Hot line: +855 (0)99 283 388
● You are in: Media > Detail News
ទីក្រុង​ហិរញ្ញវត្ថុ​ប្រទេស​ឥណ្ឌា ​សម្បូរ​ដោយ​អគារ​ម៉ូដ Art Deco
Date: 2017-12-30

ឆ្នេរកោង​មាត់ សមុទ្រ​ដ៏​ស្រស់​ត្រកាល​បង្អួត​សម្រស់​ជាមួយ​នឹង​អគារ​ពណ៌​ស្រស់​ឆើតឆាយ​មាន​សំយាប​ចេញ​មក​ខាង​ក្រៅ​ជាមួយ​ការ​រចនា​យ៉ាង​ទាក់ទាញ​ក្រសែភ្នែក​មហាជន ប៉ុន្តែ​នេះ​មិន​មែន​ជា​តំបន់ Art Deco ដ៏​ល្បី​នៅ​ទីក្រុង Miami គឺ​វា​ស្ថិត​ក្នុង​ទីក្រុង​បុមបៃ​។

បុម​បៃ ដែល​ជា​អតីត​ឈ្មោះ​ទីក្រុង​នៅ​ឥណ្ឌា ដែល​គេ​និយម​ហៅ​នោះ មាន​កិត្តិនាម​ល្បីល្បាញ​ដោយ​សារ​តែ​សំណង់​អគារ​ធំៗ ម៉ូដ​សម័យ​ចាស់​បុរាណ​បែប​វិកតូរៀ ជាជាង​អគារ​ទំនើបៗ​តូចៗ​ល្បីៗ​នៅ​បណ្តា​ប្រទេស​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩២០ និង​១៩៣០​។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក្រុម​អ្នក​ដែល​ស្រឡាញ់​សំណង់​បែបនេះ​កំពុងតែ​សាងសង់​អគារ​រាប់រយ​នៅ​បុមបៃ ដែលមាន​ម៉ូដ ដូច​អគារ Deco ដែល​រួម​មាន​ទាំង​សំណង់​លំនៅដ្ឋាន ការិយាល័យ​សម្រាប់​ជួល រោងកុន និង​មន្ទីរពេទ្យ ដែល​មាន​កិត្តិនាម​ល្បីល្បាញ​ដូច​កាលពី​ជំនាន់​សតវត្សរ៍​ទី​១៩ ដូច្នោះ​ដែរ​។

គម្រោង​អគារ Art Deco Mumbai គ្រោង​នឹង​រក្សា​ទុក​កំណត់ត្រា​អំពី​រាល់​អ្នក​ស្នាក់​នៅ និង​ណែនាំ​ដល់​អ្នក​ស្នាក់​នៅ​ទាំងអស់​អំពី​ភាព​ដើម​របស់​អគារ​នេះ ដើម្បី​ធានា​ដល់​ការ​អភិរក្ស​រដ្ឋធានី​ហិរញ្ញវត្ថុ​របស់​ប្រទេស​ឥណ្ឌា ដែល​សម្បូរ​ទៅដោយ​អគារ​ដែលមាន​ម៉ូដ «​ទំនើប​»​។
លោក Atul Kumar ជា​អ្នក​អភិរក្ស និង​ជា​ស្ថាបនិក​អគារ Art Deco Mumbai បាន​ថ្លែង​ប្រាប់ថា AFP ថា ៖ «​ទីក្រុង​បុម​បៃ មាននូវ​បណ្តា​អគារ​បែប Art Deco ជាច្រើន​នៅលើ​ពិភពលោក​។ វា​គឺជា​បេតិកភណ្ឌ​ជាតិ​ដ៏​អស្ចារ្យ​បំផុត​»​។

ដើម​ត្នោត​យោល​តិចៗ​ប្រប​តាម​មាត់​សមុទ្រ​ប្រវែង​៣​គីឡូម៉ែត្រ គឺជា​កន្លែង​ដែល​អគារ​ពណ៌​លឿង​ទំហំ​ប៉ុនៗ​គ្នា ជាមួយ​នឹង​បន្ទាត់​បញ្ឈរ​ពណ៌​ទឹកក្រូច​បង្ហាញ នូវ​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​នៅតាម​ផ្លូវ​កាច់​ជ្រុង​ក្នុង​តំបន់​នោះ​។

