ក្រុមហ៊ុន A2A Town Cambodia បានបោះទុនវិនិយោគ ២០ លានដុល្លារអាមេរិក ដើម្បីសាងសង់វីឡាលម្ហែកាយនៅក្នុងរមណីយដ្ឋានVKIRIROM PINE RESORT ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន A2A Town Cambodia លោក ហ៊ិន សុជាតិ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាថ្ងៃអង្គារនេះថាគម្រោងអភិវឌ្ឍន៍នេះបានចាប់ផ្តើមកាលពីឆ្នាំមុនជាមួយនឹងប្រភេទវីឡាលម្ហែកាយប្រមាណជាង ៤០ ដើម្បីផ្តល់ជម្រើសដល់អតិថិជន។ គម្រោងដំណាក់កាលទី ១ នេះបានលក់អស់ប្រមាណ ២០ ភាគរយហើយក្នុងនោះ ៤០ ភាគរយ ទិញដោយជនជាតិខ្មែរ និង ៦០ ភាគរយទិញដោយជនជាតិជប៉ុន។
គម្រោងនេះមានវីឡាអ័រគីដេ ដែលមានទំហំអគារប្រមាណ ១១០ ម៉ែត្រការ៉េសម្រាប់សម្រាកលម្ហែផ្ទាល់ខ្លួនរួមមានបន្ទប់គេងចំនួន ៣ បន្ទប់កន្លែងញ៉ាំអាហារ កន្លែងទទួលភ្ញៀវ ផ្ទះបាយ បន្ទប់ទឹក ព្រមជាមួយនឹងសួនច្បារនៅលើដំបូលផ្ទះ។ ដីឡូតិ៍លំនៅដ្ឋានដ៏ប្រណីតនេះមានទំហំប្រមាណជា ៦០០ ម៉ែត្រការ៉េ។
ក្រៅពីសម្រាប់ការសម្រាកលម្ហែផ្ទាល់ខ្លួន អតិថិជនទិញគម្រោងនេះក៏អាចធ្វើការជួលត្រឡប់មកឲ្យក្រុមហ៊ុនជាមួយអាត្រាថេរចាប់ពី ៦០០០ ដុល្លារ រហូតដល់ ៧០០០ ដុល្លារក្នុង ១ ឆ្នាំចាប់ពី ២ ឆ្នាំរហូតដល់ទៅ ១០ ឆ្នាំ និងមានឱកាសក្នុងការសម្រាកនៅក្នុងរមណីយដ្ឋានវីគិរីរម្យជារៀងរាល់សប្តាហ៍អាស្រ័យទៅលើកាលវិភាគរបស់រមណីយដ្ឋានព្រមជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត។
លោក ហ៊ិន សុជាតិ បានបន្តថា៖ «ការចាប់ផ្តើមដំណាក់កាលទី ២ មិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេដោយយើងរង់ចាំមើលស្ថានភាពទីផ្សារជាក់ស្តែងព្រោះទីផ្សារលំនៅឋានបច្ចុប្បន្នមិនសូវល្អនោះទេ»។
លោក ហ៊ិន សុជាតិ បានបន្តថាក្រៅពីនេះ «យើងក៏មានវីឡាប្រភេទអ ២ (វីឡាចាស្មីន) ផ្ទះវិស្សមកាលដែលរចនាឡើងជាលក្ខណៈផ្ទះតូចសម្រាប់អតិថិជន ដោយផ្ទះនីមួយៗមានទំហំ ៣៦ ម៉ែត្រការ៉េ»។
លំនៅឋានប្រភេទនេះស័ក្តិសមឥតខ្ចោះសម្រាប់គូស្វាមីភរិយា ឬគ្រួសារតូចៗដែលចង់បានដំណើរកម្សាន្តផ្ទាល់ខ្លួនឆ្ងាយពីទីក្រុងក្នុងនោះរួមមានបន្ទប់ទឹក កន្លែងទទួលភ្ញៀវ កន្លែងញ៉ាំអាហារ និងផ្ទះបាយរួមបញ្ចូលគ្នា។ អត្ថប្រយោជន៍ទាំងនេះជាបទពិសោធដ៏រីករាយនៅលើកំពូលភ្នំគិរីរម្យដ៏ត្រជាក់ជាមួយនឹងសួនច្បារ និងផ្ទៃដីឯកជនប្រមាណជា ១៨០ ម៉ែត្រការ៉េរួមទាំងបរិយាកាសស្រស់ស្រាយខាងក្រៅគួបផ្សំ និងសម្រស់នៃផ្ទះតូចច្រឡឹងរបស់លោកអ្នក។
លោកបន្តថា ចំណែកផ្ទះប្រភេទ វី ជាផ្ទះដ៏ទំនើបតាមរបៀបឯកជនអមទៅដោយធម្មជាតិបៃតងខៀវស្រងាត់ហ៊ុមព័ទ្ធជុំវិញព្រមទាំងអាចស្រូបយកនូវខ្យល់អាកាសបរិសុទ្ធយ៉ាងត្រជាក់គ្រប់រដូវកាលដោយផ្ទះនីមួយៗមានទំហំ ៤៥ ម៉ែត្រការ៉េ និងមានសួនច្បាររួមខាងមុខ និងខាងក្រោយអគារ។
ចំណែកឯបរិក្ខារបំពាក់នៅផ្ទៃខាងក្នុងរចនាម៉ូដដោយភាពល្អឥតខ្ចោះនៅយុគសម័យទំនើបនេះដូចជា ៖ កន្លែងទទួលទានអាហារ ផ្ទះបាយដ៏ទំនើប បន្ទប់គេងដ៏ប្រណីតដែលបានរួមបញ្ចូលគ្នាតែមួយទៅជាទីឋានសុខដុមរមនា នាពេលសម្រាកលម្ហែកាយ។ រសជាតិជីវិតដ៏ស្អុះស្អាប់ និងភាពអាប់អួរត្រូវបានរំសាយនាពេលសម្រាកព្រមជាមួយនឹងការកម្សាន្តនៅរមណីយដ្ឋានវីគិរីរម្យដែលជារសជាតិថ្មីមួយបែបទៀតមិនអាចកាត់ថ្លៃបានសុភមង្គល ផាសុកភាពបែបធម្មជាតិរបស់លោកអ្នកមានតែនៅផ្ទះប្រភេទវីតែមួយប៉ុណ្ណោះ។
