​នៅ​តាម​ផ្សារ ឬ​ទីកន្លែង គឺ​មិន​ចាំបាច់​មាន​សេវាកម្ម​នេះ​ទេ​»​។

លោក សីហា បន្ថែម​ទៀត​ថា លើស​ពី​នេះ «​រាល់​ក្រុមហ៊ុន​អាជីព​ដែល​មាន​វិជ្ជាជីវៈ​ទាំង​អស់​ត្រូវ​មាន​​អាជ្ញា​ប័ណ្ណ​ស្រប​ច្បាប់​» ដើម្បី​បង្កើន​ទំនុក​ចិត្ត​ដល់​ម្ចា​ស់​អគារ ក៏ដូចជា​ប្រជាជន​ដែល​ប្រើប្រាស់​សេវា​កម្ម​នេះ​៕

Source From: http://www.postkhmer.com
Share
Our Partners