ភ្នំពេញ៖ មនុស្សម្នាក់ៗសុទ្ឋតែមានប្រវត្តិតស៊ូខុសៗគ្នា ប៉ុន្តែភាពឆ្លាតវៃ និងការដើរលើផ្លូវត្រូវក្នុងឆាកជីវិត បានធ្វើឲ្យបុគ្គលនោះជោគជ័យដោយទទួលបានទាំងកេរ្ត៍ឈ្មោះល្អ និងទ្រព្យសម្បត្តិហូរហៀរ។
កើតនៅក្នុងសង្កាត់លេខ៥ (សង្កាត់ទួលស្វាយព្រៃ) ក្រុងភ្នំពេញ ក្នុងគ្រួសារ ដែលមានម្តាយជាអាជីវករ និងឪពុកជាមន្ត្រីបច្ចេកទេសនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាទសវត្សរទី៨០ កុមារនួន រិទ្ឋីជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់។
កុមារនួន រិទ្ឋីចាប់ផ្តើមចូលរៀនតំបូងនៅសាលាបឋមសិក្សាទួលស្លែង អនុវិទ្យាល័យទួលស្វាយព្រៃ និងបន្តការសិក្សានៅវិទ្យាល័យព្រះយុគន្ឋរ មុនបន្តការសិក្សាបរិញ្ញាបត្រផ្នែកវិស្វករសំណង់ស៊ីវិល នៅសាកលវិទ្យាល័យន័រតុន ហើយបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងជំនួញអន្តរជាតិនៅសាកលវិទ្យាល័យបៀលប្រាយ។
ជីវិតក្រីក្រ
ដោយសារម្តាយរកស៊ីតូចតាច និងឪពុកជាមន្ត្រីរាជការ បានធ្វើឲ្យក្រុមគ្រួសារលោកនួន រិទ្ឋីមានជីវភាពលំបាក។ ដោយមើលឃើញភាពលំបាកនេះ និងចង់សម្រាលបន្ទុកគ្រូសារ ពេលខ្លះលោកនួន រិទ្ឋីដែលបានចម្រើនវ័យជំទង់បានលួចទៅធ្វើការសំណង់ ដោយទទួលបានប្រាក់ក្នុងមួយថ្ងៃ ៧០០០ ទៅ ៨០០០រៀលក្នុងមួយថ្ងៃ។ បន្ទាប់ពីការងារនេះមានភាពលំបាកខ្លាំង លោកនួន រិទ្ឋីបានប្រកបរបរថ្មីទៀត គឺលក់កាសែតនៅតាមផ្សារ និងទីតាំងមួយចំនួន ដែលទទួលបានប្រាក់កំរ៉ៃសមរម្យ ដោយសារលោកបានបែងចែកផែនការ និងគោលដៅច្បាស់លាស់ ក្នុងការចែកចាយកាសែត។
ចាប់ផ្តើមអាជីវកម្មខ្នាតតូច
ប្រហែលជាមានឈាមជ័រជាអ្នកជំនួញ បានធ្វើឲ្យយុវជននួន រិទ្ឋីមានឧបនិស្ស័យជាអ្នកជំនួញ តាំងពីពេលដែលខ្លួនចាប់ផ្តើមពេញជំទង់ ដោយលោកបានចាប់ផ្តើមនូវអាជីវកម្មជាអ្នកលក់កាសែតដ៏កាក់កប ធៀបនឹងអ្នកលក់កាសែតដទៃទៀត ដែលភាគច្រើនមិនសូវមានភាពជោគជ័យ។
លោកបានលើកឡើងពីអាជីពលក់កាសែតរបស់ខ្លូនថា“ខ្ញុំមានផែនការ និងគោលដៅជាស្រេចនៅពេលលក់កាសែត ដោយសម័យនោះកាសែតរស្មីកម្ពុជាលក់ដាច់ខ្លាំង ហើយកាសែតនេះ មានសរសេរព៌តមានពីសេដ្ឋកិច្ចមួយចំនួន អាជីវករនៅផ្សារអូឡាំពិកចូលចិត្តអានកាសែតនេះ ហើយខ្ញុំបានយកកាសែតដើរដាក់នៅតាមតូបនិមួយៗ និងប្រមូលលុយនៅពេលក្រោយ។លោកបន្តថា “បន្ទាប់ពីបោះកាសែតរស្មីកម្ពុជា នៅតូបផ្សារអូរឡាំពិកហើយ ខ្ញុំដើរទៅតាមរោងកាហ្វេលក់កាសែតមនសិកាខ្មែរ ដោយសារអ្នកនៅតាមរោងកាហ្វេចូលចិត្តកាសែតប្រឆាំង។