«​វា​ជា​អគារ​និមិត្ត​រូប​ដ៏​អស្ចារ្យ​មួយ ដែល​មើល​ទៅ​ហាក់បី​ដូចជា​កប៉ាល់​មួយ​កំពុង​ពុះ​ជ្រែក​ទឹក​រលក​ដូច្នេះ​ដែរ​» នេះ​បើ​យោង​តាម​សម្តី​លោក​អ៊ំ​ប្រុស​ម្នាក់​ក្នុង​វ័យ​៧០​ឆ្នាំ ឈ្មោះ Mehernosh Sidhwa​។ លោក​គឺជា​សមាជិក​ជំនាន់​ទី​៣​នៃ​គ្រួសារ​របស់​លោក ដែល​បាន​រស់នៅ​ក្នុង​អគារ​នេះ​ក្រោយ​ពេលដែល​ជីតា​របស់​លោក​បាន​សាងសង់​អគារ​នេះ​ឡើង​ក្នុង​ឆ្នាំ​១៩៣៧​។

នៅ​ម្តុំ​ផ្លូវ​កាច់​ជ្រុង​នោះ មាន​អគារ​កម្ពស់​៥​ជាន់ ដែល​មើលទៅ​មាន​លក្ខណៈ​បែប Deco រចនា​ដោយ​ក្រាល​ថ្ម​ម៉ាប​លើ​ឥដ្ឋ និង​មាន​ជណ្តើរ​រមួល​ខាងមុខ​ទីលាន Oval Maidan ដែល​នៅ​ក្បែរ​នោះ គឺ​រោងកុន Eros និង Regal ដ៏​ពេញ​និយម​។

សេចក្តី​ប៉ង​ប្រាថ្នា​
តំបន់​ទាំង​នេះ​គឺជា​ចំណុច​ចំ​កណ្តាល​បេះដូង​នៃ​តំបន់ Art Deco ទីក្រុង​បុម​បៃ ដែល​កាលពី​ឆ្នាំ​២០១២ តំបន់​នេះ​ត្រូវ​បាន​ស្នើ​ទៅ​អង្គការ​យូណេស្កូ សម្រាប់​ការ​ទទួល​បានជា​នាម​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​នេះ គឺ​មន្ទីរ​ពេទ្យ Breach Candy ក៏​មាន​ម៉ូដ​បែប Deco ផង​ដែរ​។

«​ក៏​មាន​នូវ​បណ្តា​អគារ​បែប​អឺរ៉ុប​បន្សល់​ពី​សម័យ​ដើម ដូច​ជា​ម៉ូត Art Deco និង Bombay Deco​។ អ្នក​ក៏​អាច​មាន​សំយាប​ខាង​មុខ​បែប ziggurat ដែល​មាន​រាង​កោង មាន​ពណ៌​ត្នោត និង​មាន​ម៉ូដ​បែប​អេហ្ស៊ីប ក៏ដូចជា​ការ​រចនា​បែប​ឥណ្ឌា​ផង​ដែរ​»​នេះ​បើ​តាម​សម្តី​របស់​លោក Kumar ថ្លែង​ដោយ​រីករាយ​។

អគារ​ទាំង​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ចន្លោះ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៣០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៥០ ក្រោយ​ពេល​ដែល​សេដ្ឋី​ជនជាតិ​ឥណ្ឌា បាន​បញ្ជូន​វិស្វករ​របស់ខ្លួន​ទៅ​កាន់​ទ្វីប​អឺរ៉ុប ដើម្បី​សិក្សា​អំពី​ការ​រចនា​បែប​ទំនើប​ដែលមាន​លក្ខណៈ​ខុសគ្នា​ទៅនឹង​ការ​រចនា​របស់​ប្រទេស​អ្នក​ដាក់​អាណានិគម​។

