បច្ចុប្បន្ន មានអ្នកចាប់អារម្មណ៍វិនិយោគអចលនទ្រព្យប្រភេទខុនដូ ពួកគេម្នាក់ៗមានវិធីសាស្ត្រខុសៗគ្នាក្នុងការជ្រើសរើសខុនដូ ដែលត្រូវការសម្រាប់វិនិយោគ ។ ជាទូទៅ ពួកគេនឹងជ្រើសរើសខុនដូណាគួរឲ្យចាប់អារម្មណ៍, វិនិយោគទៅតាមទីតាំង និងលទ្ធភាពបង្កើតប្រាក់ចំណេញ ប៉ុន្តែមិនមែនគ្រប់ការវិនិយោគទាំងអស់នឹងទទួលបានចំណេញភ្លាមៗទេ ។
ដូច្នេះ យើងគួរតែសិក្សាពីឧបសគ្គ និងអ្វីដែលកើតឡើងក្នុងការវិនិយោគអចលនទ្រព្យប្រភេទខុនដូនេះ ដើម្បីត្រៀមខ្លួនក្នុងឋានៈជាវិនិយោគិន ។
១-ខុនដូអាចគ្មានមនុស្សជួលភ្លាមៗ ៖
បើជ្រើសរើសវិនិយោគលើខុនដូ និងជួល ត្រូវគិតជាមុនថា អ្នកនឹងមិនអាចរកអ្នកមកជួលបានភ្លាមៗទេ ។ ដូច្នេះ គួរតែត្រៀមប្រាក់ទុកជម្រះ យ៉ាងហោចណាស់១ឆ្នាំ ក្នុងការរង់ចាំអ្នកជួល ទើបអ្នកអាចយកប្រាក់ថ្លៃឈ្នួលទៅបង្វិលបង់រំលស់ខុនដូបាន ។
២-មិនទទួលថ្លៃឈ្នួលតាមគោលដៅ ៖
ទោះបីជាអ្នកនឹងគណនា និងដាក់តម្លៃឈ្នួលសមហេតុសមផលសម្រាប់បន្ទប់ដែលបានទិញទុក ប៉ុន្តែវាអាចទៅរួច គឺអ្នកអាចមិនបានទទួលថ្លៃឈ្នួលតាមការរំពឹងទុកពីអ្នកជួល ។ វាដោយសារការចរចាតម្លៃរបស់ពួកគេ, អត្រាថ្លៃឈ្នួលបន្ទប់នៅជុំវិញធ្លាក់ចុះ និងមានបញ្ហាក្នុងការបង់ថ្លៃឈ្នួលខុសពេលវេលាជាដើម ឬហៅងាយៗថា ត្រូវគេប្រកែក ។ ហេតុនេះ អ្នកត្រូវត្រៀមចិត្ត និងដោះស្រាយបញ្ហាទាំងនេះផងដែរ ។
៣-មិនបានតុបតែងបន្ទប់ជាមុន ៖
កុំគិតងាយៗថា នៅពេលជួបមនុស្សចាប់ អារម្មណ៍ជួលបន្ទប់របស់អ្នកហើយនោះ គឺនឹងនាំទៅមើលបន្ទប់ស្រឡះៗ ។ អ្នកគួរតែផ្តល់ភាពសំខាន់ជាមួយការរក្សាសភាពបន្ទប់ ដោយបញ្ជាក់ជាមួយអ្នកជួលឲ្យជួយគ្នាថែទាំ និងជួសជុលកែលម្អជានិច្ច នៅពេលមានការផ្លាស់ប្តូរអ្នកជួល ដើម្បីរក្សាសភាពបន្ទប់ឲ្យមើលទៅល្អជាប្រចាំ ។
៤-កុំសម្រេចចិត្តទិញ ដោយគ្រាន់តែមិត្តភក្តិប្រាប់ ៖
អ្នកត្រូវត្រជាក់ចិត្ត ទោះបីជាមានការទទូចពីមិត្តភក្តិ និងភ្នាក់ងារលក់ថា ឲ្យប្រញាប់សម្រេចចិត្តទិញ ព្រោះតែវាជាទីតាំងល្អណាស់ ឬក៏បបួលថា បើសិនជាទិញទុកនោះ យ៉ាងណាក៏អាចជួល ឬលក់បានថ្លៃយ៉ាងពិតប្រាកដ ។
មុននឹងសម្រេចចិត្ត អ្នកគួរតែសិក្សាទិន្នន័យឲ្យមានទំនុកចិត្ត រួមទាំងប្រៀបធៀបតម្លៃជាមួយគម្រោងផ្សេងៗផងដែរ ដើម្បីទទួលផលចំណេញខ្ពស់បំផុត ។ កុំត្រចៀកស្រាលប្រញាប់ប្រញាល់ទិញតាមពួកគេ ។
៥-កុំគិតយូរពេក ៖
បើអ្នកចាប់អារម្មណ៍វិនិយោគក្នុងអចលនទ្រព្យប្រភេទខុនដូ និងកំពុងតែរារែកថា តើគួរតែវិនិយោគល្អឬទេ ? កុំគិតយូរខ្លាំងពេក ព្រោះនាពេលអនាគតមាននិន្នាការថា តម្លៃខុនដូក្នុងទីតាំងល្អ អាចកើនឡើងខ្ពស់ជារឿយៗ រហូតដល់មនុស្សចាយប្រាក់ខែដូចជាយើងគ្មានលទ្ធភាពទិញក៏ថាបាន ។
ការវិនិយោគក្នុងអចលនទ្រព្យប្រភេទខុនដូនេះ នៅពេលសម្រេចចិត្តទិញ និងជួល គឺប្រៀបដូចជាអ្នកបានក្លាយជាម្ចាស់គ្រប់គ្រងទ្រព្យសម្បត្តិដូច្នេះដែរ ។
ចំណុចមួយទៀតដែលគួរប្រុងប្រយ័ត្ន គឺម្ចាស់អចលនទ្រព្យទាំងអស់ត្រូវដឹងថា អ្នកជួលខុនដូ ឬលំនៅឋានរបស់យើង នៅពេលពួកគេបញ្ឈប់កិច្ចសន្យាជួល ឬរើចេញនោះ ពួកគេបានបង់ថ្លៃទឹក-ភ្លើងរួចរាល់ ចៀសវាងវាធ្លាក់បន្ទុកមកលើយើង ៕