រាជធានីភ្នំពេញ ៖ សកម្មភាពទិញអចលនទ្រព្យដូចជា ដីធ្លី ផ្ទះ និងខុនដូ បានកើនឡើងគួរឲ្យកត់សម្គាល់ ហើយមានក្រុមហ៊ុនមួយចំនួនបានផ្ដល់សេវាបង់រំលស់ ដោយមិនបានសិក្សាពីប្រាក់ចំណូលច្បាស់លាស់។ ចំណុចទាំងនេះ គឺជាក្ដីកង្វល់មួយ នៅពេលអ្នកទិញបង់រំលស់ជួបប្រទះហានិភ័យអ្វីមួយ ដែលចំណូលធ្លាក់ចុះ ពីព្រោះការបង់រំលស់អចលនទ្រព្យភាគច្រើនមានរយៈពេលយូរឆ្នាំ ។
លោកឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Khmer Founder Appraisals បានឱ្យដឹងថា បច្ចុប្បន្ននេះ សកម្មភាពទិញអចលនទ្រព្យបង់រំលស់មានច្រើនគួរសម ព្រោះភាគច្រើនគ្មានលទ្ធភាពបង់ផ្ដាច់ទេ ។ ជាក់ស្ដែង ប្រជាពលរដ្ឋដែលចង់មានលំនៅឋានស្នាក់នៅ គឺមួយចំនួនធំទិញដោយការបង់រំលស់ប្រចាំខែ ។
លោកឧកញ៉ាបន្តថា ការទិញអចលនទ្រព្យដោយបង់រំលស់ មានទាំងផលល្អ និងអាក្រក់។ ផលល្អ ត្រង់ចំណុចអ្នកអភិវឌ្ឍន៍ផ្ដល់ឱកាសឱ្យអ្នកទិញមានលទ្ធភាព និងពេលវេលាយូរដើម្បីបង់ប្រចាំខែ ។ ចំពោះផលអាក្រក់វិញ នៅពេលក្រុមហ៊ុនអភិវឌ្ឍន៍ផ្ដល់ការបង់រំលស់ជូនអតិថិជន ដោយមិនសិក្សាពីប្រភពចំណូលច្បាស់លាស់ ឱ្យតែអតិថិជនទិញ ដឹងតែលក់ជូន រួចចាប់ផ្ដើមបង់ប្រចាំខែ នៅពេលអនាគតប្រាកដជាមានបញ្ហាហើយ បើសិនជាអ្នកទិញនោះមិនបានគិតពីប្រាក់ចំណូលរបស់ខ្លួន ។
លោកឧកញ៉ាថ្លែងថា ៖« បើនៅក្នុងវិស័យធនាគារវិញ មុនពេលផ្ដល់កម្ចីឥណទានជូនអតិថិជន គេបានសិក្សាច្បាស់លាស់ណាស់ថា អតិថិជនមានប្រាក់ចំណូលប៉ុន្មាន មានលទ្ធភាពបង់សងត្រឡប់ទៅវិញក្នុង១ខែប៉ុន្មាន ទើបគេយល់ ព្រមផ្ដល់ឥណទានក្នុងទំហំដែលបានស្នើសុំ បើពុំនោះទេ នឹងធ្វើឱ្យមានវិបត្តិកើតឡើងចំពោះអតិថិជន ហើយវានឹងជះឥទ្ធិពលដល់វិស័យទាំងមូលផងដែរ » ។
លោកឧកញ៉ាបន្ថែមថា អ្នកទិញដោយបង់រំលស់ត្រូវគិតថា យីអ៊ុនមនុស្សគ្រប់គ្នាមិនឡើងរហូតទេ បើទោះបីក្នុងករណីប្រទេសកម្ពុជាមានស្ថិរភាពនយោបាយល្អប្រសើររហូតក៏ដោយ ប៉ុន្តែយើងមិនអាចដឹងពីនយោបាយនៅលើពិភពលោកទេ ។ លោកឧកញ៉ាថា ៖ « បើសិនជាសេដ្ឋកិច្ចសកលលោក ជួបវិបត្តិអ្វីមួយ វានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា បើទោះបីជាស្ថិរភាពនយោបាយយើងល្អក៏ដោយ ហើយនៅពេលនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល ក៏ដូចជាប្រាក់ខែ អីចឹងវាក៏នឹងធ្វើឱ្យការបង់រំលស់អចលនទ្រព្យរបស់យើងជួបបញ្ហាដែរ » ។
