រដ្ឋាភិបាលកម្ពុជាគ្រោងពង្រីកផ្លួវជាតិលេខ៣ ជាបួនគន្លង នៅឆ្នាំ២០១៨ ខាងមុខនេះ ដែលធ្វើឲ្យអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលនឹងមិនសូវជួយដល់តម្លៃអចលនទ្រព្យនៅតំបន់នេះច្រើននោះទេ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក នូ វឌ្ឈនៈ បានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គម្រោងពង្រីកផ្លូវជាតិលេខ ៣ នឹងអាចចាប់ផ្តើមនៅមុនពេលបោះឆ្នោតឆ្នាំ ២០១៨ ឬក្រោយពេលបោះឆ្នោត ដោយគម្រោងពង្រីកផ្លូវនេះទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ ក្រុមហ៊ុនស្ពានថ្នល់របស់ចិនជាអ្នកសាងសង់ ហើយក្រុមហ៊ុនវ៉ានអាន ជាទីប្រឹក្សាបច្ចេកទេស ត្រួតពិនិត្យគុណភាពផ្លូវនេះ។
លោកបន្តថា ផ្លូវជាតិលេខ៣ នឹងពង្រីកពីរគន្លងទៅមកពីតំបន់រង្វង់មូលចោមចៅ ដល់តំបន់បែកគូសដែលជាតំបន់ផ្លូវបំបែករវាងផ្លូវឆ្ពោះ ទៅកាន់ខេត្តកំពត និងខេត្តកែប ប៉ុន្តែចាប់ពីចំណុចបែកគូសទៅកាន់កំពត គឺទំហំផ្លូវមានតែពីរគន្លង(ទៅមួយមកមួយ)ប៉ុណ្ណោះ។
លោកបន្តថា ៖ «បច្ចុប្បន្នក្រុមហ៊ុនសាងសង់ផ្លូវនេះកំពុងស្ថិតក្នុងការសិក្សាលម្អិតមុនដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចជ្រើសរើសយកគំរូណាមួយ»។
លោកបន្តថា ៖ «ផ្លូវនេះអាចមានសួនកណ្តាលដូចផ្លូវជាតិលេខ៦ ឬអត់ អាស្រ័យលើថ្នាក់ដឹកនាំ និងការឌីហ្សាញគម្រោងនេះ»។
ទោះជាយ៉ាងណាលោកមិនទាន់បញ្ជាក់ឲ្យដឹងពីទំហំនៃការចំណាយថវិកា ដើម្បីសាងសង់ផ្លូវនេះនៅឡើយទេ។
លោក នូ វឌ្ឍនៈ បានបន្តថា ផ្លួវពីចំណុចរង្វង់មូលចោមចៅ ទៅកាន់តំបន់បែកគូស ស្ថិតក្នុងខេត្តតាកែវ មានប្រវែង៨២គីឡូម៉ែត្រនៃប្រវែងផ្លូវសរុប១៣៥គីឡូម៉ែត្រ។
ក្រៅពីពង្រីកផ្លូវជាតិលេខ៣ រដ្ឋាភិបាលក៏មានគម្រោងពង្រីកផ្លូវជាតិលេខ២ ចេញពីក្រុងតាខ្មៅ ទៅកាន់ខេត្តតាកែវផងដែរ ដែលគម្រោងនេះស្ថិតក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ។ ផ្លូវនេះកំពុងស្ថិតក្រោមការវាយតម្លៃផលប៉ះពាល់ ទៅលើប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវនោះ ពីក្រុមមន្ត្រីជំនាញពីអន្តរក្រសួង។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា តាមធម្មតាការពង្រីកផ្លូវ ឬ ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលនានា តែងតែជួយដល់វិស័យអចលនទ្រព្យនៅតាមតំបន់នោះ ប៉ុន្តែនៅតាមបណ្តោយផ្លូវជាតិលេខ៣តម្លៃអចលនទ្រព្យនៅតាមតំបន់នេះ បានឡើងថ្លៃខ្ពស់រួចទៅហើយ ហេតុនេះការពង្រីកផ្លូវនេះមិនបានជួយឲ្យតម្លៃអចលនទ្រព្យកើនឡើងខ្លាំងទៀតនោះទេ។