ជាមួយនឹងគោលដៅជាក់លាក់ យុវជននួន រិទ្ឋីក៏បានឈរលក់កាសែតនៅស្ថានីយ៍ប្រេងឥន្ឋនៈសែល ស្ថិតនៅលើផ្លូវមុនីវង្ស ក្បែរផ្លូវភ្លោះអូរឬស្សីសព្វថ្ងៃនេះយ៉ាងកាក់កបផងដែរ។
ចាប់ផ្តើមអាជីពការងារដ៏ជោគជ័យ
ទោះជាការងារលក់កាសែតជោគជ័យក៏ដោយ ក៏លោកនួន រិទ្ឋីបានបោះបង់ចោល ដោយផ្តោតលើការសិក្សាជាចំបងវិញ ព្រោះក្នុងចំណោមបងប្អូនរបស់លោកមានប្អូនស្រីម្នាក់បានលះបង់ការសិក្សា និងមកជួយម្តាយរបស់លោក ដើម្បីពង្រីកមុខរបររកស៊ី ហើយធ្វើឲ្យជីវភាពគ្រួសារកាន់តែប្រសើរ។
ពេលជីវភាពកាន់តែប្រសើរ លោកបានផ្តោតសំខាន់លើការសិក្សា ទីបំផុតលោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យន័រតុន និងចាប់ផ្តើមចេញធ្វើការលើកតំបូងនៅក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីមួយ គឺក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបនៅឆ្នាំ២០០៤ ដោយទទួលបានប្រាក់ខែ តំបូងត្រឹម៨០ដុល្លារអាមេរិកក្នុងមួយខែប៉ុណ្ណោះ ប៉ុន្តែក្នុងពេលបំពេញការងារ លោកបានទទួលការលើកទឹកចិត្តពីអគ្គនាយកក្រុមហ៊ុន ហើយលោកបានឡើងតំណែងរហូត តាំងពីបុគ្គលិកធម្មតាមកជាបុគ្គលិកផ្នែកវាយតម្លៃ ប្រធានផ្នែក មកកាន់តំណែងជាអ្នកគ្រប់គ្រងផ្នែកវាយតម្លៃ មុនបន្តកាន់តំណែងជានាយកប្រតិបត្តិ និងជាអគ្គនាយកក្រុមហ៊ុន។
អ្វីជាហេតុផលនៅពីក្រោយភាពជោគជ័យនេះ លោកឧកញ៉ានួន រិទ្ឋីបានថ្លែងឲ្យដឹងថា “នៅពីក្រោយភាពជោគជ័យរបស់ខ្ញុំមានកត្តាមួយចំនួនដូចជា ទី១ ទាំងនៅក្នុងប្រវត្តិនៃការសិក្សា និងការងាររបស់ខ្ញុំ ខ្ញុំតែងតែមានគោលដៅច្បាស់លាស់ និងមានផែនការក្នុងជីវិតរបស់ខ្ញុំ។
ការទទួលបានការដំឡើងតំណែងពីចៅហ្វាយរបស់ខ្ញុំ គឺដោយសារខ្ញុំតែងតែមានការទទួលខុសត្រូវលើការងាររបស់ខ្ញុំ និងកាតព្វកិច្ចរបស់ខ្ញុំ និងមិនដែលយកពេលវេលារបស់ក្រុមហ៊ុនមកធ្វើការងាររបស់ខ្លួន និងបំរើផលប្រយោជន៍របស់ខ្លួនទេ។ ទី២ ខ្ញុំតែងតែគិតពីផលប្រយោជន៍សមូហភាព គិតទៅលើកិត្តិយសរបស់ក្រុមហ៊ុន ច្រើនជាងកិត្តយសរបស់ខ្ញុំ ព្រោះខ្ញុំយល់ថាបើស្ថាប័នខ្ញុំធ្វើការមានកិត្តិយស មានមុខមាត់ ខ្ញុំនឹងមានភាពរីករាយជាមួយសហគមន៍របស់ខ្ញុំ។
