ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺជារឿងចាំបាច់បំផុតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រទេសជាតិ ពោលគឺមានហេដ្ឋារចនាសម្ព័ន្ធគឺមានសរសៃឈាមនៃសេដ្ឋកិច្ច។
ជាក់ស្តែង រដ្ឋាភិបាលកម្ពុជាបាននិងកំពុងអភិវឌ្ឍសាង់សង់ផ្លូវក្រវាត់ក្រុងនិងផ្លូវជាតិធំៗសំខាន់ៗជាច្រើន តួយ៉ាង ផ្លូវជាតិលេខ១ ដែលទើបតែសាងសង់ហើយ បានប្រែក្លាយតំបន់ភាគខាងត្បូង ឈៀងខាងកើត (អាគ្នេយ៍) រាជធានីភ្នំពេញកំពុងតែទទួលការចាប់អាម្មរណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។
ជាពិសេសជាងនេះទៅទៀត នៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស កាត់តាមបឹងស្នោរ ដែលពោរពេញទៅដោយការអភិវឌ្ឍបុរីលំនៅដ្ឋាននានា ដូចជា បុរី ប៉េងហួត និង បត់ទៅស្ពានព្រែកសំរោង ឡើងមកផ្លូវ៦០ម៉ែត្រ សម្តេចតេជោ ហ៊ុន សែន ក៏រឹតតែធ្វើឲ្យទាក់ទាញប្រជាពលរដ្ឋនិងអ្នកវិនិយោគអភិវឌ្ឍន៍លំនៅដ្ឋានទៅបោះទីតាំងនៅម្តុំនោះផងដែរ។
<iframe width="560" height="315" src="https://www.youtube.com/embed/ApmvIWHjZMM" frameborder="0" gesture="media" allow="encrypted-media" allowfullscreen></iframe>
លើសពីនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរនេះ បង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់ភាគខាងត្បូងឈៀងខាងកើតរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋរស់នៅប្រកបអាជីវកម្មនៅសងខាងផ្លូវជាតិលេខ១ ចន្លោះពីស្ពានព្រះមុនីវង្ស រហូតដល់ព្រែកឯង បានសរសើរពីហេដ្ឋារចនាសម្ព័ន្ធដ៏ល្អប្រសើរនេះ។
ក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យបានវាយតម្លៃថា តំបន់ភាគខាងត្បូងឈៀងខាងកើតរាជធានីភ្នំពេញ តាមដងផ្លូវជាតិលេខ១ និងផ្លូវក្រវាត់ក្រុងទៅស្ពានព្រែកសំរោង រហូតទៅដល់តាមបណ្ដោយផ្លូវ សម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) កំពុងក្លាយជាចំណាប់អារម្មណ៍សម្រាប់ទាំងអ្នកអភិវឌ្ឍលំនៅដ្ឋាន និងទាំងប្រជាពលរដ្ឋដែលកំពុងស្វែងរកលំនៅដ្ឋាន ខណៈដែលកំណើនប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ី ភី អិល បានមើលឃើញថា តំបន់ភាគខាងត្បូងឈៀងខាងកើតរាជធានីភ្នំពេញ ពិសេស តាមបណ្តោយផ្លូវជាតិលេខ១នេះ គឺជាតំបន់ដ៏ល្អបំផុតសម្រាប់រស់នៅ និងកំពុងតែមានសន្ទុះកើនឡើងខ្លាំងនៃប្រជាជនដែលមកបោះទីលំនៅនៅតំបន់នោះ ជាពិសេស តំបន់បឹងស្នោ ដែលមានការសាងសង់បុរីលំនៅដ្ឋានជាច្រើន។
លោកឧកញ៉ាបន្តថា ការអភិវឌ្ឍផ្លូវក្រវាត់ក្រុងធ្វើឲ្យតម្លៃដីធ្លីមានការកើនឡើងខ្លាំង។
ចំណែក លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានអះអាងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រវាត់រាជធានីភ្នំពេញគឺជារឿងចាំបាច់បំផុតដែលរាជរដ្ឋាភិបាលត្រូវតែពង្រីកក្រុង ពោលគឺហេដ្ឋារចនាសម្ព័ន្ធគឺជាសរសៃឈាមសេដ្ឋកិច្ច និងជំរុញឲ្យតម្លៃដីធ្លីឡើងថ្លៃ។
លោកឧកញ៉ាបន្តថា ទីណាដែលមានបណ្តាញផ្លូវតភ្ជាប់គ្នាទៅដល់ហើយ ទីនោះនឹងក្លាយជាទីកន្លែងប្រកបអាជីវកម្ម និង ធ្វើឲ្យតម្លៃអចលនទ្រព្យនៅតំបន់នោះមានកើនឡើងផងដែរ។
រាជធានីភ្នំពេញ នៅក្នុងរយៈពេលប្រមាណ ១ទសវត្សចុងក្រោយនេះ មានការកើនឡើងនូវចំនួនប្រជាជនបំលាស់ទីចូលមករស់នៅយ៉ាងគំហុក ខណៈដែលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យមានការអភិវឌ្ឍបន្ថែម។
អ្នកជំនាញខាងអភិវឌ្ឍន៍ក្រុង និយាយថា អំណេះតទៅ ត្រូវពឹងផ្អែកលើការពង្រីកក្រុងនិងតំបន់ជាយក្រុង ដើម្បីរំលែកបន្ទុកការកកស្ទះចរាចរណ៍ពីរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋនៅតំបន់ភាគខាងត្បូងឈៀងខាងកើតទីក្រុងភ្នំពេញ មើលឃើញនូវការរីកចម្រើននៅតំបន់នេះ បន្ទាប់ពីផ្លូវជាតិលេខ១ ធ្វើរួចរាល់។ ពួកគាត់សុទ្ធតែអះអាងថា តំបន់ភាគខាងត្បូងឈៀងខាងកើតរាជធានីភ្នំពេញ កំពុងតែមានហាងឆេងដីធ្លីយ៉ាងខ្លាំង។
ពួកគេរំពឹងថា តំបន់ភាគខាងត្បូងឈៀងខាងកើតរាជធានីនេះ ទៅថ្ងៃអនាគត នឹងក្លាយជាក្រុងរណប ជួយរំលែកបន្ទុកកំណើនប្រជាជនដ៏ឆាប់រហ័ស ពីតំបន់ភាគកណ្ដាលនៃរាជធានីភ្នំពេញ៕