Hot line: +855 (0)99 283 388
● You are in: Media > Detail News
អ្នកជំនាញ ៖ កម្តៅ​នយោបាយ​មិន​ប៉ះពាល់់​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​ទេ
Date: 2017-11-19

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ស្ថានភាព​នយោបាយ​មើលទៅ​កំពុង​ឡើងក​ម្តៅ ដោយ​សារ​​តែ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ធំ​មួយ​នៅ​កម្ពុជា​ក្ដី តែ​​ការ​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក នៅ​តែ​ដំណើរការ​ល្អ​ប្រសើរ និង​គ្មាន​ផល​ប៉ះពាល់​អ្វី​ទេ ។ នេះ​បើ​តាម​អ្នកជំនាញ​ខាង​វិនិយោគ​នៅ​កម្ពុជា ។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting សង្កេត​ឃើញ​ថា សម្រាប់​ការ​វិនិយោគ​រយៈពេល​វែង​គឺ​នៅ​តែ​បន្ត ប៉ុន្តែ​ការ​វិនិយោគ​រយៈពេល​ខ្លី មាន​ក្រុមហ៊ុន​ខ្លះ​ស្ថិត​ក្នុង​ការ​រង់ចាំ​មើល​ស្ថានការណ៍​នយោបាយ​សិន ។

ក្រៅពី​ការ​វិនិយោគ​ខាង​ផ្នែក​ឧស្សាហកម្ម និង​ក​សិ​-​ឧស្សាហកម្ម​នោះ អចលនទ្រព្យ​និង​ទេសចរណ៍ គឺជា​វិស័យ​ដែល​មាន​សក្តានុពល​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​នៅ​ក្រៅ​ប្រទេស មក​បោះទុន​យ៉ាង​សន្ធឹកសន្ធាប់​នៅ​កម្ពុជា ។

លោក ង៉ែត ជូ បាន​លើក​ឡើង​ថា ខណៈ​កម្តៅ​នយោបាយ​មិន​ថមថយ ការ​វិនិយោគ​ភាគច្រើន គឺ​ទៅ​លើ​វិស័យ​អចលនទ្រព្យ ។ ដូច្នេះ​ក្នុង​បរិបទ​បែប​នេះ បើសិនជា​ធ្វើការ​វិនិយោគ​រយៈពេល​វែង​ទៅ​លើ​វិស័យ​អចលនទ្រព្យ គឺជា​ឱកាសល្អ​សម្រាប់​វិនិយោគិន​ខ្មែរ និង​បរទេស ។

គិត​ចាប់តាំងពី​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០១៧​នេះ មាន​ប្រទេស​៥​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ជាងគេ ក្នុង​នោះ ប្រទេស​មហា​អំណាច​ចិន​ឈរ​នៅ​លំដាប់​ទី​១ ដែល​បាន​បោះទុន​វិនិយោគ​ចំនួន​១២១​គម្រោង ស្មើនឹង​ទឹកប្រាក់​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ប្រទេស​ដែល​តាម​ពីក្រោយ​ចិន គឺ​កូរ៉េ​ខាងត្បូង បាន​វិនិយោគ​លើ​៤៨​គម្រោង ស្មើនឹង​ទឹកប្រាក់​ប្រមាណ​១.៦៣៧​លាន​ដុល្លារ​អា​មេ​រិ​ក​។ ចំណែក​​ប្រទេស​ជប៉ុន​វិញ គឺ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ដែល​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា ក្នុង​រយៈពេល​១៧​ឆ្នាំ មាន​ចំនួន​៣៧​គម្រោង ស្មើនឹង​ទឹកប្រាក់​ប្រមាណ​២៤៥​លាន​ដុល្លារ​អា​មេ​រិ​ក ។ រីឯ​ប្រទេស​ទី​៤ គឺ​សិង្ហ​បុរី​បាន​មក​វិនិយោគ​ចំនួន​៩​គម្រោង ស្មើ​នឹង​ទឹកប្រាក់​ប្រមាណ​១៤៩ លាន​ដុល្លារ​អា​មេ​រិ​ក និង​ថៃ​ដែល​ជា​ប្រទេស​ជិតខាង ឈរ​នៅ​លំដាប់​ទី​៥ វិនិយោគ​ចំនួន​២៥ គម្រោង ស្មើនឹង​ទឹកប្រាក់​ប្រមាណ​១៤៦​លាន​ដុល្លារ​អា​មេ​រិ​ក ។

