ភ្នំពេញ៖ ប្រឡូកក្នុងវិស័យអចលនទ្រព្យអស់រយៈពេល១២ឆ្នាំ លោកឧកញ៉ា នួន រិទ្ឋី ទទួលបានជោគជ័យយ៉ាងឆាប់រហ័សក្នុងអាជីពរបស់ខ្លួន ដោយសារលោកធ្វើការប្រកបដោយឆន្ទៈ ភាពស្មោះត្រង់ និងផ្តល់ទំនុកចិត្តដល់អតិថិជន។
បច្ចុប្បន្នលោកឧកញ៉ា នួន រិទ្ឋី ជាអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal (KFA) ជាក្រុមហ៊ុនផ្តល់សេវាកម្មសិក្សាគំរោងប្លង់ ឌីសាញ ការសិក្សាពីគំរោងនៃការវិនិយោគ សាងសង់ ផ្តល់ជាទីប្រឹក្សានិងដៃគូវិនិយោគ ព្រមទាំងផ្តល់សេវាកម្មទិញលក់ជួលអចលវត្ថុផងដែរ។
ចាប់ផ្តើមការងារពីបុគ្គលិកធម្មតាមួយរូប ក្នុងក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះមួយនៅទីក្រុងភ្នំពេញ លោកឧកញ៉ាបានទទួលការដំឡើងដំណែងយ៉ាងលឿន នៅក្នុងក្រុមហ៊ុននោះ ដោយសារទេពកោសល្យរបស់លោក ហើយបន្ទាប់មកលោកទទួលបានជោគជ័យយ៉ាងឆាប់រហ័សទាំងកេរ្ត៍ឈ្មោះ និងធនធាន។
តើកត្តាអ្វីខ្លះដែលធ្វើឲ្យលោកឧកញ៉ាទទួលបានជោគជ័យ លោកឧកញ៉ាបានមានប្រសាសន៍ថា ដោយសារលោកមើលឃើញអាជីពនេះ ជាអាជីពមិនសូវប្រើប្រាស់ដើមទុនច្រើន និងជាអាជីពដែលទាមទារត្រឹមភាពប៉ិនប្រសព្វ ឧស្សាហ៍ព្យាយាម និងអាចធ្វើអ្វីឲ្យគេមានទំនុកចិត្ត ទើបលោកសម្រេចចិត្តចូលប្រឡូកក្នុងវិស័យនេះ ព្រោះវិស័យនេះជាបណ្តុំព៌តមាន និងបណ្តុំលុយ តាមរយៈការផ្តល់សេវាកម្មលក់ផ្ទះ លក់ដី សេវាកម្មទិញ លក់ ជួល និងចំណេញប្រាក់ងាយស្រួល។
លោកបន្តថា “ចង់ទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីអតិថិជន យើងត្រូវចេះដាក់ខ្លួនឲ្យគេប្រើប្រាស់ ធ្វើការងារដោយម៉ត់ចត់ ប្រុងប្រយ័ត្ន និងធ្វើឲ្យអស់លទ្ឋភាពជាមួយភាពស្មោះត្រង់។ ជោគជ័យឬមិនជោគជ័យ យើងត្រូវមានហេតុផលសមរម្យឲ្យគេទទួលយកបាន ក្នុងនាមជាអ្នកផ្តល់សេវាកម្មឲ្យគេ។លោកបន្តថា “ធ្វើការងារក្នុងវិស័យនេះ គឺធ្វើការជាមួយអ្នកមានលុយច្រើន ដូច្នេះយើងត្រូវនាំលាភ និងស្នាមញញឹមដល់ពួកគាត់ មិនប្រកាន់ខ្លួន មិនប្រកាន់ការងារនិងត្រូវឆ្លាតវៃ និងមិនត្រូវធ្វើអ្វីឆិនឆៃ ធ្វើឲ្យអតិថិជនបាត់បង់ទំនុកចិត្តឡើយ។
ការបង្កើតក្រុមហ៊ុនជារឿងងាយស្រួលមួយ ប៉ុន្តែដើម្បីឲ្យក្រុមហ៊ុនទទួលបានជោគជ័យដោយនិរន្តរភាព មិនមែនជារឿងសាមញ្ញនោះទេ តើលោកឧកញ៉ាមានយុទ្ឋសាស្ត្រអ្វីដើម្បី រក្សាភាពជោគជ័យប្រកបដោយនិរន្តរភាព លោកឧកញ៉ានួន រិទ្ឋីបានថ្លែងថា ការងាររកស៊ីធំបំផុត គឺត្រូវមានបណ្តាញ ដោយផ្តោតសំខាន់លើចំណុចសំខាន់ៗមួយចំនួនដូចជា ទី១ ត្រូវកសាងមិត្ត ប៉ុន្តែដើម្បីកសាងមិត្តបានល្អ ត្រូវមានភាពរ៉ឹងមាំក្នុងគ្រួសារជាមុនសិន ទី២ ក្នុងបរិយាកាសការងារ យើងត្រូវដើរតួនាទីជាអ្នកសម្របសម្រួល និងធ្វើជាផ្នែកមួយនៃការងាររបស់ដៃគូ ទី៣ ព្យាយាមស្គាល់អ្នកខាងក្រៅពីតូចទៅធំ ដូចជាទឹកហូរហូរពីខ្ពស់មកទាប តែមនុស្សត្រូវធ្វើពីតូចទៅធំ ទី៤ ពេលមានឳកាសផ្តល់សេវាកម្មដល់អតិថិជន យើងត្រូវផ្តល់សេវាកម្មប្រកបដោយភាពស្មោះត្រង់ ធ្វើខ្លួនឲ្យគេចូលចិត្ត បើយើងមិនអាចធ្វើបែបនេះបានទេ យើងមិនងាយចាប់ការងារបាននោះទេ និងទី៥ ត្រូវមានចិត្តបើកទូលាយ ព្រោះជោគជ័យនឹងប្រយោជន៍ បែកក៏ដោយសារផលប្រយោជន៍។
ជាមួយនឹងសម្តីមួយៗ ប្រកបដោយទំនុកចិត្ត និងមានភាពម៉ឺនម៉ាត់លោកឧកញ៉ានួន រិទ្ឋីបានបន្តថា “ការរក្សាជោគជ័យ និងថែរទាំជំនួញជាការពិបាក និងក៏ងាយបរាជ័យផងដែរ ហេតុនេះយើងត្រូវប្រកាន់នូវពាក្យបី គឺឆ្អែតរក្សាឃ្លាន មានរក្សាខ្សត់និងខ្ពស់រក្សាទាប។ លោកបន្តថា “ពេលយើងមានបានហើយកុំភ្លេច ប្រភពថា យើងមកពីណា កុំភ្លេចសារជាតិ និងត្រូវចេះចែករំលែកតាមធនធានរបស់យើងមាន”៕