កម្ពុជានាពេលប្ចុប្បន្ន កាន់តែមានសក្តានុពលលើវិស័យអចលនទ្រព្យ ខណៈមួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា កាន់តែមានសន្ទុះខ្លាំងឡើងៗឥតឈប់ឈរជាពិសេស មានការបណ្តាក់ទុនជាច្រើនពាក់ព័ន្ធទៅនឹងវិស័យដីធ្លីផងដែរ។
លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ប្រាប់ពាណិជ្ជកម្មកម្ពុជា ទោះយ៉ាងណាអចលនទ្រព្យតែងមានការប្រែប្រួលជានិច្ច ដូចនេះមុនសម្រេចចិត្តវិនិយោគផ្នែកណាមួយក្នុងវិស័យនេះ អ្នកត្រូវសិក្សាស្វែងយល់ឲ្យច្បាស់លាស់ជាមុនសិន។
តើលោកអ្នកគួរវិនិយោគលើផ្នែកមួយណា ក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន និងមួយឆ្នាំខាងមុខទៀតពោលគឺឆ្នាំ២០១៨?
លោកឧញ៉ា នួន រិទ្ធី បានមានប្រសសន៍ថា “ សម្រាប់អ្នកទិញដើម្បីវិនិយោគ ដែលមានកម្រិតមធ្យម និងក្រោមមធ្យម នៅពេលទិញត្រូវគិតលើទីតាំង តម្លៃ និងពេលវេលាដែលគួរវិនិយោគទៅ តាមលទ្ធភាព។
លោកឧកញ៉ាបានបញ្ជាក់យ៉ាងដូច្នេះថា ការវិនិយោគលើអចលនទ្រព្យកាលៈទេសៈណាក៏ជាឱកាសដែរ ឲ្យតែវិនិយោគចំទីតាំងល្អ និងតម្លៃថោក។
យ៉ាងណាមិញ សម្រាប់អ្នកទិញផ្ទះដើម្បីរស់នៅ គួរទិញនៅពេលបច្ចុប្ប្ននេះ ដោយសារតែលោកមើលឃើញថា អ្នកផ្គត់ផ្គង់ផ្តល់លក្ខណពិសេសច្រើនសម្រាប់អ្នកទិញ ពោលគឺមានតម្លៃសមរម្យ និងឱកាសផ្តល់កម្ចីរហូតដល់ ៧០ % ។
បន្ថែមពីនេះ សម្រាប់អ្នកចង់បោះទុនវិនិយោគធំលើវិស័យដីធ្លី ត្រូវសម្លឹងមើលដីជាយក្រុង ដែលមាន ទិសដៅនៅជុំវិញក្រុងមិនលើសពី៣០ គីឡូម៉ែត្រ។
លោកឧកញ៉ាបានពន្យល់យ៉ាងដូច្នេះថា ចម្ងាយដែលមិនលើសពី ៣០គីឡូម៉ែត្រគឺអាចបត់បែនបាន អាចសាងសង់លំនៅឋានលក់បាន ដោយសារតែបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរ ពោលគឺប្រព័ន្ធផ្លូវរីកធំ និងលំហូរចររាចរក៏ហាក់មានភាពល្អប្រសើរ។
សម្រាប់លោកអ្នកដែលវិនិយោគអចលនទ្រព្យជាលើកដំបូងត្រូវសម្លឹងមើលអចលនទ្រព្យណាដែលមានផ្ទះ កុំទិញដីទទេ មានន័យថាលោកអ្នកអាចស្នាក់នៅក៏បាន លក់ចេញវិញក៏បាន ហើយបើសិនជាមិន មានលទ្ធភាពលើការទិញផ្ទះនោះទេ លោកអ្នកគួរទិញដីឡូតិ៍នៅជាយៗក្រុង ដើម្បីទទួលបាន ផល ចំណេញនៅពេលដែលទីក្រុងត្រូវបានពង្រីកនៅថ្ងៃអនាគត ។
ប៉ុន្តែ ការវិនិយោគលើដីឡូតិ៍ត្រូវពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធទីតាំងនៃដីឡូតិ៍នោះ និងប្រព័ន្ធផ្លូវច្បាប់ ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានហានិភ័យ។