ក្រុមហ៊ុនដែលគ្រប់គ្រងចាត់ចែងក្រោមស្លាកយីហោអាជីវកម្មរបស់ Donald Trump បានឈានជើងទៅការពារម៉ាកយីហោមួយនៅក្នុងទីក្រុងម៉ាកាវ ដែលជាផ្នែកមួយនៃប្រទេសចិន ដោយបានវ៉ាឈ្នះទីក្រុងឡាសវេហ្គាស ក្នុងការទទួលបាននាមជាទីផ្សារភ្នាល់ល្បែងធំបំផុតនៅលើពិភពលោកតាំងពីយូរឆ្នាំណាស់មកហើយ។
ការផ្លាស់ប្តូរនេះមិនមានន័យថា Trump ឬក្រុមហ៊ុន Trump នឹងបើកសណ្ឋាគារ ឬកាស៊ីណូត្រាំនៅទីនោះទេ។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកស្លាកសញ្ញា Trump នៅក្រៅប្រទេសបាននាំឲ្យមានការចោទសួរពីសំណាក់មហាជនថា តើពួកគេនឹងមានការប៉ះទង្គិចជាមួយនឹងការហាមឃាត់ដោយរដ្ឋធម្មនុញ្ញលើការទទួលយកអត្ថប្រយោជន៍សេដ្ឋកិច្ចពីរដ្ឋាភិបាលបរទេសដែរឬទេ?
ចាប់តាំងពីលោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតមក លោកប្រធានាធិបតី Trump បានធ្វើការផ្ទេរ ការគ្រប់គ្រងអាជីវកម្មរបស់ខ្លូនទៅឲ្យកូនប្រុសៗពេញវ័យរបស់លោក ហើយក្រុមអ្នកច្បាប់របស់លោកបានឲ្យដឹងថា អាជីវកម្មមួយនេះនឹងមិនបន្តព្យាយាមកាន់កាប់កិច្ចព្រមព្រៀងបរទេសថ្មីៗនោះឡើយ។
ក្រុមហ៊ុន DTTM Operations ជាក្រុមហ៊ុនមួយនៅទីក្រុងញូវយ៉ក ដែលនៅក្រោមនិក្ខិត្តសញ្ញា(ពាណិជ្ជសញ្ញា) Trump បានដាក់ពាក្យស្នើក្នុងខែមិថុនា សុំសិទ្ធិឈ្មោះ Trump នៅក្នុងកាស៊ីណូ សំណង់ សណ្ឋាគារ និងអចលនទ្រព្យ។ វាមិនមានភាពច្បាស់លាស់ទេថា ការស្នើសុំនេះគឺសម្រាប់ការការពារនិក្ខិត្តសញ្ញា ថ្មី ឬដើម្បីបន្តប្រើប្រាស់និក្ខិត្តសញ្ញាស្រដៀងគ្នានេះដែលមានតាំងពីឆ្នាំ ២០០៦ ហើយដែលឥឡូវបានផុតកំណត់ទៅហើយនោះទេ។
ក្រុមហ៊ុននេះកំពុងតែកាន់កាប់និក្ខិត្តសញ្ញាជាច្រើនណាស់ទៅហើយនៅទីក្រុងម៉ាកាវ។
កាលពីឆ្នាំមុនលោក Trump បានឈ្នះបណ្តឹងផ្លូវច្បាប់ជាមួយក្រុមហ៊ុនម៉ាកាវមួយ ដែលបានប្រើឈ្មោះចុះបញ្ជី “Trump” នៅតាមហាងកាហ្វេ និងភោជនីយដ្ឋាន។
លោកស្រី Amanda Miller អ្នកនាំពាក្យក្រុមហ៊ុន Trump បានថ្លែងតាមអ៊ីមែលថា ៖ «ក្រុមហ៊ុន Trump បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចាត់វិធានការ និងការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់ខ្លួនទូទាំងពិភពលោកជាង ២០ឆ្នាំមកហើយ ជាពិសេសនៅក្នុងដែនសមត្ថកិច្ចដែលមានការរំលោភនិក្ខិត្តសញ្ញាពាណិជ្ជកម្មខ្លាំងក្លាបំផុត។ សំណើសុំប្រើប្រាស់និក្ខិត្តសញ្ញា ដែលអ្នកកំពុងសំដៅទៅលើ គឺគ្រាន់តែជាការបន្តកិច្ចខិតខំប្រឹងប្រែងទាំងនោះតែប៉ុណ្ណោះ»។
