Hot line: +855 (0)99 283 388
● You are in: Media > Detail News
ការ​អភិវឌ្ឍ​ទីក្រុង​នៅ​រាជ​ធានី​ភ្នំពេញ នៅតែ​ប្រឈម​នឹង​បញ្ហា​ច្រើន ខណៈអ្នកជំនាញកំពុងព្រួយបារម្ភ
Date: 2017-12-26

នៅ​ឆ្នាំ​២០១៨ កំណើន​ប្រជាជន​រស់នៅ​តំបន់​ទីក្រុង​នឹង​កើន​ឡើង​ដល់​ជាង ៣​លាន​នាក់ ខណៈ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ដុតដៃ​ដុត​ជើង​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ការ​ពង្រីក​ទីក្រុង​ថ្មី​បន្ថែម​ទៀត ដើម្បីឆ្លើយតបទៅនឹង​កំណើន​ប្រជាជន​នេះ។ យ៉ាង​ណា​ក៏​ដោយ របាយការណ៍​ថ្មី​បំផុត​មួយ​របស់​ធនាគារ​ពិភព​លោក បាន​បង្ហាញ​ថា ការ​អភិវឌ្ឍ​ទីក្រុង​ក្នុង​រាជ​ធានី​ភ្នំពេញ នៅតែ​មាន​បញ្ហា​ប្រឈម​ច្រើន ខណៈ​អ្នក​ជំនាញ​មួយ​ចំនួន​ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​នេះ​ដូចគ្នា។

កំណើន​នៃ​ប្រជាជន​រស់នៅ​ក្នុង​តំបន់​ទីក្រុង​បាន​និង​កំពុង​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​តម្រូវការ​ឲ្យ​ការ​ពង្រីក​អភិវឌ្ឍ​ទីក្រុង ពិសេស​ក្នុង​រាជ​ធានី​ភ្នំពេញ ត្រូវ​ឆ្លង​កាត់​ការ​សិក្សា​យ៉ាង​ម៉ត់ចត់​គ្រប់​ជ្រុង​ជ្រោយ ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ យ៉ាង​ណា​ក៏​ដោយ តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ធនាគារ​ពិភព​លោក បាន​បង្ហាញ​ថា មាន​កត្តា​ប្រឈម​ជា​ច្រើន ក្នុង​ការ​ផ្តល់​ជា​សេវាកម្ម​ជា​មូលដ្ឋាន​សំខាន់ៗ​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ទីក្រុង​ក្នុង​រាជ​ធានី​ភ្នំពេញ។ 

ជាក់​ស្ដែង ការ​អភិវឌ្ឍ​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ ស្ថានីយ​កែច្នៃ​ទឹក​ស្អុយ សេវា​ដឹក​ជញ្ជូន​សាធារណៈ និង​ការ​គ្រប់គ្រង​កាក​សំណល​​រឹង នៅតែ​ជា​ផល​លំបាក​មួយ​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​នៅ​រាជ​ធានី​ភ្នំពេញ​ប្រកប​ដោយ​ចីរភាព។ ជាមួយ​គ្នា​នេះ ការ​គ្រប់គ្រង​និង​ការ​ផ្តល់​ហិរញ្ញប្បទាន​លើ​ការ​រៀបចំ​ក្រុង ការ​ពង្រឹង​អភិបាល​កិច្ច និង​ការ​ផ្តល់​សេវាកម្ម ក៏​ជួប​បញ្ហា​ប្រឈម​ដែរ។

របាយការណ៍​ស្តីពី​ការ​អភិវឌ្ឍ​ទីក្រុង​នៅ​រាជ​ធានី​ភ្នំពេញ​របស់​ធនាគារ​ពិភព​លោក ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ដ្បិត​ថា ការ​រីក​លូត​លាស់​ដ៏​ឆាប់​រហ័ស​នៃ​រាជ​ធានី​ភ្នំពេញ​ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លង​មក​នេះ បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើន​ឱកាស​ការងារ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ក៏​ពិត​មែន។ ប៉ុន្តែ ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​លើក​កម្ពស់​ផែនការ ការ​គ្រប់គ្រង និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​ទីក្រុង គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ជៀសវាង​ការ​រីក​រាល​ដាល​នៃ​ភាព​គ្មាន​សណ្តាប់​ធ្នាប់ ការ​ស្ទះ​ចរាចរណ៍ និង​ការ​បំពុល​ផ្សេងៗ។

របាយការណ៍​នេះ បាន​ផ្តល់​នូវ​អនុសាសន៍​ជា​ច្រើន ដើម្បី​ធ្វើ​ឲ្យ​ការ​រីក​លូត​លាស់​នៅ​ក្នុង​ទីក្រុង​កាន់​តែ​មាន​លក្ខណៈ​ប្រកួត​ប្រជែង កាន់​តែ​មាន​និរន្តរភាព និង​កាន់​តែ​គ្រប​ដណ្តប់​ទូលំ​ទូលាយ​លើ​វិស័យ​សំខាន់ៗ​ចំនួន បួន។ 