ទី៣ ខ្ញុំយល់ច្បាស់នូវកាលៈទេសៈ និងភាពបត់បែនក្នុងការងារ ដែលខ្ញុំត្រូវមានសិល្បៈក្នុងការងារ ដោយត្រូវធ្វើឲ្យអ្នកធ្វើការជាមួយគ្នា ទទួលស្គាល់សមត្ថភាពខ្ញុំ។ គុណភាពការងារ និងប្រសិទ្ឋិភាពការងារ និងធ្វើឲ្យមានប្រាក់ចំណេញដល់ក្រុមហ៊ុន។ ទី៤ យើងត្រូវយល់ពីការងារស្នូលរបស់យើង ការងារស្នូលនៃមុខជំនួញ ព្រោះនៅក្នុងជីវិត បើយើងមិនយល់ពីការងាររបស់យើង មិនយល់ពីស្នូលនៃការងាររបស់យើង យើងដើរមិនដល់គោលដៅនោះទេ។
ការពង្រីកចំណេះដឹង
ចំណេះដឹងពិតជាមានសារៈសំខាន់ណាស់ ដើម្បីកំណត់មូលដ្ឋាននៃភាព ជោគជ័យរបស់បុគ្គលនិមួយៗ ដោយយល់ពីសារៈសំខាន់នៃចំណេះដឹងបែបនេះ ហើយ ទើបលោកឧកញ៉ានួន រិទ្ឋីតែងតែពង្រីកចំណេះដឹងរបស់ខ្លួន តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលនានា ដើម្បីមានមូលដ្ឋានកាន់តែរឹងមាំក្នុងការធ្វើការជាមួយក្រុមហ៊ុន និងអតិថិជនជាដៃគូរបស់យើង។
លោកបន្តថា “អ្វីសំខាន់មិនអាចខ្វះបាន គឺការទទួលខុសត្រូវ គឺខុសទទួលថាខុស បើយើងត្រូវ យើងត្រូវតែចេះជជែកវែកញែក មិនមែនធ្វើជាមនុស្សចេះតែ Yes និង No ទេ ទើបគេមើលឃើញយើងក្នុងលក្ខខ័ណ្ឌជាអ្នកដឹកនាំ។ លោកបន្តថា “ពន្លកនៃអ្នកដឹកនាំគឺហ៊ាននិយាយ ហ៊ានវែកញែក រកខុសរកត្រួវ ហើយយើងនិយាយអ្វីគួរនិយាយ ធ្វើអ្វីដែលយើងគួរធ្វើ ហើយខ្ញុំបំរើការងាក្នុងក្រុមហ៊ុន គឺមិនធ្វើតាមចិត្តខ្ញុំទេ គឺធ្វើតាមគោលការណ៍របស់ក្រុមហ៊ុន។
ចាប់ផ្តើមជំនួញអចលនទ្រព្យ
ជាមួយនឹងភាពឆ្លាតវៃ និងមានចក្ខុវិស័យវែងឆ្ងាយ លោកឧកញ៉ានួន រិទ្ឋីបានចាប់ផ្តើមជំនួញដីធ្លី តាំងពីពេលលោកកំពុងសិក្សាម្លេះ ដោយសារពេលនោះគ្រួសារលោកមានដី និងបានសាងសង់ផ្ទះប្រវ៉ាស់ជាមួយគេ ដោយទទួលបានផ្ទះពីរល្វែង និងលក់មួយល្វែងយកមកដោះស្រាយបញ្ហាគ្រួសារ និងពង្រីកមុខជំនួ ញ គឺទិញដីថោកៗហើយលក់បានចំណេញជាបន្តបន្ទាប់ និងចាប់ផ្តើមមានទុនជាបណ្តើរៗសម្រាប់វិនិយោគ តាំងពីពេលលោកមិនទាន់ចូលធ្វើការ។
លោកឧកញ៉ាបានពន្យល់ពីការចាប់ផ្តើមជំនួញដីធ្លីរបស់ខ្លួនថា “ខ្ញុំចាំពាក្យចាស់ថាមនុស្សកើត ដីអត់កើតទេ ហើយពាក្យចាស់មួយទៀតថា ចង់មានត្រូវយកលុយកប់នឹងធរណី។លោកបន្តថា “មានពាក្យចាស់មួយទៀតលើកឡើងថា ចង់មានឲ្យជួញអង្ករ ចង់ក្រជួញឡានចាស់។
ពីមុនយើងមិនមានមូលដ្ឋានចំណេះដឹងអ្វី ក្រៅពីស្តាប់ពាក្យចាស់ណែនាំទេ ប៉ុន្តែបច្ចុប្បន្នយើងមានព៌តមានសម្បូរបែប សម្រាប់យកមកវិភាគពីសេដ្ឋកិច្ច និងសង្គម ដែលជាមូលដ្ឋានសំខាន់នៃការសម្រេចចិត្តរបស់យើង។
ការរៀបកា រនិងគ្រួសារ
