Hot line: +855 (0)99 283 388
● You are in: Media > Detail News
តើ​ជីវិត​រស់នៅ​ខុន​ដូ​មាន​ភាព​ស៊ី​វិ​ល័យ​យ៉ាងដូចម្តេច ?
Date: 2017-11-19

រាជធានី​ភ្នំពេញ ៖ ការ​រស់នៅ​តាម​ខុន​ដូ​នៃ​អគារ​សហកម្មសិទ្ធិ ជា​បែបបទ​ជីវិត​សម្រាប់​មនុស្ស​សម័យ​ថ្មី ដែល​ពួក​គេ​រស់នៅ​លើ​អគារ​រួម​គ្នា ហាក់បីដូចជា​ក្នុង​សហគមន៍​តែ​មួយ ដែល​មាន​សេវាកម្ម​សន្តិសុខ​២៤​ម៉ោង ក្លិប​ហាត់ប្រាណ អាង​ហែល​ទឹក ភោជនីយដ្ឋាន សេវា​ប្រចាំ​ថ្ងៃ​លើ​ការ​បោសសម្អាត និង​អនាម័យ ព្រមទាំង​សេវាកម្ម​ជា​ច្រើន​ទៀត ។
តើ​អ្នក​ត្រៀមខ្លួន​សម្រាប់​ជីវិត​បែប​ថ្មី រស់នៅ​តាម​អគារ​កប់​ពពក​បែប​នេះ​ឬ​នៅ ?

ថ្ងៃនេះ កោះសន្តិភាព សូម​លើកយក​ចំណេះដឹង​មួយ​ចំនួន​ទាក់ទង​នឹង​ជីវិត​រស់នៅ​លើ​អគារ​ខុន​ដូ តើ​មាន​លក្ខខណ្ឌ​ត្រូវ​បំពេញ​អ្វីខ្លះ និង​មាន​ភាព​ងាយស្រួល​យ៉ាងដូចម្តេច ?
លោក មាស ង៉ែត​វាសនា អគ្គនាយក​ក្រុមហ៊ុន NAKI GROUP ដែល​មានបទពិសោធន៍​លើ​ការ​គ្រប់គ្រង​អចលនទ្រព្យ​ជា​ច្រើន​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ការ​រស់នៅ​តាម​វីឡា ជា​ការ​រស់នៅ​លើ​លំនៅ​ឋាន ដែល​មាន​លក្ខណៈ​ដាច់​ៗ​ពី​គ្នា ។ ផ្ទុយ​ទៅ​វិញ ការ​រស់នៅ​លើ​អគារ​ខុន​ដូ ជា​ការ​រស់នៅ​បែប​សហគមន៍ ដែល​មាន​ម្ចាស់​ច្រើន ឬ​គ្រួសារ​ច្រើន និង​មាន​ក្រុម​មនុស្ស​ចម្រុះ ដែល​ត្រូវ​រស់នៅ​ជាមួយ​គ្នា ។ ដូចនេះ ទើប​អ្នកគ្រប់គ្រង​អគារ ត្រូវ​បែងចែក​នូវ​បទបញ្ជាផ្ទៃក្នុង​សម្រាប់​អគារ​នីមួយ​ៗ ។

១-​ការ​ជួសជុល ឬ​លាប​ពណ៌​អគារ
អ្នក​រស់នៅ​ខុន​ដូ ពេល​ត្រូវការ​ជួសជុល​អ្វីមួយ ត្រូវ​សុំ​ទៅ​អ្នកគ្រប់គ្រង​អគារ​ជា​មុន ដើម្បី​ឲ្យ​អ្នកគ្រប់គ្រង​បានដឹង និង​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​ពេល​ណាមួយ ដែល​មិន​បង្ក​ឲ្យ​មាន​សំឡេង​​រំខាន​ច្រើន​ដល់​អ្នក​ស្នាក់​នៅ ។ ចំណែក​ការ​លាប​ពណ៌​អគារ​សម្រាប់​ផ្ទៃ​ខាង​ក្រៅ មិន​ត្រូវ​គេ​អនុញ្ញាត​ទេ ប៉ុន្តែ​ម្ចាស់​លំនៅ​ឋាន​ណាមួយ​អាច​លាប​ពណ៌ ឬ​ឌី​សាញ​លើ​ផ្នែក​ខាងក្នុង​លំនៅ​ឋាន​របស់​ខ្លួន​បាន​តាម​ចំណង់​ចំណូលចិត្ត ។

