រាជធានីភ្នំពេញ ៖ ក្នុងពេលដែលស្ថានភាពនយោបាយនៅកម្ពុជា ត្រូវបានមតិអន្តរជាតិបង្ហាញពីការព្រួយបារម្ភ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធានាដល់ការវិនិយោគរបស់វិនិយោគិនបរទេសមកពីគ្រប់តំបន់ ដែលកំពុងវិនិយោគ ក៏ដូចជាគ្រោងនឹងមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ការមកដល់ថ្មីៗរបស់បណ្ដាវិនិយោគិនបរទេស មកកាន់ប្រទេសកម្ពុជា ដើម្បីវិនិយោគលើវិស័យនានាដែលមានអាទិភាព ក្នុងនោះបានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន គ្មានអ្វីត្រូវព្រួយបារម្ភនិងកង្វល់ទេ គឺមានតែការអភិវឌ្ឍទៅមុខលើគ្រប់វិស័យ តែក្នុងនោះ ក៏មានវិស័យអាទិភាពមួយចំនួនត្រូវការអ្នកអភិវឌ្ឍន៍ផងដែរ ។
លោកបណ្ឌិត កៅ គឹមហួន ប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបណ្ដាក់ទុនវិនិយោគពីសំណាក់វិនិយោគិនបរទេសមកកាន់ប្រទេសកម្ពុជា កាន់តែច្រើនឡើងៗ ហើយក៏មានការធានាពីបរិយាកាសវិនិយោគពីថ្នាក់ដឹកនាំរបស់ប្រទេសមួយនេះផងដែរ ។ ជាក់ស្ដែង បច្ចុប្បន្ន កម្ពុជាគ្មានចលាចលណាមួយកើតឡើងទេ ហើយកម្ពុជាក៏បានរក្សានូវស្ថិរភាពបានល្អប្រសើរ។ ទាំងនេះហើយ ដែលធ្វើឲ្យវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុកមានជំនឿជាក់បន្ថែមលើការវិនិយោគរបស់ពួកគេនៅកម្ពុជា ។
លោកបណ្ឌិតបន្តថា បច្ចុប្បន្ននេះ កម្ពុជាបានផ្ដល់អាទិភាពទៅលើវិស័យចំនួន៤សម្រាប់វិនិយោគិននានា ក្នុងនោះរួមមាន វិស័យទឹកស្អាត វិស័យថាមពលអគ្គិសនី វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងវិស័យធនធានមនុស្ស ក៏ប៉ុន្តែវិស័យផ្សេងៗជាច្រើនទៀត ក៏ត្រូវបានផ្ដល់ការលើកទឹកចិត្តដល់បណ្ដាវិនិយោគិនបរទេស និងក្នុងស្រុកនានា ដើម្បីបណ្ដាក់ទុនវិនិយោគផងដែរ ។
លោក Kim Tae Yeon វិនិយោគិនកូរ៉េ និងជាអ្នកវិនិយោគលើគម្រោងអគារ៤២ជាន់ នៅតំបន់បឹងកេងកង ក៏បានឲ្យដឹងដែរថា ពេលនេះ ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាមានភាពល្អប្រសើរ ហើយនៅឆ្នាំខាងមុខទៀត ក៏នៅតែល្អប្រសើរ ។ ដូចនេះហើយ ទើបលោក និងវិនិយោគិនមកពីប្រទេសចិន បានសម្រេចរួមគ្នាអភិវឌ្ឍន៍គម្រោងអគារ៤២ជាន់ឡើងវិញ ក្រោយពេលផ្អាកការសាងសង់ប្រមាណ៧ឆ្នាំមកហើយ ។
លោកថា ៖« បើយើងក្រឡេកទៅស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលបានព្យាករថា នៅឆ្នាំខាងមុខៗទៀត នឹងមានភាពល្អប្រសើរ ហើយទស្សនវិស័យរបស់សេដ្ឋវិទូមួយចំនួនទៀត ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាផងដែរ» ។
ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១៨ និង២០១៩ខាងមុខ នឹងនៅតែមានស្ថានភាពល្អប្រសើរ ក្នុងរង្វង់ប្រមាណ៧%ដដែល ។ ក្នុងនោះដែរ នៅឆ្នាំ២០១៧ ធនាគារមួយនេះបានព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច៦,៨% ខណៈឆ្នាំ២០១៨ខាងមុខ នឹងសម្រេចបាន៦,៩% ។
ការព្យាកររបស់ធនាគារពិភពលោក ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី មកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា គឺជាការផ្ដល់ទំនុកចិត្តបន្ថែមទៀតដល់វិនិយោគិនបរទេស ក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ។ បច្ចុប្បន្ន វិនិយោគិនមកពីបណ្ដាប្រទេសក្រៅតំបន់ បានកំពុងស្វែងរកការបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ដែលកត្តាទាំងនេះហើយបានជួយដល់សេដ្ឋកិច្ចកម្ពុជា និងផ្ដល់ការងារយ៉ាងច្រើនដល់ពលរដ្ឋនៅក្នុងប្រទេស ៕