Hot line: +855 (0)99 283 388
● You are in: Media > Detail News
តំបន់​ជ្រោយចង្វា​ត្រើយ​ខាងកើត​ចាប់ផ្ដើម​មាន​សក្ដានុពល​ខ្លាំង
Date: 2017-11-19

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តំបន់​ជ្រោយចង្វា​ត្រើយ​ខាងកើត​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង ហើយ​ក៏​ជា​តំបន់​ដែល​ចាប់ផ្ដើម​មាន​សក្ដានុពល​លើ​ការ​វិនិយោគ ពិសេស​វិស័យ​សំណង់ បន្ទាប់​ពី​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​ងាក​ទៅ​អភិវឌ្ឍន៍​នៅ​តំបន់​នោះ ។

ថ្មី​ៗ​នេះ OCIC ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា បាន​ឲ្យ​ដឹង​ថា នឹង​សាង​សង់​ការិយាល័យ​កណ្តាល​របស់​ខ្លួន ដែល​មាន​កម្ពស់​២០​ជាន់​នៅ​ទីក្រុង​រណប​នេះ ដោយ​គ្រោង​ចំណាយ​ទឹកប្រាក់​២០​លាន​ដុល្លារ ។

អគ្គនាយករង​ក្រុមហ៊ុន លោក ទូច សំណាង​បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ថា ការ​សាងសង់​អគារ​នេះ​បាន​ចាប់ផ្តើម​បុក​គ្រឹះ​ហើយ ដោយ​វា​នឹង​ក្លាយជា​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន នៅ​ពេល​សាងសង់​រួច ។

លោក​បន្ត​ថា ក្រៅពី​ការ​សាងសង់​អគារ​ការិយាល័យ​នេះ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​សាង​សង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រួម​មាន ផ្សារ​ទំនើប ផ្ទះល្វែង និង​សេវាកម្ម​កម្សាន្ដ​មួយ​ចំនួន​ទៀត​នៅ​ដើមឆ្នាំ​២០១៨​ខាង​មុខ ។

តាម​គម្រោង​ទីក្រុង​រណប​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​៣.០០០​លាន​ដុល្លារ ដើម្បី​វិនិយោគ​តំបន់​នេះ​ឲ្យ​មាន​ភាព​រស់​រវើក ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​សាងសង់​ស្ពាន​យោង​ដោយ​ខ្សែកាប ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ទៅ​កាន់​តំបន់​នេះ ធ្វើ​យ៉ាងណា ទាក់ទាញ​ការ​ចាប់អារម្មណ៍​បន្ថែម​ទៀត បន្ទាប់​ពី​ការ​សាងសង់​ស្ពាន​ជ្រោយចង្វា​ទី​២ ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​Century21 Mekong បាន​ថ្លែង​ថា ជ្រោយចង្វា​ជា​តំបន់​មាន​សក្តានុពល​ខ្លាំង​ក្នុង​ការ​វិនិយោគ ព្រោះ​តំបន់​នេះ​ចាប់ផ្តើម​រីក​ចម្រើន​ខ្លាំង ដោយសារ​វា​ស្ថិត​នៅ​ជិត​កណ្តាល​រាជធានី ហើយ​លក្ខខណ្ឌ​ភូមិសាស្ត្រ​មាន​ភាព​អំណោយ​ផល ដោយសារ​មា​នទី​តាំងនៅ​ជិត​ទន្លេ ដែល​ផ្ដល់​ផល​ល្អ​ដល់​ការ​រស់នៅ​មាន​ភាព​ងាយស្រួល ។

លោក​បន្ត​ថា ដី​តំបន់​នេះ​ភាគច្រើន​គ្រប់គ្រង​ដោយ​ឧកញ៉ា​ធំ​ៗ ហេតុនេះ ប្រសិនជា​ពួក​គាត់​ចាប់ផ្តើម​សកម្មភាព​អភិវឌ្ឍន៍​តំបន់​នេះ នឹង​កាន់តែ​មានការ​រីក​ចម្រើន​ខ្លាំង ។ លោក​បន្ត​ថា ៖« មនុស្ស​រស់នៅ​តំបន់​នេះ​ច្រើន ហើយ​មនុស្ស​នឹង​កើនឡើង​បន្ថែម​ទៀត នៅ​ពេល​គម្រោង​អភិវឌ្ឍន៍​នានា​ចាប់ផ្តើម​សកម្មភាព ដែល​នឹង​ធ្វើ​ឲ្យ​មនុស្ស​ចូល​ទៅ​រស់នៅ​កាន់តែ​ច្រើន » ៕

Source From: https://kohsantepheapdaily.com.kh
Share
Our Partners