ក្រៅពីការសម្រាកលម្ហែអតិថិជនក៏អាចធ្វើការជួលត្រឡប់មកឲ្យក្រុមហ៊ុនជាមួយអាត្រាថេរ ៣៦០០ ដុល្លារក្នុង ១ ឆ្នាំដែលមានរយៈពេលជួលចាប់ពី ២ ឆ្នាំរហូតដល់ ១០ ឆ្នាំ និងឱកាសក្នុងការសម្រាកនៅក្នុងរមណីយដ្ឋានវីគិរីរម្យ អាស្រ័យទៅលើកាលវិភាគរបស់រមណីយដ្ឋានព្រមជាមួយ និងអត្ថប្រយោជន៍ដទៃទៀត។
បន្ទាប់ពីការជួលត្រឡប់រយៈពេល ១០ ឆ្នាំលោកអ្នកអាចធ្វើការលក់ផ្ទះលម្ហែដើម្បីទទួលយកផលចំណេញ ឬអាចធ្វើការជួលបន្តមកក្រុមហ៊ុន ឬមួយក៏លោកអ្នកអាចទុកសម្រាប់បុត្រធិតារបស់លោកអ្នកស្នាក់នៅដើម្បីបន្តការសិក្សានៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យដែលនឹងក្លាយជាសាកលវិទ្យាល័យអន្តរជាតិដ៏ល្បីមួយនៅកម្ពុជា ឬក៏អាចស្នាក់នៅជាផ្ទះលម្ហែក្រោយលោកអ្នកចូលនិវត្តន៍ជាមួយនឹងក្រុមគ្រួសារដ៏មានសុភមង្គលផងដែរ។
ក្រៅពីនេះក្រុមហ៊ុនក៏បានវិនិយោគលើប្រភេទផ្ទះប្រភេទទី ២ ដែលត្រូវបានរចនាឡើងស្របតាមបរិបទថ្មីនៃយុគសម័យទំនើបក្នុងតំបន់នៃក្រុងធម្មជាតិ តែមួយគត់នៅកម្ពុជាដើម្បីចែករំលែកនូវបទពិសោធថ្មីនៃការរស់នៅ និងការបង្កើតឱកាសថ្មីនៃការទំនាក់ទំនងព្រមជាមួយនឹងកន្លែងធ្វើការរួមគ្នាដើម្បីជួយសន្សំសំចៃការចំណាយថាមពលការផ្លាស់ប្តូរបទពិសោធ ជំនាញ និងចំណេះដឹងក្នុងការរស់នៅផងដែរ។
ផ្ទះប្រភេទនេះមានទំហំផ្ទៃដីដល់ទៅ ៥៦០ ម៉ែត្រការ៉េព្រមជាមួយនឹងទំហំអគារសរុប ២00 ម៉ែត្រការ៉េមាន ១៣ បន្ទប់គេង ៦ បន្ទប់ទឹក និងកម្ពស់ ២ ជាន់ផងដែរ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា ការវិនិយោគលើលំនៅឋានសម្រាប់ការលម្ហែកំពុងមានសញ្ញាល្អជាបណ្តើរៗចាប់ផ្តើមនៅកម្ពុជាបណ្តើរៗ ប៉ុន្តែការវិនិយោគបែបនេះទាមទាររយៈពេល ៥ ទៅ ១០ ឆ្នាំទៀតទើបអាចដំណើរការល្អដោយសារបច្ចុប្បន្នអ្នកវិនិយោគផ្តោតលើតំបន់នៅកៀកនឹងទីក្រុងច្រើនជាងព្រោះវាមានចម្ងាយជិតផ្ទុយទៅវិញនៅតំបន់គិរីរម្យជាទីតាំងល្អប្រសើរ និងមានលក្ខខណ្ឌអាកាសធាតុអំណោយផលផង ប៉ុន្តែវាមានចម្ងាយឆ្ងាយបន្តិចពីទីក្រុង។
លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន AMATAK Property Service Co., Ltd. បានថ្លែងថាទស្សនទាននៃការអភិវឌ្ឍបែបនេះជាការល្អ ប៉ុន្តែសម្រាប់នៅកម្ពុជាវាដំណើរការយឺតបន្តិចព្រោះ «Lifestyle នៅស្រុកយើងមិនទាន់ដូចស្រុកគេនៅឡើយហេតុនេះការវិនិយោគបែបនេះវាទាមទារពេលវេលាបន្តិច ទើបអាចទទួលបានជោគជ័យ»។
លោកស្រីបន្តថា៖ «គម្រោងបែបនេះជាការល្អសម្រាប់និវត្តន៍ជនជនជាតិបរទេសដែលមានបំណងមកស្នាក់នៅកម្ពុជា និងចង់រស់នៅក្នុងបរិស្ថានល្អ និងមានភាពស្ងប់ស្ងាត់ តែសម្រាប់ប្រជាជនកម្ពុជាមិនទាន់ដល់ពេលនៅឡើយទេ»។
លោកស្រីបន្តថា៖ «ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមានការចាប់អារម្មណ៍សម្រាប់គម្រោងបែបនេះ»៕