ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាសុទ្ធតែបានសម្តែងសុទិដ្ឋិនិយមថា សក្តានុពលនៃបណ្តាកោះជាច្រើននៅក្នុងដែនសមុទ្រកម្ពុជា នឹងអាចធ្វើឱ្យទីផ្សារអចលនទ្រព្យ និងវិស័យទេសចរណ៍របស់ប្រទេសនេះមានសម្ទុះកើនឡើងលឿន ប្រសិនបើក្រុមហ៊ុនវិនិយោគទាំងអស់មានឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍកោះឱ្យមានភាពទាក់ទាញ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បាន មានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជាគឺជាប្រទេសមួយដែលមានកោះជាច្រើនស្ថិតនៅក្នុងដែនសមុទ្ររបស់ខ្លួនប៉ុន្តែរហូតមកដល់ពេលនេះកោះទាំងនោះ ហាក់នៅមិនទាន់មានការអភិវឌ្ឍអ្វីជាដុំកំភួននោះទេ ខណៈមានកោះមួយចំនួន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាជ្ញាប័ណ្ណទៅឱ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគរួចហើយ។
លោកបានបន្តថា បើទោះបីជាទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលក៏ដោយ ក៏ក្រុមហ៊ុនវិនិយោគមួយចំនួនរហូតមកដល់ពេលនេះ នៅមិនទាន់បានបញ្ចេញប្រាក់ច្រើន ដើម្បីអភិវឌ្ឍនៅលើកោះនោះទេ ហើយថែមទាំងមានម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះខ្លះ បានលក់បន្តទៅឱ្យឈ្មួញផ្សេងទៀតផង។
លោកមានប្រសាសន៍ថា ៖ «នៅពេលដែលម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះបញ្ចេញទុនដើម្បីអភិវឌ្ឍនោះ តំបន់កោះនៅក្នុងដែនសមុទ្រកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបានកាន់តែច្រើនបន្ថែមទៀត ចំណែកសក្ដានុពលដីនៅទីនោះក៏នឹងឡើងតម្លៃច្រើនដែរ»។
លោកបន្តថា ៖ «ម្ចាស់គម្រោងអភិវឌ្ឍន៍អាចចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះដើម្បីចាប់យកតម្លៃទីផ្សារអចលនទ្រព្យឡើងខ្ពស់ គឺបន្ទាប់ពីមានផ្លូវថ្នល់ ស្ពាន និងការធ្វើដំណើរមានភាពងាយស្រួលជាងមុន និងមានផាសុកភាពល្អ» រវាងរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ក៏ដូចជាបណ្តាខេត្តនៅតាមតំបន់ឆ្នេរ។
លោកបានលើកសំណូមពរថា ៖ «ប្រសិនបើក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគលើកោះហើយ គេគួរតែធ្វើការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធដែលមានដូចជា កំពង់ផែតាមកោះនីមួយៗ ផ្លូវថ្នល់ សណ្ឋាគារ ខុនដូ និងមធ្យោបាយធ្វើដំណើរនាំភ្ញៀវដើរកម្សាន្តជុំវិញកោះជាដើម»។
លោក ច្រឹក សុខនីម នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Mekong បាននិយាយថា ការអភិវឌ្ឍដែលមានផែនការច្បាស់លាស់ នឹងនាំមកនូវសក្តានុពលដល់តំបន់ និងមានចំណាប់អារម្មណ៍ពីពាណិជ្ជករបរទេស ហើយនៅពេលអ្នកវិនិយោគបរទេសចូលមកវិនិយោគ វានឹងធ្វើឱ្យកម្ពុជាទទួលបានផលចំណេញច្រើន។ គម្រោងអភិវឌ្ឍន៍នៅតាមតំបន់កោះតែងតែងាយទទួលជោគជ័យ ព្រោះធម្មជាតិនៅតំបន់កោះរបស់ប្រទេសកម្ពុជា គឺមានភាពទាក់ទាញខ្លាំងជាពិសេសសម្រាប់វិស័យទេសចរណ៍។
