គោលដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ថ្នាក់ជាតិ និងអន្តរជាតិ បានចាប់ផ្តើមជាបន្តបន្ទាប់នៅភាគខាងត្បូងនៃទីក្រុង គឺស្ថិតនៅក្នុងខណ្ឌមានជ័យ ដែលជាខណ្ឌមួយមានផ្ទៃដីធំ [ប្រហែល ៤៣ គីឡូម៉ែត្រការ៉េ] ក្នុងចំណោមខណ្ឌទាំង ១២ នៅក្នុងរាជធានីភ្នំពេញ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ អចលនទ្រព្យថា គម្រោងក្នុងឆ្នាំ ២០១៧ ដែលសាលាខណ្ឌបានអភិវឌ្ឍនោះ គឺមានគម្រោងធ្វើផ្លូវ និងការជួសជុលប្រព័ន្ធលូចាស់ថ្មីនៅតាមសង្កាត់នីមួយៗ ដូចជាសង្កាត់ចាក់អង្រែលើ ចាក់អង្រែក្រោម សង្កាត់ស្ទឹងមានជ័យ១, ២ និង៣ ហើយគម្រោងនោះស្ថិតនៅក្នុងកញ្ចប់ថវិការបស់សាលាខណ្ឌផ្ទាល់។
លើសពីនេះ លោកបន្តថា ៖ «យើងក៏បានរៀបចំកែសម្រួលស្ថានីយបូមទឹកសម្រាប់ពីរដំណាក់កាល។ ទី១ យើងនឹងបូមបញ្ចេញចេញពីស្ថានីយចាស់នៅសង្កាត់បឹងត្របែកចូលមកសង្កាត់បឹងទំពុន ហើយទី២ យើងនឹងគ្រោងរៀបចំស្ថានីយបូមទឹកថ្មីនៅមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)នេះដែរ។
លោកបន្តថា ក្រៅពីការអភិវឌ្ឍនៅក្នុងកញ្ចប់ថវិការបស់ខណ្ឌ គម្រោងរបស់សាលារាជធានីភ្នំពេញ ក៏បានសិក្សាលម្អិតអំពីគម្រោងសាងសង់ស្ពានអាកាសពីរទៅបីខ្សែនៅក្នុងខណ្ឌមានជ័យ។ ទី១ គម្រោងស្ពានអាកាសនៅទីតាំងលើផ្លូវ៦០ម៉ែត្រ ប្រសព្វផ្លូវ២៧១ និងផ្លូវព្រះមុនីវង្ស និងទី២ សួនកាណាឌីយ៉ា ដែលប្រសព្វរវាងផ្លូវវ៉េងស្រេង ជាមួយនឹងផ្លូវឧកញ៉ា ដួង ងៀប។
លោកបានបញ្ជាក់ថា ៖ «យើងនឹងធ្វើទាំងផ្លូវលើអាកាស និងក្រោមដីដើម្បីរំដោះការកកស្ទះចរាចរណ៍រវាងផ្លូវប្រសព្វ និងចំណុចស្ពានអាកាសដែលបានសាងសង់មុនៗ»។
យោងតាមការជំរឿនថ្នាក់ជាតិ ប្រជាជននៅខណ្ឌមានជ័យ មានប្រមាណជាង៣សែននាក់ រស់នៅនិងប្រកបអាជីវកម្មនៅទីនោះ។
លោក កៅមុនី បានបន្តថា ៖«យើងមិនទាន់អាចកំណត់ថ្ងៃ(ចាប់ផ្តើមការ)សាងសង់ច្បាស់លាស់នៅឡើយដោយសារតាមការសិក្សាមានផលប៉ះពាល់ធ្ងន់ធ្ងរនៅតំបន់គម្រោងស្ពានអាកាសផ្លូវ ៦០ ម៉ែត្រ ប៉ុន្តែយើងនៅតែរកវិធីដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា»។
យ៉ាងណាមិញ លោកបានបង្ហើបថា ៖ «យើងនឹងចាប់ផ្តើមការដ្ឋានស្ពានអាកាសនៅលើផ្លូវ ៦០ ម៉ែត្រនៅអំឡុងខែ មេសា ឆ្នាំ ២០១៨ បន្ទាប់ពីការសិក្សាពីផលប៉ះពាល់នៅទីតាំងនីមួយៗនោះរួច»។