ទីក្រុងម៉ាកាវដែលជាអតីតបរិពន្ធ(ដែនអាណានិគម)ដែលគ្រប់គ្រងដោយប្រទេសព័រទុយហ្គាល់ ហើយត្រឡប់មកនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិនវិញក្នុងឆ្នាំ១៩៩៩ គឺជាផ្នែកតែមួយគត់នៃប្រទេសចិន ដែលបើកឲ្យមានលេងល្បែងស៊ីសងស្របច្បាប់។
បន្ទាប់ពីម៉ាកាវ បានបើកការលេងល្បែងរបស់ខ្លួននៅក្នុងឆ្នាំ២០០១ កាស៊ីណូ និងការហូរចូលនៃភ្ញៀវទេសចរមកពីចិនដីគោក បាននាំឲ្យមានការរីកលូតលាស់ល្បែងស៊ីសងយ៉ាងគួរឲ្យកត់សម្គាល់។ បរិពន្ធប្រទេសដ៏តូចនេះបានយកឈ្នះទីក្រុង Las Vegas Strip នូវចំនួនប្រាក់ចំណូលសរុបក្នុងឆ្នាំ២០០៦ ។
លោក Trump បានចាប់ផ្តើមធ្វើប្រតិបត្តិការកាស៊ីណូនៅទីក្រុងអាត្លង់ទិក នៅទសវត្សឆ្នាំ១៩៨០ ដែលនៅទីបំផុតលោកបានកាន់កាប់គ្រប់គ្រងកាស៊ីណូ៤ដែលគ្របដណ្តប់៣០ភាគរយនៃទីផ្សារល្បែងស៊ីសងនៅទីក្រុងនោះទាំងមូល។ ក្រុមហ៊ុនកាស៊ីណូរបស់លោកបានស្វែងរកការការពារក្ស័យ ធនជាច្រើនលើកហើយលោកបានលាលែងពីតំណែងជាគណៈគ្រប់គ្រងកាលពីឆ្នាំ២០០៩។
ការស្នើសុំ និក្ខិត្តសញ្ញា Trump នៅម៉ាកាវ មានតាំងពីឆ្នាំ២០០៦ ហើយរួមមាន “Trump” “Donald J. Trump” “Trump Tower” “Trump International Hotel and Tower” និង “Chun Pou” ដែលជាឈ្មោះភាសាចិនកន្តាំងរបស់ Trump។
អាជ្ញាប័ណ្ណដែលចេញផ្សាយបន្ទាប់ពីម៉ាកាវ បានបើកជង្រុកលេងល្បែងផ្តាច់មុខរបស់ខ្លួននោះនឹងផុតកំណត់ក្នុងពេលឆាប់ៗនេះហើយ ដែលនេះអាចបើកទូលាយទីផ្សារបន្ថែមទៀត។
លោក Desmond Lam សាស្ត្រាចារ្យផ្នែកពាណិជ្ជកម្មនៅសាកលវិទ្យាល័យម៉ាកាវ បានថ្លែងតាមអ៊ីមែលថា ៖ «សម្បទានល្បែងសម្រាប់ប្រតិបត្តិករកាស៊ីណូទាំង៦ នៅម៉ាកាវនឹងផុតកំណត់នៅចន្លោះឆ្នាំ២០២០ទៅឆ្នាំ២០២២។
ឧស្សាហកម្មនេះនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ថាតើនឹងមានអ្វីកើតឡើងចំពោះសម្បទានិកទាំងនេះបន្ទាប់ពីសម្បទានទាំងនោះហួសកំណត់»។ ថ្មីៗនេះមានពាក្យចចាមអារ៉ាមខ្លះថា រដ្ឋាភិបាលម៉ាកាវ អាចនឹងអនុញ្ញាតឲ្យប្រតិបត្តិករទី៧ចូលក្នុងទីផ្សារនេះ។
