រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន មានប្រទេសចំនួន១៨ ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗ ជាពិសេស វិស័យសំណង់អគារ ប៉ុន្តែក្នុងចំណោមប្រទេសទាំង១៨នោះ មានតែប្រទេស៣ប៉ុណ្ណោះដែលបោះទុនវិនិយោគច្រើនជាងគេ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាកាលពីព្រឹកថ្ងៃទី៣០ វិច្ឆិកា ថា ប្រទេសទាំង៣ ដែលកំពុងវិនិយោគច្រើនជាងគេនោះ រួមមាន ចិនជាប់ចំណាត់ថ្នាក់លេខ១, កូរ៉េជាប់ចំណាត់ថ្នាក់លេខ២ និងជប៉ុនជាប់ចំណាត់លេខ៣ ។
លោកថ្លែងថា ៖« ក្នុងនាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលមួយផងនោះ សន្យាជួយដល់បណ្ដាវិនិយោគិនបរទេស និងក្នុងស្រុកទាំងអស់ ដែលកំពុងបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសឲ្យកាន់តែប្រសើរឡើង និងបង្កើនល្បឿនវិនិយោគកាន់តែរហ័សបន្ថែមទៀត » ។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកវិស័យ៤ ជាសសរស្ដម្ភសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះមាន វិស័យកាត់ដេរ ទេសចរណ៍ កសិកម្ម និងសំណង់ ។ សម្រាប់វិស័យសំណង់ កាលពីឆ្នាំ២០១៦ មានទុនវិនិយោគប្រមាណ៥.៥៧៩លានដុល្លារអាមេរិក កើនឡើង៦៨% ធៀបនឹងឆ្នាំ២០១៥ ហើយរយៈពេល១០ខែឆ្នាំ២០១៧ ទុនវិនិយោគលើវិស័យសំណង់មានរហូតដល់៦.២៦៧លានដុល្លារអាមេរិក កើនឡើងប្រមាណ២៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ។
លោកថា ៖« រហូតមកដល់បច្ចុប្បន្ន មានក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមាណ១.០៣៨ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនក្រៅប្រទេសចំនួន៣២៤ក្រុមហ៊ុន គឺមកពីចិន កូរ៉េ ជប៉ុន វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី សហរដ្ឋអាមេរិក បារាំង ឥណ្ឌូណេស៊ី កាណាដា អូស្ត្រាលី អេស្ប៉ាញ ឥណ្ឌា និងហ្វ៊ីលីពីនជាដើម » ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារតែមានការវិនិយោគជាបន្តបន្ទាប់ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ក៏បានជំរុញឲ្យរដ្ឋបាលរាជធានីពង្រីកផ្ទៃដីកាន់តែធំឡើង ។ ជាក់ស្ដែង រហូតមកដល់ពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញមានទំហំផ្ទៃដីសរុបជិត៧០០គីឡូម៉ែត្រការ៉េ កើនទ្វេដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា ។
យោងតាមការព្យាកររបស់ធនាគារពិភពលោក ប្រចាំកម្ពុជា ក៏បានបង្ហាញផងដែរថា សេដ្ឋកិច្ចកម្ពុជានឹងអាចប្រែប្រួល ឬមានឥទ្ធិពល បើសិនជាសេដ្ឋកិច្ចរបស់ចិនថមថយ ឬធ្លាក់ចុះ ។ ទាំងនេះ បានបង្ហាញយ៉ាងច្បាស់ថា ចិនកំពុងតែក្លាយជាទីផ្សារធំក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ ជាក់ស្ដែង គម្រោងវិនិយោគធំៗនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ គឺជាគម្រោងដែលវិនិយោគដោយចិន ហើយបើសិនជាចិនមានវិបត្តិហិរញ្ញវត្ថុណាមួយ ផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា នឹងមានជាក់ជាពុំខាន គ្រាន់តែតិច ឬក៏ច្រើនប៉ុណ្ណោះ ។
គិតចាប់តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១៧នេះ ប្រទេសចិនឈរនៅតែឈរលំដាប់ទី១ ដែលបានបោះទុនវិនិយោគស្មើនឹងទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក តាមពីក្រោយដោយកូរ៉េខាងត្បូង មានទឹកប្រាក់វិនិយោគប្រមាណ១.៦៣៧លានដុល្លារអាមេរិក និងប្រទេសជប៉ុន ឈរនៅចំណាត់ថ្នាក់លេខ៣ បានបោះទុនវិនិយោគក្នុងរយៈពេល១៧ឆ្នាំ ស្មើនឹងទឹកប្រាក់ប្រមាណ២៤៥លានដុល្លារអាមេរិក ៕