Hot line: +855 (0)99 283 388
● You are in: Media > Detail News
កម្ពុជា-កូរ៉េ អនុវត្ត​គម្រោង​សាកល្បង​រួមគ្នា​លើ​ការគ្រប់គ្រង​ផ្លូវ
Date: 2017-11-18

ដើម្បី​ទទួលបាន​បទពិសោធ និង​បច្ចេកវិទ្យា​ថ្មី​ក្នុងការ​គ្រប់គ្រង​ផ្លូវថ្នល់ ចៀសវាង​ពី​ការរិះគន់​ដែលថា ធ្វើ​ហើយ​ធ្វើ​ទៀត ធ្វើ​មិនចេះចប់ និង​ធ្វើ​ខាងមុខ ខូច​ខាងក្រោយ​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​វិទ្យាស្ថាន KICT របស់​កូរ៉េ​ក្នុង​គោលបំណង​សហការគ្នា​គ្រប់គ្រង​ថែទាំ​ផ្លូវថ្នល់ និង​បង្កើត​នូវ​ការស្រាវជ្រាវ និង​កម្មវិធី​សហប្រតិបត្តិការ​រួមគ្នា។

ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ក្រោម​អធិបតីភាព​ឯកឧត្តម សួង ហេង រដ្ឋមន្ត្រី​ស្តីទី​ជាមួយ​លោក​បណ្ឌិត Pyeong Jun Yoo តំណាង​វិទ្យាស្ថាន​កូរ៉េ​ក្នុង​គោលបំណង​បង្កើត​ការស្រាវជ្រាវ និង​កម្មវិធី​សហប្រតិបត្តិការ​រួមគ្នា​ដើម្បី​ដឹកនាំ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​រួម និង​ការអនុវត្ត​កម្មវិធី​សាកល្បង ការប្រឹក្សា​បច្ចេកទេស ការផ្លាស់ប្តូរ​ព័ត៌មាន និង​បទពិសោធ​តាមរយៈ​កិច្ចប្រជុំ​បច្ចេកទេស​រួម និង​សិក្ខាសាលា​ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ។

ឯកឧត្តម​រដ្ឋមន្ត្រី​ស្តីទី សួង ហេង បាន​គូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ភាគច្រើន​ពឹង​ផ្អែកលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​គួរឱ្យ​ទុកចិត្តបាន​រួមមាន ផ្លូវថ្នល់ និង​ស្ពាន ផ្លូវដែក និង​ការដឹកជញ្ជូន​ផ្លូវអាកាស និង​ផ្លូវទឹក។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា រួមទាំង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​បណ្តាញ​ផ្លូវថ្នល់​នៅ​កម្ពុជា។ ដើម្បី​ទទួលបាន​ភាពជោគជ័យ​នូវ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ខាងលើ តម្រូវឱ្យមាន​ធនធានមនុស្ស​ប្រកបដោយ​វិជ្ជាជីវៈ និង​ជំនាញ។

ឯកឧត្តម​រដ្ឋមន្ត្រី​ស្តីទី​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​របស់ខ្លួន​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទាំងពីរ និង​រំពឹងថា ការអនុវត្ត​អនុស្សរណៈ​នេះ​មាន​ប្រសិទ្ធភាព​សម្រាប់​អត្ថប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ។

ចំណែក​ភាគី​តំណាង​វិទ្យាស្ថាន​កូរ៉េ លោក​បណ្ឌិត Pyeong Jun Yoo បាន​ថ្លែង​ដោយ​គូស​បញ្ជាក់ដែរថា តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺ​ដើម្បី​បង្កើត​ក៏ដូចជា​ការចែករំលែក​ចំណេះដឹង និង​ជំនាញ​ដល់​គ្នា​ទៅវិញទៅមក ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​ល្អ​ប្រសើរឡើង​ជាមួយ​គ្នា។

យ៉ាងណាក៏ដោយ​តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ភាគី​កម្ពុជា​រំពឹងថា នឹង​ទទួលបាន​បទពិសោធ និង​ចំណេះដឹងថ្មីៗពី​ដៃគូ​ប្រទេស​កូរ៉េ​ក្នុងការ​គ្រប់គ្រង​ផ្លូវថ្នល់​ឱ្យ​កាន់តែ​ប្រសើរឡើង ដោយសារ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កូរ៉េ​កាន់​ត្រូវបាន​គេ​មើលឃើញថា មាន​ភាពល្អប្រសើរ​ខ្លាំង​ជាង​កម្ពុជា៕

Source From: http://www.lareine.com.kh
Share
Our Partners