អ្នកនាងបន្តថា តម្លៃដីនៅតាមបណ្តោយផ្លូវនេះ បើគិតពីតំបន់ចោមចៅទៅខាងមុខចម្ងាយ ៥គីឡូម៉ែត្រ ដីមានតម្លៃចន្លោះពី ១០០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយបើគិតចម្ងាយ ៥ គីឡូម៉ែត្រទៅមុខទៀត ដីមានតម្លៃចន្លោះពី ១០០ ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដីកាន់តែឆ្ងាយពីទីក្រុងមានតម្លៃចន្លោះពី ៣០ ទៅ ៥០ ដុល្លារ ឬទាបជាងនេះអាស្រ័យលើទំហំដី និងកត្តាសក្តានុពលនៃទីតាំងនីមួយៗ។ នេះគិតតែដីនៅជាប់ផ្លូវជាតិប៉ុណ្ណោះ។
អ្នកនាង ធីតា បានបន្តទៀតថា ៖ «បើគិតពីសក្តានុពលផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ ៤ គឺផ្លូវជាតិលេខ ៤ ជាតំបន់មានសក្តានុពលជាង ដោយសារផ្លូវជាតិលេខ៤ ជាទីតាំងសម្បូរតំបន់រោងចក្រឧស្សាហកម្មច្រើនជាង និងជាផ្លូវសំខាន់ឆ្ពោះទៅកាន់ច្រកទ្វារកំពង់ផែសមុទ្រខេត្តព្រះសីហនុ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានថ្លែងថា សម្រាប់ការយល់ឃើញរបស់លោក រវាងផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ ៤ មានសក្តានុពលម្យ៉ាងម្នាក់ ប៉ុន្តែបច្ចុប្បន្នផ្លូវជាតិលេខ៤ និងតំបន់ប្របផ្លូវជាតិលេខ៤ មានសក្តានុពលជាង និងមានការអភិវឌ្ឍលឿនជាង។
លោកបន្តថា បើនិយាយពីការពង្រីកផ្លូវជាតិលេខ ៣ នៅពេលរដ្ឋាភិបាលប្រកាសពង្រីក គឺជាពេលដែលដីឡើងថ្លៃហើយ ហេតុនេះអ្នកមានដីលក់គួរលក់ឲ្យហើយ ប៉ុន្តែបើរង់ចាំរហូតដល់ផ្លូវពង្រីករួចតម្លៃដីបានឈានដល់ដំណាក់កាលទ្រឹងទៅវិញទេ។
លោកបន្តថា ៖ «ដីនៅតាមបណ្តោយផ្លូវជាតិលេខ៣ ពិបាកបន្តិច បើទិញយកមកអភិវឌ្ឍត្រូវចំណាយច្រើន ព្រោះដីទាបធៀបនឹងផ្លូវថ្នល់ ដែលអ្នកវិនិយោគត្រូវចំណាយច្រើនក្នុងការចាក់ដីបំពេញ»។
លោកបន្តថា ៖ «កន្លែងខ្លះត្រូវការចាក់ដីពី១ម៉ែត្រទៅកម្ពស់៣ម៉ែត្រ ហេតុនេះការចំណាយលើថ្លៃចាក់ដីក៏ត្រូវចំណាយប្រាក់អស់ច្រើនផងដែរ»។
លោក គីម ហ៊ាង បានបន្តថា តំបន់ស្របផ្លូវជាតិលេខ៣ ស័ក្តិសមសម្រាប់តំបន់ឧស្សាហកម្ម និងលំនៅឋានតម្លៃមធ្យម និងក្រោមមធ្យមទើបអាចលក់បាន មិនអាចសាងសង់លំនៅឋានប្រណីតបាននោះទេ៕