ពួក​គេ​បាន​ចុះ​ទស្សនកិច្ច​នៅ​ពេល​ដែល​ការ​រចនា​បែប Deco មាន​ការ​ពេញ​និយម​ខ្លាំ​ង​នៅ​ប្រទេស​លោក​ខាង​លិច បន្ទាប់ពី​ការ​តាំង​ពិព័រណ៍​នៅ​ទីក្រុង​ប៉ារីស ក្នុង​ឆ្នាំ​១៩២៥​។

«​អគារ​ម៉ូដ Deco នៅ​ទីក្រុង​បុមបៃ​មានការ​រចនា​បែប​សម័យ​វិក​តូ​រៀ​ជំនាន់​មុន ដោយ​ជនជាតិ​អង់គ្លេស​» ដូចជា​ស្ថានីយ​រថភ្លើង​ធំ សារមន្ទីរ និង​តុលាការ​កំពូល​ផងដែរ នេះ​បើ​យោងតាម​សម្តី​របស់​លោក Kumar​។

«​អគារ Art Deco ក៏​មិន​ខុស​គ្នា​ដែរ​។ វា​មាន​ពណ៌​ចម្រុះ​ជាច្រើន មាន​ម៉ូដ​បែប​ទំនើប​ដែល​បង្ហាញ​ពី​ការ​រចនា​ម៉ូត​ជំនាន់​ថ្មី​ទាំង​ស្រុង​មួយ​។ ប្រទេស​ឥណ្ឌា​ពេល​នោះ​កំពុង​ស្ថិត​ក្រោម​អាណា​និគម ហើយ​នេះ គឺជា​ប្រយោគ​ថ្មី​មួយ​មិន​ធ្លាប់មាន​នៅក្នុង​វិស័យ​ស្ថាបត្យកម្ម​»​។

មគ្គុទេសក៍​ទេសចរណ៍​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ថ្លែងប្រាប់​ទៅ​អ្នក​ទៅ​ទស្សនាចរ​នៅ​ទីក្រុង​បុ​ម​បៃ ថា​មានតែ​ទីក្រុង Miami ប៉ុណ្ណោះ ដែល​មាន​អគារ​បែប Deco ជា​លក្ខណៈ​អន្តរជាតិ​ច្រើន​ជាង​គេ​។ ព្រឹទ្ធាចារ្យ​ដែល​រស់រាន​មាន​ជីវិត​បាន​ថ្លែងថា ទីក្រុង​ឥណ្ឌា​នៅ​តំបន់​មាត់​សមុទ្រ​មាន​អគារ​ប្រភេទ​នេះ​ជាង ២០០​កន្លែង​។

លោក Kumar និង​ក្រុម​តូច​មួយ​របស់​លោក ដែល​មិន​សម្លឹង​ដល់​ផល​កម្រៃ​ចំណេញ​នោះ កំពុងតែ​ខិតខំ​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​ធ្វើ​កំណត់ត្រា​ច្បាស់លាស់​ជា​លើកដំបូង​បង្អស់​ដោយ​សិក្សា​ស្រាវជ្រាវ​ទីក្រុង​ទាំងមូល និង​បញ្ចូល​រាល់​អគារ Deco ក្នុងប្រទេស​ខ្លួន​ទៅលើ​ផែនទី Google map នៅលើ​គេហទំព័រ​របស់ខ្លួន​។

ការ​អភិរក្ស​
​លោក Kumar ថ្លែងថា ៖ «​យើង​ចង់​បង្កើត​នូវ​តួលេខ​ច្បាស់​លាស់ ព្រមទាំង​ធ្វើ​ឲ្យ​ទីក្រុង​កាន់តែ​មានកេរ្តិ៍ឈ្មោះ​កាន់តែ​ល្បីល្បាញ​»​។ លោក​បាន​បន្ត​ថា លោក​បាន​រាប់​អគារ​ចំនួន ១៣៦​កន្លែង​រួចហើយ ក្នុង​រយៈពេល​១៨​ខែ ដោយ​មាន​តំបន់​ក្បែរៗ​នោះ​ប៉ុន្មាន​កន្លែង​ទៀត​ដែល​នឹងត្រូវ​សិក្សា​បន្ត​។

អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ម្នាក់​បាន​បន្ថែម​ការជឿជាក់​មុនពេល​ប្រមើល​ឃើញថា តួលេខ​អាច​លោត​ដល់ ៣០០​កន្លែង «​ច្បាស់​ណាស់​ថា អគារ​ទាំងនេះ​មាន​ចំនួន​ច្រើនជាង ២០០​កន្លែង​»​។

ក្រុម​របស់​លោក​ធ្វើការ​ពិភាក្សា​ជាមួយ​ម្ចាស់​អគារ ដើម្បី​ស្វែងរក​ថា តើ​អគារ​ណា​ខ្លះ​ជា​អគារ​បែប Deco​។ ពួក​គេ​ធ្វើ​ការ​កត់ត្រា​ឈ្មោះ​ស្ថាបត្យករ និង​ព័ត៌មាន​អំពី​អគារ កាលបរិច្ឆេទ​នៃ​ការ​សាងសង់ ចំណុច​ទីតាំង​លើ​ផែនទី និង​ចំណុច​ដែលមាន​លក្ខណៈ Deco​។

បន្ទាប់​មក​ពួកគេ​នឹង​បង្ហោះ​ព័ត៌មាន​លម្អិត និង​រូបភាព​ទៅក្នុង​កន្លែង​ស្តុក​រូប​លើ​គេហទំព័រ www.artdecomumbai.com​។ រូបភាព​ដោយមាន​ចំណងជើង​លម្អិត​ក៏មាន​នៅលើ Twitter និង Instagram ដែរ​។

លោក Kumar ថ្លែងថា ៖ «​យើង​ច្បាស់​១០០​ភាគរយ តែ​ម្តង​។ ប្រសិនបើ​យើង​មិន​ច្បាស់​ទេ យើង​នឹងមិន​ដាក់​អគារ​ណាមួយ​ចូល​បន្ថែម​នោះ​ទេ​»​។ លោក​ក៏​ជា​អ្នករៀបចំ​គម្រោង​ដំណើរ​ថ្មើ​ជើង​ដើម្បី​ពង្រីក​វិសាលភាព​នៃ​អ្វី​ដែល​លោក​ធ្វើ​ផងដែរ​។

លោក​បង្ហាញ​នូវ​ក្តី​សោកស្តាយ​ថា ដោយ​សារ​តែ​កង្វះខាត​នៃ​ការយល់ដឹង​បានធ្វើ​ឲ្យ​អគារ Deco ខ្លះ​ត្រូវ​វាយកម្ទេច​ចោល ឬ​ធ្វើការ​កែច្នៃ​ផ្លាស់​ប្តូរ​។ អ្នក​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ផ្តល់នូវ​ទឹកប្រាក់​សម្រាប់​ទិញ​យក​អគារ​ទាំងនេះ ដោយ​សង់​ជា​អា​ផាត​មិន​ទំនើប​ជំនួស​វិញ ហើយក៏​បានធ្វើ​ឲ្យ​មាន​ការ​កម្ទេច​ចោល​អគារ​ទាំង​នេះ​ផង​ដែរ​។

«​គោលដៅ​ចម្បង​របស់​យើង​គឺ​ការ​អភិរក្ស​អគារ​ទាំង​នេះ​។ នៅ​ពេល​ដែល​យើង​និយាយ​ពី​រឿងនេះ​ទៅ​មហាជន ពួកគេ​មាន​មោទនភាព​យ៉ាង​ខ្លាំង ហើយ​បានធ្វើ​ឲ្យ​ពួកគាត់​ចូលរួម​អភិរក្ស​ផងដែរ​» នេះ​បើ​តាម​ការ​អះអាង​របស់​លោក Kumar៕

Source From: http://www.postkhmer.com
Share
Our Partners