រាជធានីភ្នំពេញ ៖ ថ្មីៗនេះ មានលេចឮថា កម្ពុជាគ្រោងសាងសង់អគារមួយដែលមានកម្ពស់៦០០ម៉ែត្រ ខណៈគម្រោងអគារពាណិជ្ជកម្មកម្ពស់៥៥០ម៉ែត្រមានទីតាំងនៅអតីតមណ្ឌលកម្សាន្ដឌ្រីមលែន ត្រូវបានពន្យារពេល ។
បើតាមការបញ្ជាក់ពីមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គម្រោងអគារកម្ពស់កប់ពពកថ្មីមួយនេះកំពុងផ្តួចផ្តើមសាងសង់ក្នុងទីក្រុងនាគរាជសម្តេចតេជោ ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ ។
លោកសាស្ត្រាចារ្យ ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលជាស្ថាបត្យករផ្តួចផ្តើមរៀបចំគម្រោងទីក្រុងនាគរាជសម្តេចតេជោ បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ៖« តាមផែនការមេនៃទីក្រុងនាគរាជសម្តេចតេជោ យើងគ្រោងនឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់៦០០ម៉ែត្រមួយ សម្រាប់ប្រើប្រាស់ជាការិយាល័យកណ្តាលរបស់សម្តេចតេជោ ដែលលោកអាចត្រួតពិនិត្យមើលស្ថានភាព និងការអភិវឌ្ឍប្រទេសចេញពីអគារនេះបាន ព្រោះកម្ពស់៦០០ម៉ែត្រ គឺអាចមើលឃើញទូទាំងប្រទេសហើយ » ។
លោកបន្តថា ៖« អគារនេះនឹងសាងសង់នៅកណ្តាលទីក្រុងនេះ ពេលមានថវិកាគ្រប់គ្រាន់សម្រាប់រៀបចំ ហើយបច្ចុប្បន្ន មានក្រុមហ៊ុនចិនមួយចំនួនកំពុងចាប់អារម្មណ៍ចូលរួមវិនិយោគក្នុងគម្រោងនេះហើយ » ។
លោកបន្ថែមថា ៖« ការសាងសង់ទីក្រុងនេះ ដើម្បីរំឭក និងដឹងគុណសម្តេចតេជោ ក៏ដូចជាបន្សល់ទុកមរតកសម្រាប់មនុស្សជំនាន់ក្រោយ ព្រោះរយៈពេល៥៨០ឆ្នាំហើយ យើងមិនដែលបានសាងសង់ទីក្រុងថ្មីទេ » ។
លោកសាស្ត្រាចារ្យ ភឿង សុភ័ណ្ឌ ដែលបានសញ្ញាបត្រស្មើគ្នានឹងសាស្ត្រាចារ្យវីរស្ថាបត្យករកម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ ផងដែរនោះបានថ្លែងទៀតថា ទីក្រុងនាគរាជសម្តេចតេជោ នឹងសាងសង់មជ្ឈមណ្ឌលអគារពាណិជ្ជកម្ម អគារស្នាក់នៅ និងមជ្ឈមណ្ឌលកម្សាន្ដនានាមានរូបរាងដូចនាគរាជ ដែលត្រូវនឹងឆ្នាំរបស់សម្តេចតេជោ ។
លោកបន្តថា ទីក្រុងនេះនឹងរៀបចំឲ្យមានកំពង់ផែ ដើម្បីភ្ជាប់សេវាកម្មដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិសម្តេចតេជោ ដែលនឹងរៀបចំឲ្យមាននៅក្នុងទីក្រុងនេះផងដែរ ។
ទីក្រុងនេះគ្របដណ្តប់លើផ្ទៃដីជាង៣ម៉ឺនហិកតា និងគ្រោងចំណាយទឹកប្រាក់វិនិយោគ៨០ពាន់លានដុល្លារអាមេរិក ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានថ្លែងថា កម្ពុជាមានសក្តានុពលសម្រាប់រយៈពេល២០ឆ្នាំទៀត ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដោយសារកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ដែលធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង ហើយលំហូរទុនវិនិយោគពីបរទេស នឹងកើនឡើងបន្តទៀត ។
លោកឧកញ៉ាបន្តថា តាមរយៈគោលនយោបាយផ្លូវសូត្ររបស់ប្រទេសចិន កម្ពុជានឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនថែមទៀត ។ លោកឧកញ៉ាថ្លែងថា ៖« ការសាងសង់ទីក្រុងនាគរាជសម្តេចតេជោ នៅប្របនឹងទន្លេមេគង្គ និងទន្លេសាបនេះ ពិតជាមានភាពវិសេសវិសាលណាស់ ព្រោះវានឹងធ្វើឲ្យមុខមាត់កម្ពុជាកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ ធ្វើឲ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត និងអ្វីពិសេសនោះ គឺជាការឆ្លើយតបនឹងអ្វីជាគុណសម្បត្តិរបស់សម្តេច ដែលបានលះបង់កម្លាំងកាយចិត្ត និងរហូតហ៊ានលះបង់ជីវិត ដើម្បីបុព្វហេតុសុខសន្តិភាពនៅកម្ពុជា » ។
អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd លោកស្រី តាំង ហួរ បានថ្លែងថា គម្រោងនេះនឹងដំណើរការដោយជោគជ័យ ប្រសិនជាមានទុនគ្រប់គ្រាន់ដើម្បីចាប់ផ្តើមនិងបញ្ចប់គម្រោង ។ វាគ្មានបញ្ហាទេ សម្រាប់ទីផ្សារ ដោយសារការកើនឡើងនូវសេដ្ឋកិច្ច ស្ថិរភាពនយោបាយរយៈពេលវែង និងការកើនឡើងនូវជនបរទេស ដែលបានមកវិនិយោគនៅកម្ពុជា ។ លោកស្រីបន្តថា ៖« ខ្ញុំជឿជាក់លើសម្តេចតេជោ ព្រោះតែសម្តេចថាហើយគឺធ្វើហើយ ហើយគម្រោងនេះនឹងដើរទៅមុខ »។
ប្រសិនបើគម្រោងអគារមួយនេះជោគជ័យ នឹងក្លាយជាអគារខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ ខណៈបច្ចុប្បន្ន អគារភ្លោះ Petronas Tower ដែលមានកម្ពស់៤៥២ម៉ែត្រ របស់ប្រទេសម៉ាឡេស៊ី កំពុងគ្រងតំណែងជាអគារខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍នេះ ។
តាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតរហូតមកដល់បច្ចុប្បន្ននេះ សំណង់អគារនៅកម្ពុជាកម្ពស់ចាប់ពី៥ជាន់ឡើង មានចំនួន៩៧៩អគារ ៕