អ្នកជំនាញមួយក្រុមបានសិក្សា និងសន្មតទាយទុកថា ធីធ្លីសរុបទំហំ ៧,២០ លានហិកតា នៅក្នុងប្រទេសជប៉ុននឹងមិនអាចស្វែងរកម្ចាស់កម្មសិទ្ធិពិតប្រាកដ ឬជាក់លាក់បានទេ បើគិតត្រឹមឆ្នាំ ២០៤០ ដោយសារតែកង្វះការចុះបញ្ជីអ្នកស្នងកេរមរតកបន្ត។
ទំហំដីនេះស្ទើរតែស្មើនឹងទំហំកោះហុកកៃដូទៅហើយ។ តើមានរឿងអ្វីកំពុងតែកើតឡើងជាមួយបញ្ហាដីធ្លីនៅប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ?
ក្រុមឯកជនដែលមានសមាជិកជាបញ្ញវ័ន្ត ដឹកនាំដោយអតីតមន្ត្រីផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើផ្ទៃប្រទេស គឺលោក Hiroya Masuda នោះ កំពុងតែសិក្សាអំពីបញ្ហាដែលកើនកម្ដៅដោយសារតែមិនអាចរកឃើញម្ចាស់ដីធ្លី។
តើរកមិនឃើញម្ចាស់ដីដោយរបៀបណាទៅ? ឈ្មោះ និងអាសយដ្ឋានរបស់ម្ចាស់ដីមានអធិប្បាយក្នុងបញ្ជីអចលនទ្រព្យ ដែលមានសិទ្ធិកាន់កាប់ក្បាលដីនោះ។
ក្រោយពេលដែលម្ចាស់ដីទទួលអនិច្ចកម្មទៅម្ចាស់ថ្មីត្រូវចាប់ផ្តើមចុះបញ្ជីជាអ្នកស្នងកេរមរតកបន្ត។ យ៉ាងណាមិញ ចំណុចនេះមិនមែនជាកាតព្វកិច្ចផ្លូវច្បាប់នោះទេ ដូច្នេះហើយភាគច្រើនមិនមានអ្នកទៅចុះបញ្ជីទទួលកម្មសិទ្ធិបន្តនោះទេ។ ប្រជាជនមានសិទ្ធិទៅចុះក៏បាន ឬមិនចុះក៏បាន។ ដោយសារតែបែបនេះហើយទើបចោទជាបញ្ហាដែលមិនអាចស្វែងរកម្ចាស់ដីថ្មីៗបាន។
បើយោងតាមការសិក្សាដែលបានធ្វើឡើងដោយក្រសួងយុត្តិធម៌ អំពីព័ត៌មានចុះបញ្ជីទទួលកេរមរតកបន្តប្រមាណ២៦,៦០ភាគរយ រួមមានទាំងនៅតាមទីក្រុងតូចៗ និងខ្នាតមធ្យម ព្រមទាំងបណ្តាតំបន់ភ្នំផងនោះ គឺមិនមានអ្នកទៅចុះបញ្ជីទទួលកេរមរតកបន្តអស់រយៈពេលយូរជាង៥០ឆ្នាំមកហើយ។ បញ្ហាដែលអាចនឹងចោទជាចម្បងនោះ គឺដោយសារតែមិនមានអ្នកទៅចុះបញ្ជីទទួលសិទ្ធិកាន់កាប់បន្តលើក្បាលដីទាំងនោះ។
ក្បាលដីទាំងនេះភាគច្រើនស្ថិតនៅតំបន់ភ្នំដែលហ៊ុមព័ទ្ធដោយព្រៃ ឬតំបន់ផ្សេងទៀតដែលត្រូវបង់ពន្ធឋេរ។ ការដែលមិនទៅចុះបញ្ជីនេះ គឺកម្រនឹងបង្កជាបញ្ហាដល់ម្ចាស់ដីបំផុត។
លើសពីនេះ នៅពេលដែលម្ចាស់ដីរើទៅនៅកន្លែងផ្សេង ឬមានអ្នកស្នងកេរមរតកច្រើន ការទាក់ទងទៅរកពួកគាត់សម្រាប់ការចុះបញ្ជីទទួលក្បាលដីនេះ គឺរឹតតែពិបាក និងចំណាយពេលវេលាច្រើនថែមទៀតផង។