លោក វ៉ន ចាន់ថន នាយកគ្រប់គ្រងក្រុមហ៊ុន ថោន ស៊ីធី មានប្រសាសន៍ថា ការវិនិយោគនៅតាមបណ្តាកោះធំៗ គឺត្រូវការទុនវិនិយោគច្រើនណាស់ទើបគេអាចធ្វើទៅបាន។
រដ្ឋាភិបាលតម្រូវឱ្យក្រុមហ៊ុនទាំងនោះគោរពតាមស្តង់ដារបរិស្ថានជាតិ និងអន្តរជាតិ ព្រោះ «ការឱ្យវិនិយោគនេះមិនមែនចេះតែឱ្យធ្វើការវិនិយោគនោះទេ» គឺត្រូវមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ បើពុំដូច្នោះទេវានឹងធ្វើឱ្យខូចដល់បរិស្ថាននៅក្នុងតំបន់កោះជាមិនខាន ដូច្នេះទាមទារឱ្យមានការសិក្សាល្អិតល្អន់ណាស់មុននឹងផ្តល់សិទ្ធិអភិវឌ្ឍន៍ទៅឱ្យក្រុមហ៊ុននីមួយៗធ្វើការវិនិយោគ។
លោកបានថ្លែងថា ៖ «ការអភិវឌ្ឍតំបន់កោះវាជាចំណុចវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា។ ប្រសិនបើក្រុមហ៊ុនដែលមានសិទ្ធិវិនិយោគលើដីកោះនោះគួរតែសាងសង់ស្ពាន ឬកំពង់ផែ សម្រាប់ធ្វើដំណើរទៅមកឱ្យបានល្អប្រសិនបើអាចទៅរួចបន្តគួរសាងសង់ជារមណីយដ្ឋាន និងកន្លែងសម្រាកលម្ហែកាយបន្ថែមជាបន្តបន្ទាប់»។
ប្រទេសកម្ពុជាមានកោះចំនួន ៦៤ ក្នុងនោះមានកោះចំនួន ៥៤ ស្ថិតនៅក្នុងដែនទឹកនៃភូមិសាស្ត្រខេត្តព្រះសីហនុ។
ក្រៅពីនោះស្ថិតនៅក្នុងខេត្តកោះកុង ខេត្តកែប និងខេត្តកំពត ប៉ុន្តែរហូតមកដល់ពេលនេះកោះចំនួន ២៨ ស្មើនឹងផ្ទៃដីទំហំជាង ១៨ ម៉ឺនហិកតា ត្រូវបានរដ្ឋាភិបាលជួលទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើការវិនិយោគក្លាយទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរដ៏ប្រណីត ប៉ុន្តែការអនុវត្តជាក់ស្តែងគេឃើញមានកោះចំនួនតិចប៉ុណ្ណោះ ដែលបានចាប់ផ្តើមការអភិវឌ្ឍជាបណ្តើរៗជាតំបន់ទេសចរណ៍ ដូចជា កោះពស់ កោះដែកគោល កោះសង្សារ កោះតាង និងកោះរ៉ុងជាដើម។
កាលពីចុងឆ្នាំ២០១៥ កន្លងមកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានបើកការដ្ឋានសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ មួយដែលមានឈ្មោះថា “Royal Sands” ស្ថិតនៅលើកោះរ៉ុង ក្នុងខេត្តព្រះសីហនុ។ បន្ទាប់ពីគម្រោងសាងសង់បញ្ចប់នាពេលអនាគតគេសង្ឃឹមថា នៅទីនោះ នឹងអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន។
ក្រុមហ៊ុនរ៉ូយាល់ គ្រុប ជាម្ចាស់គម្រោងវិនិយោគជារមណីយដ្ឋានប្រណីត “Royal Sands” នៅលើកោះរ៉ុងនេះ គ្រោងនឹងចំណាយថវិកាប្រមាណ៣០លានដុល្លារដោយបានចាប់ផ្តើមការសាងសង់កាលពីឆ្នាំ ២០១៥ នឹងគ្រោងនឹងបញ្ចប់គម្រោងទី១ត្រឹមឆ្នាំ ២០១៦ រួចក៏ពន្យារដល់ឆ្នាំ ២០១៧ នេះ។
សូមបញ្ជាក់ថា អំឡុងសប្តាហ៍នេះ Post Property មិនអាចទំនាក់ទំនងសុំការអត្ថាធិប្បាយពីតំណាងក្រុមហ៊ុននេះបានទេ៕