លោកបន្តថា ៖ «វាចំណាយពេលច្រើនក្នុងការសិក្សាដោយសារកន្លងមកយើងសង្កេតឃើញថា មានការប៉ះពាល់ប្រព័ន្ធទឹកស្អាតក្រោមដីនៅទូទាំងរាជធានី (មួយភាគធំនៅផ្នែកខាងត្បូង រហូតទៅដល់ក្រុងតាខ្មៅ)»។
តាមបទពិសោធនៃការធ្វើស្ពានអាកាសកន្លងមក ស្ពានអាកាសស្ទឹងមានជ័យ គឺជាស្ពានដែលមានស្តង់ដារ និងត្រឹមត្រូវតាមបច្ចេកទេស។ លោកបានបន្ថែមថា ៖ «ឥឡូវនេះតាមការពិភាក្សា យើងមាន៥ជម្រើសក្នុងការសាងសង់ស្ពានអាកាសលើផ្លូវ ៦០ម៉ែត្រនេះប៉ុន្តែ(ប្រហែល)ភាគច្រើនមានរូបរាងដូចស្ពានអាកាសស្ទឹងមានជ័យ»។
ស្របពេលដែលមានការអភិវឌ្ឍតំបន់ទីក្រុងរណបនៅតំបន់នោះ សាលាខណ្ឌមានជ័យ បានព្យាយាមដោះស្រាយប្រព័ន្ធលូដើម្បីរំដោះផ្លូវទឹក និងបំពេញលក្ខខណ្ឌតម្រូវការរបស់ប្រជាជនដែលរស់នៅក្នុងរាជធានី និងកំណើននៃការសាងសង់កំពុងបន្តការកើនឡើង។ បន្ទាប់ពីគម្រោងនេះបានពិភាក្សាជាបន្តបន្ទាប់ ខណ្ឌក៏បានសុំឲ្យមានការពន្យារសំណង់ខ្ពស់ៗមួយចំនួន ដែលអាចនឹងប៉ះដល់គម្រោងស្ពានអាកាសផងដែរ។
ចំពោះអគារខ្ពស់ៗ និងសំណង់បុរី ដែលមានស្តង់ដារមានគម្រោងច្រើនដែលរដ្ឋបានប្រគល់សិទ្ធិទៅដល់ក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីធ្វើការអភិវឌ្ឍចម្រុះនៅតំបន់ ៦០ ម៉ែត្រនេះ។ ការអភិវឌ្ឍទីក្រុងរណបភាគខាងត្បូងនេះ នឹងដំណើរការឆាប់ៗបន្ទាប់ពីការចាក់ដីបំពេញដើម្បីងាយស្រួលក្នុងការសាងសង់។
នៅក្នុងខណ្ឌមានជ័យ មានគម្រោងផ្លូវ និងគម្រោងលូទាំងអស់មាន ៦២ខ្សែ ក្នុងនោះផ្លូវតូចជាងគេមានទំហំយ៉ាងហោចណាស់ក៏ទទឹង២០ម៉ែត្រដែរ និងមានគម្រោងខ្លះក៏ជាសំណង់របស់ក្រសួងមួយចំនួននៅក្នុងតំបន់នេះដែរ។ លោកអភិបាលខណ្ឌរូបនេះបានប្រាប់ថា ៖ «(នឹងមាន)ផ្សារទំនើបមួយចំនួនមានពីក្រុមហ៊ុនចិន និងជប៉ុន នឹងមាននៅតំបន់នេះ ហើយយើងគាំទ្រឲ្យមានផ្សារទំនើបនៅទីនេះ»។
តាមប្រសាសន៍របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបាននិយាយថា ៖ «សាលារាជធានីភ្នំពេញកំពុងសិក្សាពីការសាងសង់ទាំងស្ពានអាកាស និងផ្លូវក្រោមដី ដោយសារតែបញ្ហាកកស្ទះចរាចរណ៍បើទោះបីជាមានវត្តមាននៃស្ពានអាកាសនៅក្នុងរាជធានី ដែលបានសាងសង់ពីមុនៗបានរំដោះចរាចរណ៍មួយចំនួនក៏ដោយ»។
