ជាមួយគោលដៅប្រកបដោយមហិច្ឆតា និងធ្វើឲ្យបុរីរបស់ខ្លួនកាន់តែមានភាពទាក់ទាញ ក្រុមហ៊ុនបុរី ប៉េង ហួត បានសម្រេចបោះទុន ៦០ លានដុល្លារ ដើម្បីបង្កើតសួនកម្សាន្តលំដាប់អន្តរជាតិមួយស្ថិតនៅក្នុងបុរីរបស់ខ្លួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១។
អគ្គនាយកក្រុមហ៊ុនបុរី ប៉េង ហួត គ្រុបលោកឧកញ៉ា ថៃ ម៉េងលី បានឲ្យដឹងតាមអ៊ីមែលកាលពីដើមសប្តាហ៍នេះថាគម្រោងអភិវឌ្ឍន៍ជាសួនកម្សាន្តលំដាប់អន្តរជាតិនេះត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីជិត ៨ ហិកតាជាមួយនឹងអគារសាលប្រជុំ ឬសាលសម្រាប់រៀបចំអាពាហ៍ពិពាហ៍។
សួនកម្សាន្តនេះត្រូវបានរចនាឡើងតាមបែបអឺរ៉ុបដែលមានសំណង់អគារពិសេសប្លែកៗ និងលម្អរទៅដោយសួនដើមឈើធំៗសងខាងទន្លេដែលអាចជិះទូកបាន និងមានស្ពានស្អាតៗឆ្លងទន្លេចំនួន ៣ តភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយទៀត។
លោកបានបន្តថាចំពោះការរៀបចំតំបន់នេះទៀតសោត «យើងបានរៀបចំជាតំបន់អឺរ៉ុបផ្សេងៗគ្នា» ដូចជាតំបន់ទី ១ មានអគាររចនាប័ទ្មបែបប្រទេសស្កតឡែន និងអាល្លឺម៉ង់មជ្ឈិមសម័យ។
ចំណែកតំបន់ទី ២ មានអគាររចនាប័ទ្មបែបហូឡង់ និងបារាំងជាសម័យកាលរស់ឡើងវិញនៃអរិយធម៌រុងរឿង។ តំបន់ទី ៣ មានអគាររចនាប័ទ្មបែបអ៊ីតាលីនៃទន្លេវេនីស និងតំបន់ផ្សេងៗទៀត។
អាគារនីមួយៗស្ថិតនៅក្បែរមាត់ទន្លេនេះនឹងត្រូវបានគេប្រើប្រាស់ជាភោជនីយដ្ឋានសម្បូរបែប មានអាហារអឺរ៉ុប ចិន ជប៉ុន ខ្មែរ។ល។ អ្នកទស្សនាអាចសម្រាកលម្ហែ និងពិសាអាហារដ៏មានឱជារសគ្រប់ប្រភេទបាននៅទីនេះ។
លោកឧកញ៉ា ថៃ ម៉េងលី បានបន្តថា៖ «ដោយសារភាពច្នៃប្រឌិតខ្ពស់ និងធ្វើឡើងដោយវិស្វករ និងស្ថាបត្យករជាតិ និង អន្តរជាតិបានធ្វើឲ្យគម្រោងនេះទទួលបានពានចំនួន ២ គឺពានរង្វាន់ផ្នែកស្ថាបត្យកម្មឌីហ្សាញសួនលម្ហែដែលល្អជាងគេលំដាប់ផ្កាយ ៥ នៅឆ្នាំ ២០១៦ និងពានរង្វាន់ផ្នែកអភិវឌ្ឍន៍សួនលម្ហែដែលល្អជាងគេនៅកម្ពុជាប្រចាំឆ្នាំ ២០១៧ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិដែលមានការិយាល័យនៅប្រទេសអង់គ្លេស»។
លោកបន្តថា៖ «គម្រោងនេះនឹងបើកដំណើរការស្វាគមន៏អ្នកដែលរស់នៅក្នុងបុរីប៉េងហួត និងសាធារណជនទូទៅដែលស្វែងរកកន្លែងសម្រាកលម្ហែ និងញ៉ាំអាហារប្រកបដោយផាសុកភាព»។
លោកឧកញ៉ាបន្តថា៖ «ក្រុមហ៊ុនចាប់អារម្មណ៍ក្នុងការវិនិយោគគម្រោងនេះឡើងគឺក្នុងគោលបំណងផ្ដល់ទីកន្លែងស្អាតសម្រាប់លម្ហែកម្សាន្ត ញ៉ាំអាហារដល់អ្នករស់នៅក្នុងបុរីប៉េងហួត និងសាធារណជនទូទៅ និងជាពិសេសគឺដើម្បីចូលរួមអភិវឌ្ឍទីក្រុងភ្នំពេញដោយនាំមកនូវគម្រោងថ្មីស្អាតដែលមិនដែលធ្លាប់មាននៅស្រុកខ្មែរពីមុនមកជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ» នៅទីនេះ។
ចំពោះការចូលមកទស្សនា និងកម្សាន្តក្នុងគម្រោងនេះនឹងមិនតម្រូវឲ្យមានការទិញសំបុត្រទេ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រី ឆាយ ស៊ីវលីន បានថ្លែងថាការវិនិយោគសួនកម្សាន្តបែបនេះជាការល្អព្រោះ «យើងអាចចាត់ទុកវាជាផលិតផលទេសចរណ៍ថ្មីមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ» និងបង្កើតឲ្យមានភាពទាក់ទាញបន្ថែមសម្រាប់រាជធានីភ្នំពេញ ដោយសាររាជធានីភ្នំពេញមិនសូវមានរមណីយដ្ឋានកម្សាន្តឡើយ។
លោកស្រីបានបន្តថា៖ «កន្លងមកវិស័យឯកជនផ្នែកទេសចរណ៍តែងតែអំពាវនាវឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិវិនិយោគរមណីយដ្ឋានកែច្នៃបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ»។
អ្នកនាង Grace Rachny Fong នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Century21 Cambodia បានថ្លែងថាកាលពីពេលថ្មីៗនេះអ្នកនាងបាននាំអ្នកអភិវឌ្ឍន៍មកពីប្រទេសអូស្ត្រាលីចូលមកមើលបុរីនេះហើយពួកគេមានការភ្ញាក់ផ្អើលនឹងហេដ្ឋារចនាសម្ព័ន្ធដែលបានរៀបចំយ៉ាងល្អរបស់បុរីប៉េងហួត។ ដូច្នេះនៅពេលពួកគេវិនិយោគសួនកម្សាន្តបន្ថែមក្នុងបុរីនេះនឹងធ្វើឲ្យបុរីនេះកាន់តែមានភាពទាក់ទាញ និងផ្តល់ផាសុកភាពក្នុងការរស់នៅដល់អតិថិជនដែលបានទិញលំនៅឋានក្នុងគម្រោងនេះ។
អ្នកនាងបន្តថា៖ «ការវិនិយោគលើសួនកម្សាន្តនេះជាយុទ្ធសាស្ត្ររបស់ម្ចាស់បុរីនេះដើម្បីបង្កើនភាពទាក់ទាញ ហើយពេលអនាគតខ្ញុំជឿថាតម្លៃលំនៅដ្ឋានក្នុងបុរីនេះនឹងបន្តកើនឡើងបន្ថែមទៀត»៕