២-​ការ​កំណត់​ពេលវេលា
ដោយសារ​អគារ​នីមួយ​ៗ​មាន​ម្ចាស់​ស្នាក់​នៅ​ច្រើន និង​ចម្រុះ​គ្នា​បែប​នេះ​ហើយ ទើប​អ្នក​គ្រប់គ្រង​តម្រូវ​ឲ្យ​អ្នក​ស្នាក់​នៅ មិន​ត្រូវ​បង្ក​សំឡេង​រំខាន​ដល់​អ្នក​ដទៃ លើស​ពី​ម៉ោង​១០​យប់​ទេ ក្នុង​ករណី​ពួក​គេ​ជប់លៀង ឬ​ចាក់​បាស់​រាំរែក​ណាមួយ ប៉ុន្តែ​ការ​កំណត់​ម៉ោង​បែប​នេះ មិន​ដូច​គ្នា​ទេ វា​អាស្រ័យ​លើ​អ្នកគ្រប់គ្រង​អគារ​នីមួយ​ៗ ។

៣-​មិន​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ឆ្កែ
ដោយសារ​ឆ្កែ​ជា​សត្វ​មួយ ដែល​ពូកែ​ព្រុស ជុះនោម និង​ជុះអាចម៍​គ្មាន​សណ្តាប់ធ្នាប់ អ្នក​គ្រប់គ្រង​អគារ មិន​តម្រូវ​ឲ្យ​អ្នក​ស្នាក់​នៅ​លើ​ខុន​ដូ​ចិញ្ចឹម​ឆ្កែ ឬ​សុនក​ទេ លើកលែងតែ​ករណី​ពិសេស ដែល​មាន​អ្នក​មើលថែ​ច្បាស់លាស់ ។

៤-​ចំណត​យានយន្ត​ត្រូវ​បង់ប្រាក់​ប្រចាំខែ
ខុន​ដូ​ភាគច្រើន​តែង​មាន​ចំណត​យានយន្ត​ផ្ទាល់ខ្លួន ប៉ុន្តែ​ខុន​ដូ​ខ្លះ​ក៏​មាន​ចំណត​មិន​គ្រប់ ឬ​សមាមាត្រ​នឹង​ចំនួន​ផ្ទះ​នៅ​លើ​អគារ​ដែរ ។ ដូច្នេះ​អ្នក​ស្នាក់​នៅ​ខុន​ដូ ត្រូវ​តម្រូវ​ឲ្យ​បង់​ប្រាក់​ចន្លោះ​ពី​៣០ ទៅ​៤០​ដុល្លារ​ក្នុង​១​ខែ អាស្រ័យ​លើ​ការ​កំណត់​របស់​ក្រុមហ៊ុន ។

៥-​ការ​បង់ប្រាក់​លើ​សេវា​គ្រប់គ្រង​អគារ
ដោយសារ​ខុន​ដូ​ជា​អគារ​រួម និង​មាន​អ្វី​ៗ​សម្រាប់​ប្រើប្រាស់​រួម ដូច​ជា ជណ្តើរយន្ត អាង​ហែល​ទឹក ឬ​កន្លែង​ហាត់ប្រាណ និង​ថ្លៃ​សេវា​សន្តិសុខ​ជាដើម ទើប​ក្រុមហ៊ុន​គ្រប់គ្រង​តម្រូវ​ឲ្យ​អ្នក​ស្នាក់​នៅ​បង់ប្រាក់​ចន្លោះ​ពី​០,៥០ ទៅ​១​ដុល្លារ​សម្រាប់​ទំហំ​ផ្ទះ​ក្នុង​១​ម៉ែត្រ​ការ៉េ​។ ប្រាក់​ទាំង​អស់នេះ នឹង​ប្រើប្រាស់​សម្រាប់​ការ​ថែទាំ និង​ជួសជុល​សម្ភារ​បរិក្ខារ​រួម ដែល​អ្នក​ស្នាក់​នៅ​អាច​ប្រើប្រាស់​បាន ។

ប៉ុន្តែ​អគារ​ខុន​ដូ​ខ្លះ ក៏​តម្រូវ​ឲ្យ​អ្នក​ស្នាក់​នៅ​បង់ប្រាក់​សម្រាប់​សេវា​ហាត់ប្រាណ អាង​ហែល​ទឹក ឬ​សេវា​អនាម័យ​ជា​កញ្ចប់​ចន្លោះ​ពី​២០ ទៅ​៣០​ដុល្លារ​ក្នុង​១​ខែ​ដែរ អាស្រ័យ​លើ​គម្រោង ឬ​ក្រុមហ៊ុន​គ្រប់គ្រង​អគារ​នីមួយ​ៗ​ជា​អ្នក​កំណត់ ។