លោកបន្តថា សាលារាជធានី បានមើលឃើញពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របពេលដែលមានកំណើនយានយន្តច្រើនជាពិសេសនៅប្រសព្វផ្លូវ ២៧១ ជាមួយនឹងមហាវិថីព្រះមុនីវង្ស និងផ្លូវ៦០ម៉ែត្រ ទើបរដ្ឋបាលសាលារាជធានីភ្នំពេញ មានគម្រោងក្នុងការកែសម្រួលប្រព័ន្ធចរាចរណ៍ ដោយសង់ស្ពានអាកាសក៏ដូចផ្លូវក្រោមដី ដោយកំពុងស្ថិតក្នុងការសិក្សាលម្អិតរបស់ក្រុមបច្ចេកទេស។
លោក មាសភក្តី បន្ថែមថា ៖ «គម្រោងសាងសង់ស្ពានអាកាសនៅក្នុងរាជធានីភ្នំពេញ នឹងរៀបចំប្រាកដណាស់នៅចំណុចផ្លូវ៦០ម៉ែត្រ និងចំណុចរង្វង់មូលចោមចៅ ប្រសព្វផ្លូវជាតិលេខ៣ ប៉ុន្តែយើងមិនទាន់ដឹងពីពេលវេលាចាប់ផ្តើមការសាងសង់នៅឡើយដោយអាស្រ័យទៅលើការសិក្សារបស់អ្នកជំនាញ»។
បើយោងតាមប្រសាសន៍របស់ស្ថាបនិក និងជាប្រធានគ្រប់គ្រងក្រុមហ៊ុន Key Real Estate លោក សន សៀប បានឲ្យដឹងថា ក្នុងចំណោមខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញ ខណ្ឌមួយចំនួនមានកន្លែងអភិវឌ្ឍរួច និងមិនទាន់អាចអភិវឌ្ឍរួច ហើយការអភិវឌ្ឍមានភាពទាក់ទាញផ្សេងៗគ្នា។ ឧទាហរណ៍ដូចជាខណ្ឌមានជ័យ ត្រង់ចំណុចផ្លូវ ៦០ ម៉ែត្រ មានដីធំៗនៅសល់ហើយតម្លៃរបស់ដីក៏ថ្លៃដែរដោយសារអ្នកវិនិយោគធំៗបានចាប់អារម្មណ៍ទីនោះ។
លោកបន្តថា កាលណាដែលមានអ្នកវិនិយោគទៅដល់ តម្លៃអចលនទ្រព្យបានកើនខ្ពស់ពីព្រោះវាខុសពីការរៀបចំអភិវឌ្ឍផ្ទាល់ខ្លួនពីប្រជាជន។ តំបន់ផ្លូវ ៦០ម៉ែត្រ នឹងក្លាយទៅជាផ្នែកសំខាន់មួយនៃទីក្រុង នៅថ្ងៃអនាគតខាងមុខនេះដោយមានសេវាចម្រុះដូចជាបុរី សាលារៀន ផ្សារ ប្រព័ន្ធលូ ផ្លូវធំៗ ភ្លើង។
លើសពីនេះលោកបន្តថា ៖ «តម្លៃដីមធ្យមនៅតំបន់៦០ម៉ែត្រ ចាប់ពី ៣០០ ទៅ ៥០០ ដុល្លារ និងតម្លៃខ្ពស់ពី ១០០០ ទៅ ១៥០០ ដុល្លារ ដែលបានឡើងថ្លៃ ចាប់តាំងពីពេលមានផ្លូវនេះ»។
ការរៀបចំសោភ័ណភាពទីក្រុង បានចាប់ផ្តើមមានសក្កានុពលនៅខណ្ឌដែលនៅជាយរាជធានី។
លោកបន្ថែម ៖ «តាមការអង្កេតរបស់ខ្ញុំការអភិវឌ្ឍបានចេញពីចំណុចកណ្តាលទៅជាយក្រុងដូចជាខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងតាមផ្លូវជាតិលេខ១, ២, ៣ និង៤» ជាដើម៕