ក្នុងកំឡុងពេលបំពេញការងារផ្ទាល់ខ្លួន ដោយជោគជ័យក្នុងជំនួញដីធ្លី លោកឧកញ៉ានួន រិទ្ឋីបានជួបជាមួយភរិយាលោក គឺកញ្ញាអៀត ដារីនិងបានរៀបការនៅឆ្នាំ២០០៣ និងបច្ចុប្បន្នទទួលបានបុត្រចំនួនបួននាក់ ប្រុសពីរ និងស្រីពីរជាចំណងដៃ។
អនុសាសន៍
ជាមួយនឹងភាពជោគជ័យ ដោយសារមានចក្ខុវិស័យ និងផែនការច្បាស់លាស់ក្នុងឆាកជីវិត លោកឧកញ៉ានួន រិទ្ឋីចង់ឲ្យយុវជនជំនាន់ក្រោយផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ ព្រោះយុវជនមួយចំនួននាពេលសព្វថ្ងៃចង់ឡូយ ចង់កាលីប តែមិនចង់ធ្វើការនិងមិនសូវខិតខំរៀនសូត្រ។
លោកឧកញ៉ាបានបន្តថា ដើម្បីឲ្យយុវជនទទួលបានជោគជ័យ ក៏ទាមទារការចូលរួមកំណត់គោលដៅ ពីក្រុមគ្រួសាររបស់ពួកគេផងដែរ។ ក្រុមគ្រួសារពួកគេត្រូវកំណត់ថា “ឲ្យកូនរបស់ពួកគេរៀន គោលដៅដើម្បីធ្វើអ្វី និងត្រូវយល់ពីទីផ្សារការងារច្បាស់លាស់ថា តើរៀនចប់បរិញ្ញាបត្រចំទីផ្សារដែរឬទេ?” ។លោកបន្តថា “ខ្ញុំចង់ឲ្យយុវជនងាកមករកជំនាញវិញ ព្រោះយើងអត់មានជំនាញទេ យើងមានតែ Hard skill អ្នកណាក៏រៀនចេះដែរ តែជំនាញ Soft Skill មិនមានពិតជាលំបាកហើយ។
ហេតុនេះបើប្អូនៗយុវជនចំណាយពេល៤ឆ្នាំរៀនបរិញ្ញាបត្រ ចាយលុយផ្ទះ អស់៨០០០ដុល្លារឬច្រើនជាងនេះ ដើម្បីអាចបញ្ចប់បរិញ្ញាបត្រមួយ ប៉ុន្តែបើសិនជាពួកគេស្ថិត ក្នុងគ្រួសារមានជីវភាពមធ្យមឬក្រោមមធ្យម ពួកគេគួរតែធ្វើការលើជំនាញដូចជា ជាងឡាន ជាងម៉ាស៊ីនត្រជាក់ ពួកគេរកលុយបាន ហើយបន្ទាប់ពី រយៈពេល៤ឆ្នាំពួកគេពួកគេក្លាយជាជាងចំណាន និងទទួលបានប្រាក់ខែ៤០០ទៅ៥០០ដុល្លារអាមេរិក ប៉ុន្តែអ្នករៀន៤ឆ្នាំ ចេញមកវិញបានប្រាក់ខែត្រឹម២០០ទៅ២៥០ដុល្លារ ហើយបើគ្មានបទពិសោធន៍វិញ ពួកគេទទួលបានប្រាក់ខែជាង១០០ដុល្លារប៉ុណ្ណោះ។ ផ្ទុយទៅវិញបើពួកគេរៀនបានទទួលជំនាញពិតប្រាកដ ពិតជាមិនខ្វះការងារធ្វើទេ។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា “យុវជនមួយចំនួនឆ្លើយថា ដើម្បីមានការងារដល់តែមានបក្ខពួក ជាការយល់ច្រឡំហើយ។ ព្រោះក្រុមហ៊ុននិមួយៗគេរើសមនុស្សមកធ្វើការ គេយកធនធានមនុស្សពិតប្រាកដ។លោកបន្តថា “យុវជនបញ្ចប់ពីសាលាបច្ចុប្បន្ន ពេលរើសយកមកធ្វើការដល់តែដុសខាត់រយៈពេល៦ខែ ទើបអាចធ្វើការបាន។
លោកបន្តថា “ហេតុនេះបើស្ថិតក្នុងគ្រួសារមានជីវភាពមធ្យម ឬក្រោមមធ្យមយុវជនគួររៀនជំនាញ ជាជាងរៀនបរិញ្ញាបត្រ ដើម្បីកុំឲ្យខាតពេលវេលា ហើយអាចធ្វើការពេលថ្ងៃ និងរៀនពេលយប់បាន”៕