អាជីវកម្ម Trump កំពុងខិតខំប្រឹងប្រែងកាន់តែខ្លាំងទៀតក្នុងការការពារឈ្មោះរបស់ខ្លួននៅចិនដីគោកផងដែរ។ ប្រទេសចិនបានយល់ព្រមយកនិក្ខិត្តសញ្ញា Trump សម្រាប់ប្រើប្រាស់ឈ្មោះរបស់លោកនៅក្នុងសេវាកម្មសំណង់នៅក្នុងខែកុម្ភៈភ្លាមៗបន្ទាប់ពីលោកបានប្រកាសថា លោកនឹងរក្សាគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់ ដែលជាគន្លឹះបញ្ហាសំខាន់សម្រាប់មេដឹកនាំចិន។ អ្នករិះគន់របស់លោកប្រធានាធិបតី Trump បាននិយាយថា ការប្រកាសនេះបានបង្ហាញពីរបៀបដែលប្រត្តិបត្តិការរបស់ក្រុមហ៊ុនលោក នៅក្រៅប្រទេសបង្កើតឲ្យមានទស្សនៈយល់ខុសមួយ។
បច្ចុប្បន្នអាជីវកម្ម Trump កំពុងតែកាន់កាប់យ៉ាងហោចណាស់១២៥ស្លាកយីហោ ដែលបានចុះបញ្ជី ឬក៏បានទទួលការបើកភ្លើងខៀវរួចមកហើយនៅចិនដីគោក សម្រាប់សេវាកម្ម និងផលិតផលផ្សេងៗ។
កាលពីខែមុន និក្ខិត្តសញ្ញាសម្រាប់ឈ្មោះ Trump ដែលមានការទាក់ទងទៅនឹងភោជនីយដ្ឋាន សណ្ឋាគារ ត្រូវបានចុះបញ្ជីជាផ្លូវការ។ លោក Trump មិនមានអាជីវកម្មនៅក្នុងប្រទេសចិនទេ ប៉ុន្តែនិក្ខិត្តសញ្ញាបានផ្តល់នូវការការពារឈ្មោះរបស់លោកនៅក្នុងប្រទេសដែលសម្បូរការបំប្លែងឈ្មោះក្លែងក្លាយជាញឹកញាប់នេះ។
ក្រុមហ៊ុន Trump បាននិយាយថា និក្ខិត្តសញ្ញាទាំងនោះត្រូវបានចុះបញ្ជីជាមួយសាខា ហើយមិនមានទំនាក់ទំនងអ្វី ជាមួយលោក Trump នោះទេ។
បន្ទាប់ពីបានថ្កោលទោសប្រទេសចិន និងគម្លាតពាណិជ្ជកម្មដ៏ធំរបស់ចិន និងសហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលឃោសនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលោក Trump បានបន្ធូរបន្ថយការរិះគន់របស់លោកដោយ សង្ឃឹម ថា ក្រុងប៉េកាំងនឹងអាចជួយទប់ស្កាត់កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះលោក Trump បានប្រកាសថា កិច្ចប្រឹងប្រែងរបស់ចិន ក្នុងការដាក់កំហិតលោក គីម ជុងអ៊ុនដែលជាមេដឹកនាំកូរ៉េខាងជើង គឺជាភាពបរាជ័យមួយ នៅក្នុងសេចក្តីប្រកាសកាលពីខែមុននៅលើបណ្តាញសង្គម Twitter ថាលោកមានការ «ខកចិត្តយ៉ាងខ្លាំងនៅក្នុងប្រទេសចិន»៕