Hot line: +855 (0)99 283 388
● You are in: Media > Detail News
តំបន់​មួយ​ចំនួន​ណា​នៅ​ភ្នំពេញ ដែល​មាន​សក្ដានុពល​បន្ទាប់​ពី​បឹង​កេងកង
Date: 2017-11-19

រាជធានី​ភ្នំពេញ ៖ បឹង​កេងកង ជា​តំបន់​មាន​សក្ដានុពល​ទាំង​ការ​វិនិយោគ ពាណិជ្ជកម្ម និង​ការ​រស់នៅ​យូរ​មក​ហើយ ប៉ុន្តែ​បន្ទាប់​ពី​តំបន់​នេះ ក៏​មាន​តំបន់​មួយ​ចំនួន​ទៀត ដែល​វិនិយោគិន​បាន​សម្លឹង និង​កំពុង​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ផង​ដែរ ជា​ពិសេស សំណង់​អគារ​ពាណិជ្ជកម្ម និង​លំនៅ​ឋាន ។ តើ​តំបន់​ណា​ដែល​មាន​សក្ដានុពល​បន្ទាប់​ពី​តំបន់​នេះ ?

បើ​តាម​ការ​វាយតម្លៃ​ពី​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា បាន​បង្ហាញ​ពី​ភាព​ស្រ​ដៀង​គ្នា ដែល​​កំពុង​មាន​សក្ដានុពល​ក្នុង​វិស័យ​អចលនទ្រព្យ ទាំង​លំនៅ​ឋាន និង​ពាណិជ្ជកម្ម ។ យោង​តាម​គេហទំព័រ​អចលនទ្រព្យ​ខ្មែរ បាន​ឲ្យ​ដឹង​ថា តំបន់​ទន្លេបាសាក់ គឺជា​ទីតាំង​ល្អ​មួយ​សម្រាប់​ការ​វិនិយោគ​ជា​អគារ​ពាណិជ្ជកម្ម ការិយាល័យ និង​អគារ​ខុន​ដូ ។ ជាក់ស្ដែង តំបន់​នៅ​ទីក្រុង​រណប​កោះ​ពេជ្រ សំណង់​អគារ​ជា​ច្រើន​កំពុង​រីក​លូតលាស់​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​គម្រោង​ខ្លះ​បាន​បញ្ចប់ និង​គម្រោង​ខ្លះ​ទៀត​កំពុង​សាងសង់ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ពេល​ខាង​មុខ ។

តាម​ការ​សង្កេត​ជាក់ស្ដែង​នៅ​តំបន់​ទន្លេបាសាក់ ក៏​មាន​អគារ​ប្រណីត​ៗ​មួយ​ចំនួន​បាន​បញ្ចប់​គម្រោង និង​ដាក់​ដំណើរការ​ជា​ផ្លូវការ ដែល​ធ្វើ​ឲ្យ​តំបន់​នោះ​កាន់តែ​មាន​ភាព​ទាក់​ទាញ​ពី​សំណាក់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ថែម​ទៀត​ផង ។ ក្នុង​នោះ អគារ​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ទី​២ ដែល​ទើបនឹង​ដាក់​ដំណើរការ​ជា​ផ្លូវការ​កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​សក្ដានុពល និង​ផ្ដល់​តម្លៃ​ដល់​តំបន់​ទន្លេបាសាក់ កាន់តែ​មាន​មុខមាត់​ថែម​ទៀត ។

ដោយឡែក ភ្នាក់ងារ​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា បាន​វាយតម្លៃ​ថា ក្រៅពី​តំបន់​បឹង​កេង​កង​នៃ​ខណ្ឌចំការមន ដែល​មាន​សក្ដានុពល​ខ្ពស់​ទាំង​ការ​រស់នៅ ពាណិជ្ជកម្ម និង​វិនិ​យោគ ក៏​មាន​តំបន់​ផ្សេង​ទៀត​ដែរ ក្នុង​នោះ ខណ្ឌដូនពេញ ក៏​ជា​តំបន់​ដែល​មាន​សក្ដានុពល​សម្រាប់​លំនៅ​ឋាន​ដែរ ហើយ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ ក៏​មិន​ក្រោម​តំបន់​បឹង​កេងកង និង​ទន្លេបាសាក់​ច្រើន​ប៉ុន្មាន​ទេ ។

លោក ឌឹ​ត ច​ណ្ណា ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី បាន​ឲ្យ​ដឹង​ថា លោក​មើល​ឃើញ​ថា តំបន់​មួយ​ចំនួន​នៅ​ខណ្ឌដូនពេញ កំពុង​តែ​មានការ​ចាប់អារម្មណ៍​លើ​ការ​វិនិយោ​គ​បន្ថែម ជា​ពិសេស វិនិយោគ​ទៅ​លើ​អគារ​ការិយាល័យ និង​ខុន​ដូ ។

លោក​បន្ត​ថា បើ​ក្រឡេក​មើលទៅ​តំបន់​ក្នុង​ខណ្ឌដូនពេញ មាន​កន្លែង​ខ្លះ​តម្លៃ​ដី​ក៏​ខ្ពស់​ដែរ ព្រមទាំង​មានការ​ចាប់អារម្មណ៍​ពី​វិនិយោគិន​ជា​ច្រើន ព្រោះ​វា​ជា​តំបន់​នៅ​ចំណុច​កណ្ដាល​រាជធានី ។

បើ​តាម​ប្រសាសន៍​របស់​លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ដែរ​ថា តម្លៃ​ដីធ្លី​នឹង​មិន​ចុះ​ទៀត​ទេ មាន​តែ​បន្ត​ឡើងថ្លៃ ព្រោះ​ដី​អត់​កើត​ទេ តែ​មនុស្ស​កើតជា​រៀងរាល់ថ្ងៃ ហើយ​កំណើន​មនុស្ស​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​តម្រូវការ​ដីធ្លី ។

លោក​បាន​ផ្ដល់​ជា​យោបល់​មួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​ថា គួរតែ​ទិញ​ដី​ទុក​សម្រាប់​វិនិយោគ ឬ​សង់ផ្ទះ​នៅ​ពេល​អនាគត បើសិនជា​មិន​ទាន់​មាន​លទ្ធភាព​ទិញ​ផ្ទះ​ស្នាក់​នៅ​ផ្ទាល់ខ្លួន ៕

Source From: https://kohsantepheapdaily.com.kh
Share
Our Partners