 

  1. ទីមួយ គឺ​​ត្រូវ​​កែ​​​លម្អ​​​ស្ថាប័ន និង​អភិបាល​កិច្ច ដើម្បី​ឲ្យ​ទីក្រុង​អាច​អភិវឌ្ឍ​ទៅ​បាន​ប្រកប​ដោយ​ភាព​សុខដុម និង​មាន​ប្រសិទ្ធភាព​ជាងមុន។ 
  2. ទីពីរ គឺត្រូវកែ​លម្អ​ផែនការ​រៀបចំ​ទីក្រុង​និង​ការ​អនុវត្ត​ផែនការ តាមរយៈ​ការ​បង្កើត​បទដ្ឋាន​គតិយុត្តិ ក្របខ័ណ្ឌ​ច្បាប់ និង​ពង្រឹង​ផែនការ​រៀបចំ​ទីក្រុង​ដែល​មាន​ស្រាប់។ 
  3. ទីបី គឺ​ត្រូវ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង​ដែល​ប្រកប​ដោយ​និរន្តរភាព ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅ​និង​ភាព​ប្រកួត​ប្រជែង។ 
  4. ទីបួន គឺ​ត្រូវ​ធានា​ថា ការ​រៀបចំ​ទីក្រុង​ត្រូវ​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​វិសមភាព។

 

លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកា​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចំា​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “រាជ​ធានី​ភ្នំពេញ​ប្រឈម​នឹង​ឱកាស​ដ៏​សំខាន់​មួយ​ក្នុង​ការ​កែ​ខៃ​ទីក្រុង​ជា​វិជ្ជមាន​មួយ​សម្រាប់​អនាគត​របស់​​ខ្លួន ការ​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន​ថែម​ទៀត និង​ការ​បង្ក​លទ្ធភាព​ឲ្យ​មាន​សេវា​កម្ម​កាន់​តែ​ប្រសើរ​ជាង​មុន។ ការ​អភិវឌ្ឍ​ទីក្រុង​ដែល​មាន​ការ​គ្រប់គ្រង​និង​រៀបចំ​ផែនការ​បាន​ល្អ​អាច​ជួយ​ធ្វើ​ឲ្យ​ទីក្រុង​មាន​ភាព​ល្បីល្បាញ​ក្នុង​ការ​ធានា​ឲ្យ​មាន​ស្តង់ដារ​រស់នៅ​ប្រសើរ​សម្រាប់​អនាគត​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ។”

ទាក់ទិន​នឹង​​គម្រោង​​​អភិវឌ្ឍ​ទីក្រុង​នេះ​ដែរ លោក​ឧកញ៉ា នួន ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ KFA បាន​លើក​ឡើង​ដែរ​ថា កាល​ពី​មុន​រាជ​ធានី​ភ្នំពេញ​មាន​ទំហំ​តូច​ដែល​អាច​បម្រើ​ដល់​ការ​រស់នៅ​របស់​ប្រជាជន​ប្រមាណ​១​លាន​នាក់​បុណ្ណោះ តែ​បច្ចុប្បន្ន​កំណើន​លូតលាស់​ផ្នែក​សេដ្ឋកិច្ច បាន​ធ្វើ​ឲ្យ​ប្រជាជន​បាន​នាំ​គ្នា​មក​រស់នៅ​ទីក្រុង​កាន់​តែ​ច្រើន​ឡើងៗ ដែល​តម្រូវ​ឲ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​មាន​គោល​នយោបាយ​ជាក់​លាក់​ក្នុង​ការ​អភិវឌ្ឍ។ 

ក្នុង​នោះ​ដែរ ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដូចជា ផ្លូវ​ថ្នល់ ឲ្យ​មាន​ភាព​ប្រទាក់​ក្រឡា គឺ​ជា​រឿង​ចាំបាច់​បំផុត ដើម្បី​បញ្ជៀស​ការ​កកស្ទះ​ចរចរណ៍ ពិសេស គឺ​ការ​បង្កើត​ឡើង​នូវ​ទីក្រុង​រណប​ថ្មីៗ ក៏​ជា​កត្តា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាជន និង​ជា​គម្រោង​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ផង​ដែរ។ តួយ៉ាង ការ​បង្កើត​នូវ​ទីក្រុង​រណប​ធំៗ ខណៈ​ដែល​បច្ចុប្បន្ន​មាន ៧​ទីក្រុង​រណប​ហើយ ដែល​បាន​និង​កំពុង​សាងសង់ ពិសេស​គឺ​ទីក្រុង​រណប​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​រង្វង់​ផ្លូវ​ក្រវាត់​​ក្រុង​ទី៣។ កំណើន​ទីក្រុង​រណប​នេះ ក៏​បាន​ជួយ​ជំរុញ​មួយ​ផ្នែក​ដល់​សក្ដានុពល​ម៉ាក្រូ​សេដ្ឋកិច្ច ដូចជា ការ​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ និង​ការ​លើក​ស្ទួយ​នូវ​មុខ​មាត់​ប្រទេស​ជាតិ​ផងដែរ។ 