៦-​សេវា​សម្អាត និង​បោក​អ៊ុត
ដោយសារ​វា​ជា​បណ្ដុំ​ក្រុម​មនុស្ស​ចម្រុះ អ្នកគ្រប់គ្រង​អគារ​ខុន​ដូ​នីមួយ​ៗ តែង​ផ្តល់​សេវា​សម្អាត និង​អនាម័យ​ចំនួន​៣​ដង​ក្នុង​១​ស​ប្តា​ហ៍ និង​ផ្តល់​សេវា​បោក​អ៊ុត​សម្លៀក​បំពាក់​ផង​ដែរ ប្រសិនជា​ម្ចាស់​លំនៅ​ឋាន​នីមួយ​ៗ​ត្រូវការ​សេវា​បោកគក់​សម្លៀក​បំពាក់ ដោយសារ​គ្មាន​ពេល​បោកគក់​ខ្លួនឯង ព្រោះ​ជាប់រវល់​នឹង​ការ​បំពេញការងារ​ជាដើម ។

៧-​សន្តិសុខ
ការ​រស់នៅ​តាម​ខុន​ដូ មិន​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ទាក់ទង​នឹង​សន្តិសុខ​នោះ​ទេ ដោយសារ​អគារ​នីមួយ​ៗ​សុទ្ធតែ​មាន​បុគ្គលិក​យាម​ប្រចាំការ​២៤​ម៉ោង ។ ដូចនេះ ម្ចាស់​លំនៅ​ឋាន​ក្នុង​អគារ​ខុន​ដូ មិន​ចាំបាច់​បារម្ភ​ពី​ការ​ទុក​ផ្ទះ​ចោល​ទេ ខុស​ពី​ផ្ទះល្វែង ឬ​ផ្ទះ​វីឡា ពេល​ម្ចាស់​មិន​នៅ ត្រូវ​បារម្ភ​ពី​ពួក​ជនខិលខូច ឬ​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​ជាដើម ។

៨-​សេវា​កុម្ម​ង់​ម្ហូបអាហារ
វា​អាស្រ័យ​លើ​ក្រុមហ៊ុន​គ្រប់គ្រង ឬ​អ្នក​អភិវឌ្ឍន៍​នីមួយ​ៗ​ដែល​បំពាក់​សេវាកម្ម​សម្រាប់​អ្នក​ស្នាក់​នៅ​លើ​អគារ​សហកម្មសិទ្ធិ​របស់​ខ្លួន ។ អគារ​ខ្លះ មាន​សេវា​កុម្ម​ង់​អាហារ ភេសជ្ជៈ សេវា​បោក​អ៊ុត​បាន​២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​គ្រាន់តែ​អ្នក​ស្នាក់​នៅ​ទូរស័ព្ទ​ទៅ​កាន់​បុគ្គលិក​ទទួលភ្ញៀវ​នៅ​ក្នុង​អគារ​ប៉ុណ្ណោះ ។

៩-​សេវា​អគ្គិភ័យ ឬ​ការ​សង្គ្រោះ
នៅ​កម្ពុជា មិន​ទាន់​មាន​អគារ​ខុន​ដូ​កប់​ពពក​ណាមួយ មាន​ករណី​អគ្គិភ័យ​នៅ​លើ​អាកាស​នៅឡើយ​ទេ ហើយ​ករណី​នេះ គឺជា​អ្វី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​គិត និង​បារម្ភ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​ទេ ព្រោះ​អ្នក​វិនិយោគ​អគារ​ខុន​ដូ​ដែល​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ ពួក​គេ​សុទ្ធតែ​បាន​គិតគូរ​រួច​ហើយ ពី​ការ​បំពាក់​ឧបករណ៍​ការពារ​អគ្គិភ័យ ប្រព័ន្ធ​ទឹក​សម្រាប់​បាញ់ និង​ជណ្តើរ​ជើង ឬ​ជណ្តើរ​សុវត្ថិភាព ដែល​អាច​ជម្លៀស​មនុស្ស​ចេញ​បាន ក្នុង​ករណី​មាន​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​ណាមួយ ។

ជាមួយ​​គ្នា​នេះ រាជរដ្ឋាភិបាល​ក៏​មិន​ព្រងើយកន្តើយ​នឹង​បញ្ហា​បង្ការ​ជា​មុន​នោះ​ដែរ ។ ជាក់ស្តែង ខាង​នគរបាល​ពន្លត់​អគ្គិភ័យ ក៏​ទទួល​បានការ​បណ្តុះបណ្តាល ដើម្បី​ជម្លៀស​មនុស្ស​ចេញពី​អគារ ព្រមទាំង​មាន​រថយន្ត​បាញ់​ទឹក​ដើម្បី​ត្រៀម​បង្ការ និង​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា​ផង​ដែរ ។ ដូច្នេះ ជីវិត​រស់នៅ​តាម​ខុន​ដូ ពិតជា​មាន​សុវត្ថិភាព​ជាង​ការ​រស់នៅ​ក្នុង​លំនៅ​ឋាន​ជា​លក្ខណៈ​ឯក​កម្មសិទ្ធិ ៕

Source From: https://kohsantepheapdaily.com.kh
Share
Our Partners