Hot line: +855 (0)99 283 388
● You are in: Media > Detail News
វិស័យសំណង់​នៅតែ​មាន​កំណើន​រឹងមាំ​នៅចុង​ឆ្នាំនេះ ទោះបី​ការ​បោះឆ្នោតជាតិ​កាន់តែ​ខិតចូល​មកដល់
Date: 2017-11-30

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានលើកឡើងថា  ទុនវិនិយោគ​ក្នុងវិស័យសំណង់​​ក្នុងរយៈពេល​១០ខែ​ឆ្នាំ២០១៧​នេះ មានសរុប​ប្រមាណ ៦,២៧៦លា​ន​ដុល្លារ​អាមេរិក ពោលគឺ​បានកើនឡើង​រហូតដល់​២៧% ធៀបនឹង​គ្រាដូចគ្នា​កាលពីឆ្នាំ​២០១៦។ 

ទន្ទឹម​នឹងនេះ​ដែរ ក្រុមហ៊ុន​ប្រកបអាជីវកម្ម​សំណង់​ដែលបាន​ចុះបញ្ចី​នៅក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់​ និងកំពុង​មានសុពលភាព​ប្រតិបត្តិ​អាជីវកម្ម​​មានចំនួន​១,០៣៨​ក្រុមហ៊ុន ក្នុងនោះ មាន៣២៤​ក្រុមហ៊ុន ជាក្រុមហ៊ុន​មកពី​ក្រៅ​ប្រទេស ដូចជា ចិន កូរ៉េ វៀតណាម ជប៉ុន និងថៃជាដើម​។ល។

ថ្លែងនៅ​ក្នុងពិធី​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​សមាជិក​​សមាគម​អ្នកសាងសង់​កម្ពុជា និងពិធី​សម្ពោធ​បើកការតាំង​ពិព័រណ៍​ឧស្សាហកម្មសំណង់​កម្ពុជា ដែលមាន​ក្រុមហ៊ុន​ក្នុងស្រុក ​និងក្រៅស្រុក​ចូលរួម​ប្រមាណ​១៦៨​ក្រុមហ៊ុន និង៣០០​ស្ដង់តាំង​បង្ហាញ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគម​អ្នកសាងសង់​កម្ពុជា​បានលើក​ឡើងថា បច្ចុប្បន្ន​សមាគម​មានសមាជិក​ប្រមាណ១៤០​ក្រុមហ៊ុន​ចូលរួម ដែលវា​សបញ្ជាក់ឲ្យ​ឃើញ​ពីការរីក​លូតលាស់​ខ្លាំងក្លា​នៃវិស័យ​សំណង់​របស់​កម្ពុជា។ ​

ជាមួយគ្នានេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង​នៃគណៈ​អភិបាល​រាជធានី​ភ្នំពេញ​​ក៏បាន​គូសបញ្ជាក់​ដែរថា វិស័យ​សំណង់ និងអចលនទ្រព្យ​នៅកម្ពុជា បាន​និងកំពុង​មានការ​ពង្រីក​សក្ដានុពល​របស់ខ្លួន​កាន់តែខ្លាំង​ឡើងៗ តួយ៉ាង ការរីក​កើនឡើង​នៃអគារពាណិជ្ជកម្ម អគារស្នាក់នៅរួម អគារខុនដូរប្រណីត ដែលបាន​និងកំពុង​សាងសង់​ឡើងជា​បន្តបន្ទាប់។ 

តួយ៉ាង គិតមក​ទល់ពេល​នេះ សំណង់​បុរីលំនៅដ្ឋាន​នៅរាជធានី​ភ្នំពេញ មានចំនួន​១៨៨​កន្លែង និង​អគារខ្ពស់ៗ​មាន​៩៧៩អគារ។ ហើយបើគិត​ត្រឹម៩ខែ​ឆ្នាំនេះ រាជធានីភ្នំពេញ ទទួលបាន​គម្រោង​សាងសង់​ចំនួន​៧៧៧គម្រោង ដែលមានទុន​វិនិយោគ​សរុប​ប្រមាណជាង​១,៥លាន​ដុល្លារ​អាមេរិក។

លោក ហេង សុខឆាយ ប្រធាន​គ្រប់គ្រង​ម៉ាក និងដេប៉ូ ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​សំណង់ ឃី ហ៊ួត បានលើក​ឡើងដែរ​ថា នៅឆ្នាំនេះ កំណើន​នៃតម្រូវ​ការសម្ភារ​សំណង់​ហាក់មាន​ការកើនឡើង​គួរឲ្យកត់​សម្គាល់​​ធៀបនឹង​ឆ្នាំមុន ដោយសារតែ​មានក្រុមហ៊ុន​វិនិយោគ​ពីក្រៅប្រទេស ពិសេស​ក្រុមហ៊ុន​ចិន ដែលបាន​និងកំពុង​សាងសង់​គម្រោង​អគារធំៗ​ជាច្រើន​នៅកម្ពុជា។ 

លោកបាន​កត់សម្គាល់​ឃើញ​ដែរថា មិនត្រឹម​តែរាជធានី​ភ្នំពេញ​នោះទេ ដែលកំពុង​មាន​តម្រូវ​​ការគ្រឿង​សំណង់​ច្រើន នៅតាមបណ្ដា​ខេត្តផ្សេង​ទៀតក៏មាន​តម្រូវខ្លាំង​ផងដែរ ដូចជាខេត្ត​សៀមរាប ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ និងកំពង់ចាម​ជាដើម។

សូមបញ្ជាក់​ដែរថា បច្ចុប្បន្ន​វិស័យសំណង់ និងអចលនទ្រព្យ​កម្ពុជា មានការ​វិនិយោគមក​ពី១៨ប្រទេស ដោយក្នុងនោះ ប្រទេសចិន​នៅតែ​ឈ​រលំដាប់នាំមុខគេ បន្ទាប់មក​កូរ៉េ​ខាងត្បូង និងជប៉ុន៕

Source From: https://cambonomist.com
Share
Our Partners