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL ដែល​ជា​អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​ចាស់​វស្សា​មួយ​រូប ក៏​បាន​សម្ដែង​នូវ​ក្ដី​ព្រួយ​ផង​ដែរ ប្រសិន​បើ​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​មិន​បាន​គោរព​ទៅ​តាម​បែប​បទ​របស់​អាជ្ញាធរ ពោល​គឺ​ធ្វើការ​អភិវឌ្ឍ​មិន​ស្រប​ទៅ​តាម​ប្លង់មេ ដោយ​ច្រើន​តែ​អភិវឌ្ឍ​ដើម្បី​តែ​ផល​ចំណេញ​ផ្ទាល់​ខ្លួន ដែលវាអាចនឹងផ្ដល់នូវផលលំបាននៅពេលអនាគតផងដែរ។ តួយ៉ាង វា​នឹង​ធ្វើឲ្យ​ការ​ប្រើប្រាស់​ដីធ្លី​សម្រាប់​ការ​អភិវឌ្ឍ​មិន​មាន​យុទ្ធសាស្ត្រ ពោល​គឺ​តម្លៃ​ដី​ធ្លី​មាន​ការ​កើន​ឡើង ថយ​ចុះ មិន​ស្រប​ទៅ​តាម​តម្លៃ​ទីផ្សារ ហើយ​វា​ក៏​នឹង​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​ការ​រស់នៅ​តំបន់​នោះ មិន​មាន​ភាព​ល្អ​ប្រសើរ​នោះ​ដែរ។

លោក​​ឧកញ៉ា​​បាន​​គូស​​​បញ្ជាក់​​ថា ការ​កំណត់​នូវ​ប្លង់​មេ​ច្បាស់​លាស់​នោះ គឺ​សម្ដៅ​លើ​ការ​កំណត់​ជា​យុទ្ធសាស្ត្រ ឬ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​អភិវឌ្ឍ តួយ៉ាង បច្ចុប្បន្ន មានផ្លូវ ស្ពាន ស្ពានអាកាស​សម្រាប់​ធ្វើ​ដំណើរ តែ​អនាគត​យើង​នឹង​ត្រូវការ​ស្ពាន​អាកាស​កាន់​តែ​ច្រើន ផ្លូវ ឬ​រថភ្លើង​ក្រោម​ដី ដែល​ជា​ទំនោរ​តម្រូវការ​មួយ​ដូច​ទៅ​នឹង​ប្រទេស​អភិវឌ្ឍន៍​នានា​ដែរ។ 

ដូច្នេះ​ហើយ រាជ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​កំណត់ដៅ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​នៃ​វិស័យ​ឯកជន​ក៏​ត្រូវតែ​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ដើរ​ស្រប​ទៅ​តាម​ប្លង់​គោល​នេះ​ដែរ ដើម្បី​ជៀសវាង​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ។

សូម​ជម្រាប​ដែរ​ថា បើ​តាម​ការ​ព្យាករ​នៅ​ឆ្នាំ​២០១៨ ប្រជាជន​ដែល​រស់នៅ​តំបន់​ទីក្រុង នឹង​កើន​ឡើង​ដល់​ជាង ៣​លាន​នាក់ ស្មើនឹង​២១%​នៃ​ប្រជាជន​សរុប ខណៈ​ដែល​នៅ​ឆ្នាំ​២០៥០ នឹង​មាន​ប្រជាជន​រស់​នៅ​តំបន់​ទីក្រុង ៣៦% នៃ​ប្រជាជន​សរុប។ ដូច្នេះ វាទាមទារ​ឲ្យ​អាជ្ញាធរ​មាន​ការ​គិតគូរ និង​សម្រួច​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ និង​គ្រប់គ្រង​ឲ្យ​បាន​ស្រួច​ស្រាល់​ថែម​ទៀត។ 

តំបន់​ដែល​ជា​ទិសដៅ​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​បន្ទាប់​រាជ​ធានី​ភ្នំពេញ​ មាន​ដូចជា ខេត្ត​បាត់ដំបង និង​សៀមរាប ជាដើម។ ដោយ​ឡែក សម្រាប់​រាជ​ធានី​ភ្នំពេញ​បច្ចុប្បន្ន​ក៏​ត្រូវបាន​ពង្រីក​ផ្ទៃ​ក្រឡា​ធំ​ជាង​មុន​ផង​ដែរ  ពោល​គឺ​មាន​ខណ្ឌ​ចំនួន​១២ និង​គ្រប់​ដណ្ដប់​លើ​ផ្ទៃ​ក្រឡា​សរុប​ជាង ៦៧៨​គីឡូម៉ែត្រ​ការ៉េ៕  

Source From: https://cambonomist.com
Share
Our Partners