ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) គ្រោងទឹកប្រាក់ជំនួយ និងបដិភាគសរុបជាង២០០លានដុល្លារ បង្កើតរោងចក្រប្រពឹត្តកម្មទឹកស្អាតមួយទៀត នៅសង្កាត់បាក់ខែង។ គម្រោងនេះត្រូវប្រើរយៈពេលសាងសង់ចំនួន ៣ឆ្នាំ៩ខែ ដែលនឹងចាប់ផ្តើមនៅអំឡុងខែមេសា ឆ្នាំ២០១៩ ហើយអាចដាក់ដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២២។ នេះបើតាម PPWSA ដែលបញ្ជាក់ទៀតថា រោងចក្រទឹកស្អាតនេះ អាចផលិតទឹកបាន១៩៥,០០០ម៉ែត្រគីបក្នុងមួយថ្ងៃ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) គ្រោងបង្កើតរោងចក្រប្រពឹត្តកម្មទឹកស្អាតមួយទៀត ដើម្បីពង្រីកវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនជូនប្រជាពលរដ្ឋ។ រោងចក្រទឹកស្អាតនេះ អាចផលិតទឹកបាន១៩៥,០០០ម៉ែត្រគីប ក្នុងមួយថ្ងៃគ្រោងធ្វើឡើងនៅសង្កាត់បាក់ខែង រាជធានីភ្នំពេញ។ នេះបើតាមលិខិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
បើតាម PPWSA ការសិក្សាគម្រោងនេះ នឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៧ខាងមុខ ហើយ ការរៀបចំឯកសារដេញថ្លៃ ជាលក្ខណៈអន្តរជាតិ ដើម្បីជ្រើសរើសអ្នកម៉ៅការសាងសង់ ត្រូវបញ្ចប់ នៅខែមីនា ឆ្នាំ២០១៨។ តាមផែនការ រោងចក្រទឹកស្អាតបាក់ខែងនេះ គ្រោងចំណាយទឹកប្រាក់សរុប ២២៨.៥លានដុល្លារ ក្នុងនោះប្រមាណ១៧៨.៦លានដុល្លារ ជាថវិកាឥណទាន និងចំនួន៤៩.៩លានដុល្លារ ជាថវិកាបដិភាគ។ គម្រោងនេះ ត្រូវប្រើរយៈពេលសាងសង់ចំនួន ៣ឆ្នាំ៩ខែ ដែលនឹងចាប់ផ្តើមនៅអំឡុងខែមេសា ឆ្នាំ២០១៩ ហើយអាចដាក់ដំណើរការប្រ នៅពាក់កណ្ដាលឆ្នាំ២០២២។
ក្នុងលិខិតដដែលនេះ PPWSA ក៏បានស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្រការបង្កើតរោងចក្រនេះផងដែរ។ PPWSA ក៏បានគូសបញ្ជាក់ពីចំណាប់អារម្មណ៍លើគម្រោងនេះ ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)ផងដែរ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់អនុញ្ញាតឲ្យផ្ដល់គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនិរោធជំហានទី១ ដែលមានសមត្ថភាពផលិតទឹកស្អាតចំនួន ១៣០,០០០ម៉ែត្រគីប ក្នុងមួយថ្ងៃ ដោយភាពជោគជ័យផង។
យោងតាម PPWSA គម្រោងសង់រោងចក្រប្រពឹត្តទឹកស្អាតនេះ ជាផែនការមេទី៣ ដើម្បីផលិតទឹកស្អាត ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយទឹកស្អាតរបស់រដ្ឋាភិបាល ដែលកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋរស់នៅតាមទីជនបទ និងទីប្រជុំជន ទូទាំងប្រទេស ចំនួន៩០ភាគរយ ត្រូវទទួលបានសេវាកម្មទឹកស្អាត តាមបំពង់សម្រាប់ប្រើប្រាស់ និង១០ភាគរយទទួលបានទឹកស្អាតពីប្រភពផ្សេងៗ៕