លោកឧកញ៉ាបានផ្ដល់ជាយោបល់មួយដល់អ្នកដែលមានបំណងទិញអចលនទ្រព្យបង់រំលស់ថា គួរតែលៃយ៉ាងម៉េចឱ្យការបង់រំលស់ប្រចាំខែ ត្រឹម៣០%នៃប្រាក់ចំណូលប្រចាំគ្រួសារសរុប ដោយទុក៧០%សម្រាប់ការចាយវាយប្រចាំថ្ងៃទៅលើរបស់របរប្រើប្រាស់ ម្ហូបអាហារ និងថ្នាំសង្កូវនៅពេលឈឺថ្កាត់ជាដើម ។
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លើកឡើងថា សេវាកម្មបង់រំលស់នៅកម្ពុជា មិនទាន់មានច្បាប់គ្រប់គ្រងច្បាស់លាស់នៅឡើយទេ ។
លោកជំទាវ ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា ដោយសារសេវាកម្មបង់រំលស់នៅកម្ពុជា មិនទាន់មានភាពទូលំទូលាយ ទើបធនាគារជាតិមិនទាន់ចេញសេចក្តីប្រកាសច្បាប់ណាមួយពាក់ព័ន្ធនឹងសេវាកម្មមួយនេះ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាចេះតែមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ សេវាកម្មបង់រំលស់នឹងកើនឡើង ហើយនៅពេលនោះ អ្នកប្រឈមនឹងហានិភ័យ គឺអតិថិជនដែលប្រើប្រាស់សេវាតែម្ដង ។
លោក ចាន់ មង្គល អ្នកទិញផ្ទះបង់រំលស់ក្នុងបុរីមួយនៅជាយរាជធានីភ្នំពេញ បានឱ្យដឹងថា ការបង្កើតឱ្យមានសេវាទិញផ្ទះបង់រំលស់ពីក្រុមហ៊ុននានា គឺជាការផ្ដល់ឱកាសមួយដល់អ្នកដែលមានចំណូលទាប និងមធ្យម ព្រោះពួកគាត់គ្មានលុយគ្រប់គ្រាន់ទៅបង់ផ្ដាច់ទេ ។ មួយវិញទៀត តម្លៃផ្ទះនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបើសិនជាមិនទិញពីពេលនេះទៅ តម្លៃផ្ទះនឹងកាន់តែកើនឡើង ព្រមជាមួយទីតាំងក៏កាន់តែឆ្ងាយទៅៗផងដែរ ។
ទន្ទឹមនឹងនោះ លោកបានបង្ហាញពីការព្រួយបារម្ភដែរពីការទិញបង់រំលស់នេះ ដោយមិនបានសិក្សាពីប្រាក់ចំណូលច្បាស់លាស់ជាមុនសិន ។ ម្យ៉ាងវិញទៀត លោកមើលឃើញថា អ្នកទិញផ្ទះមួយចំនួនដោយគ្មានប្រាក់កក់ដូចលោកដែរ មិនមែនជាអ្នកចង់ទិញផ្ទះពិតប្រាកដទេ គឺពួកគេទិញហើយប្រកាសលក់វិញយកចំណេញ ក្នុងនោះមានអ្នកខ្លះទិញពីរបីល្វែងម្នាក់ឯង ដែលជាកង្វល់មួយនៅថ្ងៃអនាគត ៕