យ៉ាងណាមិញ នៅ​ពេល​ថ្មី​ៗ​នេះ វិនិយោគិន ខេត្ត​ស៊ី​ឈាន់ ប្រទេស​ចិន នឹង​ដាក់​ខេត្ត​ព្រះ​សីហ​នុ ជា Sister City របស់​ខ្លួន ខណៈ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ជា​តំបន់​កំពុង​មាន​សក្តានុពល​ខ្លាំង​លើ​គ្រប់​វិស័យ ដូច​ជា វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ​ជាដើម ។

លោក​បណ្ឌិត​សេដ្ឋកិច្ច គី សេរី​វឌ្ឍន៍ និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា មាន​ប្រសាសន៍​ថា ការ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​នេះ នៅ​តែ​មាន «​សញ្ញា​វិជ្ជមាន​» ដដែល ប៉ុន្តែ​មាន​កម្លាំង​ថមថយ​ជាង​មុន​បន្ដិច​។ វិស័យ​ដែល​វិនិយោគ​ច្រើន​ជាង​គេ គឺ​វិស័យ​សំណង់ និង​សេវាកម្ម ។ យ៉ាងណា​ក៏​ដោយ លោក​ថា បញ្ហា​នយោបាយ​ក៏​ជះ​ឥទ្ធិពល​មក​លើ​ការ​មក​បោះទុន​វិនិយោគ​ផង​ដែរ ។

លោក​បណ្ឌិត​បន្ត​ថា ៖« ខ្ញុំ​យល់​ថា អ្នក​វិនិយោគ​កំពុង​តែ​ពិចារណា​ហើយ ។ ឧទាហរណ៍​ថា កាលណា​វិបត្តិ​នយោបាយ​កើតឡើង គឺ​អ្នក​វិនិយោគ​ត្រូវ​តែ​ស្ទង់​មើល​សិន​ថា តើ​សភាព​ការណ៍​នយោបាយ​វា​ប្រែប្រួល​យ៉ាងម៉េច ប៉ុន្តែ​បើ​អ្នក​វិនិយោគ​មួយ​ចំនួន​ធ្វើការ​វិនិយោគ​ក្នុង​ទ្រង់ទ្រាយ​ធំ គេ​មាន​អ្នក​ព្យាករណ៍​អំពី​កត្តានយោបាយ​នេះ ។ អីចឹង គេ​អាច​ប៉ាន់ស្មាន និង​សម្រេចចិត្ត​ក្នុង​ការ​វិនិយោគ មាន​ន័យ​ថា គេ​អាច​មក​វិនិយោគ បើសិនជា​គេ​ប៉ាន់​ស្មានថា កត្តានយោបាយ​គ្មាន​ឥទ្ធិពល​អាក្រក់​ទេ​នោះ » ។

យ៉ាងណាមិញ វិនិយោគិន​វិស័យ​អចលនទ្រព្យ​ក្នុងស្រុក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា សភាព​ការណ៍​នយោបាយ​បច្ចុប្បន្ន គ្មាន​ផល​ប៉ះពាល់​ដល់​ការ​វិនិយោគ​លើ​វិស័យ​សំណង់ អចលនទ្រព្យ និង​លំនៅ​ឋាន​ទេ ព្រោះ​រាជ រដ្ឋាភិបាល​នៅ​តែ​រក្សា​បាន​នូវ​សុខ​សន្តិភាព និង​បើកឱកាស​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​ជា​និច្ច ៕

Source From: https://kohsantepheapdaily.com.kh
Share
Our Partners