ក្រុមហ៊ុនដ៏ល្បីរបស់បារាំង AccorHotels នឹងបើកសណ្ឋាគារលំដាប់ផ្កាយ៤ មានតម្លៃមធ្យម សម្រាប់ភ្ញៀវលំដាប់កណ្ដាល នៅកម្ពុជា ក្នុងពេលឆាប់ៗ ខណៈចិនក៏បានសន្យាថា នឹងបើកសណ្ឋាគារតម្លៃមធ្យមឲ្យបាន១០០ផងដែរ នៅក្នុងកំឡុងពេល៥ឆ្នាំ។
ក្រុមហ៊ុន AccorHotels បានជ្រើសទីតាំងសំខាន់ៗចំនួនបី ដើម្បីសាងសង់សណ្ឋាគារលំដាប់នេះ ដែល ទីតាំងទីមួយនៅរាជធានីភ្នំពេញ និងទីពីរនៅក្រុងព្រះសីហនុ ទីតាំងទីបីគឺស្ថិតនៅខេត្តសៀមរាប ហើយ រាល់ទីតាំងនីមួយៗ នឹងផ្ដល់ការងារថ្មី ៦០០កន្លែង។
សណ្ឋាគារលំដាប់ផ្កាយ៤ នេះ ជាការវិនិយោគរួមគ្នាជាមួយវិនិយោគិនក្នុងស្រុក ដោយបានសម្លឹងឃើញពីមានកំណើនសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ និងមានភ្ញៀវទេសចរគ្រប់លំដាប់ថ្នាក់ដែលត្រូវការស្នាក់នៅ។
ក្រុមហ៊ុនសណ្ឋាគារដ៏ល្បីល្បាញរបស់បារាំង AccorHotels ដែលបច្ចុប្បន្ននេះមានសណ្ឋាគារជាង ៤០០០នៅក្នុងប្រទេស៩៥ នៅជុំវិញពិភពលោក នឹងបើកសណ្ឋាគារតម្លៃមធ្យមសម្រាប់ភ្ញៀវលំដាប់កណ្ដាលនៅកម្ពុជាដើម្បីបំពេញតម្រូវការទីផ្សារបន្ថែម។ នេះបើតាមការប្រកាសរបស់តំណាងក្រុមហ៊ុននៅក្នុងសន្និសីទសារព័ត៌មានរបស់ AccorHotels នាព្រឹកនេះ។
កន្លងទៅថ្មីៗនេះ ចិនសន្យាថានឹងសាងសង់សណ្ឋាគារតម្លៃសមរម្យឲ្យបាន ១០០ នៅភ្នំពេញ និងតំបន់ឆ្នេរ នៅក្នុងរយៈពេល៥ឆ្នាំ ដោយយោងតាមបទពិសោធន៍ការអនុវត្តជោគជ័យដែលក្រុមហ៊ុនបានធ្វើនៅខេត្ត Shenzhen ប្រទេសចិន មកជួយអភិវឌ្ឍកម្ពុជា។
ក្រៅពីការសាងសង់សណ្ឋារការតម្លៃសមរម្យឲ្យបាន១០០ ហើយនោះ ចិនក៏នឹងជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងភាសាចិនដោយឥតគិតថ្លៃ។