ខុនដូប្រណីត Sea Gate Suite ដែលគ្រោងបោះទុនវិនិយោគ ២០០ លានដុល្លារអាមេរិកបានចាប់ផ្តើមប្រកាសលក់ ជាមួយនឹងស្ថានភាពទីផ្សារនៅក្នុងវិស័យនេះដោយមានភាពអំណោយផល សម្រាប់អ្នកវិនិយោគដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងនឹងលំនៅឋានបែបសហកម្មសិទ្ធិបែបនេះនៅតំបន់ឆ្នេរកម្ពុជា។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Hutton CPL បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃចន្ទថា ស្របពេល ទីផ្សារខុនដូមានតម្រូវការល្អប្រសើរការលក់ខុនដូ ក្នុងគម្រោង Sea Gate Suite បាននិងកំពុងទទួលការចាប់អារម្មណ៍ច្រើនពីអតិថិជនទាំងអតិថិជនក្នុងស្រុកនិងជនបរទេស។ គម្រោងនេះបាននិងកំពុងចាប់ផ្តើមសាងសង់ និងប្រកាសលក់ កាលពីសប្តាហ៍មុន ដោយទទួលបានការចាប់អារម្មណ៍ខ្ពស់។
លោកបន្តថា Sea Gate Suite ជាគម្រោងខុនដូនេះមានកម្ពស់រហូតដល់ ៤៣ ជាន់ ស្ថិតនៅតាមបណ្តោយឆ្នេរជ័យជំនះ ជាតំបន់ផ្លូវប្រសព្វ ដែលជាទីតាំងអាចគយគន់ទេសភាពសមុទ្រ បានយ៉ាងរមនា។
លោកបន្តថា ៖ «ខេត្តព្រះសីហនុ ជាទីតាំងមានសក្តានុពលសម្រាប់វិនិយោគស្របពេលអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគចិនចូលទៅកាន់តែច្រើន ហើយអ្វីកាន់ពិសេស គឺលក្ខខណ្ឌបង់ប្រាក់មានភាពអំណោយផល»។
លោកបន្តថា ៖ «ស្របពេលដែលតម្លៃស្នាក់នៅតាមសណ្ឋាគារឡើងថ្លៃ បន្ទប់សណ្ឋាគារកំពុងខ្វះខាត ការវិនិយោគខុនដូសម្រាប់ជួលពិតជាល្អប្រសើរ ដោយអ្នកទិញហើយអាចជួលត្រឡប់ទទួលបាន ៨ភាគរយនៃទុនវិនិយោគរបស់ពួកគេ»។
ខុនដូ Sea Gate Suite បានចាប់ផ្តើមជាមួយតម្លៃចាប់ពី ៧ ម៉ឺនដុល្លារឡើងទៅ និងតម្លៃខ្ពស់ជាងនេះអាស្រ័យលើទំហំបន្ទប់ និងជាន់នីមួយៗ។ អ្នកទិញតម្រូវឲ្យបង់ប្រាក់ត្រឹម១ភាគរយសម្រាប់ ឆ្នាំទី ១ បង់ ២ ភាគរយ សម្រាប់ឆ្នាំទី ២ និង ៣ ភាគរយសម្រាប់ឆ្នាំទី ៣។
លោកឧកញ៉ា ចេង ខេង បានបន្តថា អតិថិជនជាវខុនដូនេះនឹងទទួលបានការផ្តល់ជូននូវសម្ភារប្រើប្រាស់ក្នុងផ្ទះមួយឈុតហើយលំនៅឋានរបស់ពួកគេប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា Smart Home ដែលអាចបញ្ជាបិទបើកប្រព័ន្ធអគ្គិសនីដោយប្រើប្រាស់ត្រឹមទូរស័ព្ទដៃ និងការបញ្ជាពីចម្ងាយ។
បច្ចុប្បន្ន នៅខេត្តព្រះសីហនុ មានគម្រោងខុនដូជាច្រើនកំពុងសាងសង់ដូចជា គម្រោង Blue Bay, Sunshine Bay, DSeaview និង Royal Bay ជាដើម។
អ្នកនាងអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ទីផ្សារខុនដូនៅខេត្ត ព្រះសីហនុ ដែលរំពឹងដាក់ចូលទីផ្សារឆ្នាំនេះ មានប្រមាណ ៨០០ យូនីត ខណៈគម្រោងភាគច្រើនកំពុងសាងសង់ នឹងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគនានា។អ្នកនាងបន្តថា ចំនួនខុនដូនៅខេត្តព្រះសីហនុនៅមានកម្រិតនៅឡើយ ខណៈអ្នកវិនិយោគជាច្រើនកំពុងតម្រង់គោលដៅឆ្ពោះទៅកាន់ខេត្តនេះដែលធ្វើឲ្យមានតម្រូវការលំនៅឋានកើនឡើងយ៉ាងប្រសើរ។
អ្នកនាងបន្តថា ៖ «ទោះជាយ៉ាងណាអ្នកខេត្តព្រះសីហនុ មិនទាន់យល់និងចាប់អារម្មណ៍វិនិយោគលើខុនដូទេ អ្នកវិនិយោគភាគច្រើនៗតែអ្នកទៅពីចម្ងាយ និងជនបរទេស»។
អ្នកនាងបន្តថា ៖ «តម្លៃខុនដូនៅទីនោះគិតជាមធ្យម មានតម្លៃចន្លោះពី ១០០០ ទៅ ១៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាតម្លៃដែលខ្ញុំគិតថាមានភាពសមរម្យសម្រាប់ស្ថានភាព និង លក្ខខណ្ឌសេដ្ឋកិច្ចរបស់ខេត្តនេះ»។
ទោះជាយ៉ាងណាលោក ឡឹប សាលី ប្រធានផ្នែកលក់នៃគម្រោងខុនដូ Ocean City Condo Minium ខេត្តព្រះសីហនុ បានថ្លែងថា ស្ថានភាពទីផ្សារខុនដូបច្ចុប្បន្នមិនសូវមានភាពល្អប្រសើរ នោះទេ ចាប់តាំងពីកំដៅនយោបាយបានកើនឡើង និងការប្រកួតប្រជែងកាន់តែមានភាពតានតឹងនៅក្នុងទីផ្សារខុនដូនិងដីធ្លីនៅក្នុងខេត្តនេះកើនឡើងខ្ពស់។
លោកបន្តថា ៖ «ដោយសារតម្លៃដីធ្លីបានកើនឡើងយ៉ាងខ្ពស់ បានធ្វើឲ្យអតិថិជនមួយចំនួនងាកទៅវិនិយោគលើដីធ្លី ព្រោះមានផលចំណេញច្រើនជាងការវិនិយោគលើខុនដូ»៕