ក្រុមអ្នកសិក្សាបានចាត់ទុកក្បាលដីទាំងនេះជា «ដីគ្មានម្ចាស់ជាក់លាក់» គឺមិនត្រឹមតែនៅពេលស្វែងរកម្ចាស់មិនឃើញភ្លាមៗនោះទេ ប៉ុន្តែក៏នៅមានករណី គ្មានមធ្យោបាយងាយស្រួលក្នុងការទាក់ទងទៅម្ចាស់ដីក្នុងបញ្ជីនោះផងដែរ។ ក្នុងករណីទាំងនេះ អាជ្ញាធរមានការលំបាកខ្លាំងក្នុងការស្នើសុំដីសម្រាប់ការងារសាធារណៈ។
«ដីគ្មានម្ចាស់» គឺជាក្បាលដីដែលងាយសម្រាប់ការធ្វើកសិដ្ឋាន និងសម្បូរព្រៃឈើ។ បញ្ហានេះក៏ចោទជាបញ្ហនៅពេលប្រមូលពន្ធលើក្បាលដីផងដែរ។
បញ្ហាដែលចោទឡើងតាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ មកនោះ ឥឡូវនេះបានក្លាយជាបញ្ហាមួយកាន់តែធ្ងន់ធ្ងរ។
បញ្ហាកាន់តែអាក្រក់ដំបូង គឺក្រោយពេលរលកយក្ស ស៊ូណាមិ ភាគខាងកើតដ៏រន្ធត់ កាលពីឆ្នាំ ២០១១ ដែលធ្វើឲ្យការស្វែងរកម្ចាស់ដីមានភាពលំបាកខ្លាំង និងពន្យារពេលយ៉ាងយូរសម្រាប់ការស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញនោះ។ ទន្ទឹមនឹងនេះ ផ្ទះដែលបានបោះបង់ចោលទូទាំងផ្ទៃប្រទេសនោះក៏ជាបញ្ហាផងដែរ។ ប្រសិនបើមិនអាចរកម្ចាស់ផ្ទះឃើញទេនោះ មិនមាននរណាម្នាក់មានសិទ្ធិទៅវាយផ្ទះនោះចោលបានទេ។
ក្នុងករណីដែលឪពុកម្តាយចាស់ជរានៅតែបន្តរស់នៅតាមទីជនបទ ខណៈកូនៗមករស់នៅទីក្រុងនោះ ដីធ្លី ឬសំណង់នៅទីនោះមិនសូវមានសារៈប្រយោជន៍នោះទេ ដោយសារតែតម្លៃដីទាប។ ចំនួនអ្នកស្នងកេរមរតកបន្តនឹងធ្លាក់ចុះខណៈចំនួនចាស់ជរានឹងបន្តកើនឡើង។ បញ្ហានេះនឹងកាន់តែអាក្រក់ថែមទៀតប្រសិនបើក្បាលដីនៅតែមិនមានអ្នកទៅចុះបញ្ជីទទួលកេរមរតកបន្ត ទន្ទឹមនឹងតួលេខដ៏ធ្ងន់ធ្ងរទៅហើយនោះ។
នៅពេលដែលចាស់ជរាឈានចូលដល់វ័យ៨០ឆ្នាំប្លាយ ចាប់ពីឆ្នាំ២០៣០ទៅនោះ អត្រាមរណៈនៅប្រទេសជប៉ុននឹងកើនឡើងបន្ថែម ៣សែននាក់ ជារៀងរាល់ឆ្នាំ។
«ធីធ្លីត្រូវបានចាត់ទុកថាជាទ្រព្យដ៏មានតម្លៃ ប៉ុន្តែប្រជាជនកាន់តែច្រើនកាន់តែមើលមិនឃើញអំពីអត្ថប្រយោជន៍ក្នុងការបន្តកាន់កាប់ក្បាលដីរបស់ខ្លួន» នេះបើយោងតាមសម្តីលោក Masuda ដែលជាប្រធានសិក្សាផ្នែកនេះ។ «ដីគឺជាទ្រព្យសម្បត្តិរបស់ប្រជាជនគ្រប់រូប ហើយយើងត្រូវស្វែងរកម្ចាស់ដីដែលមានការទទួលខុសត្រូវក្នុងការបន្តកម្មសិទ្ធិរបស់ក្បាលដីទាំងនេះ»៕