Hot line: +855 (0)99 283 388
● You are in: Media > Detail News
ម្ចាស់​អគារ Gold Tower42 សន្យា​សាងសង់​ជាថ្មី​នៅ​ឆ្នាំ​ ២០១៨
Date: 2017-11-09

ជាថ្មី​ម្តង​ទៀត​ម្ចាស់​គម្រោង Gold Tower42 បាន​សន្យា​ជាថ្មី​ដើម្បី​ចាប់ផ្តើម​ការ​សាងសង់​អគារ​នេះ​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​គម្រោង​ដោយ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ ប៉ុន្តែ​ការ​សន្យា​នេះ​ជា​ការ​សន្យា​ខ្យល់​ឬ​យ៉ាង​ណា​ពេលវេលា​នឹង​បង្ហាញ​សាធារណជន​ជា​ប្រាកដ​។

លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា​ក្រុមហ៊ុន​នេះ​បាន​ផ្ញើ​លិខិត​មក​កាន់​ក្រសួង​កាលពី​ខែ​សីហា និង​សុំ​រយៈពេល​ ៦ ​ខែ​បន្ទាប់​នឹង​ធ្វើការ​សាងសង់​អគារ​នេះ​ឡើង​វិញ​ហើយ​បើ​គិត​ពី​ខែ​សីហា​មក​រយៈពេល​ ៦ ​ខែ​ខាង​មុខ​អគារ​នេះ​អាច​នឹង​សាងសង់​ឡើង​វិញ​នៅ​ដើម​ឆ្នាំ​ក្រោយ​។

លោក​បន្ត​ថា៖ «​ទោះ​ជា​យ៉ាង​ណា​លោក​មិន​ប្រាកដ​ថា​ការ​សាងសង់​អគារ​នេះ​នឹង​ធ្វើ​ឡើង​តាម​ការសន្យា​ឬ​អត់​នោះ​ទេ​?»

លោក​បន្ត​ថា​៖ «​សូម​កុំ​អាល​សរសេរ​ព្រោះ​វា​មិន​ប្រាកដ​នោះ​ទេ​ដោយសារ​ម្ចាស់​អគារ​នេះ​បាន​សន្យា​ជាច្រើន​ដង​ហើយ ប៉ុន្តែ​មិន​ដែល​បាន​ធ្វើ​នោះ​ទេ​»​។

ក្រុមហ៊ុន YUNWOO បាន​ប្រកាស​ពី​ការ​សាងសង់​គម្រោង​នេះ​ឡើង​វិញ​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​ការ​សន្យា​មិន​បាន​ធ្វើ​ឡើង​ជាក់ស្តែង​នោះ​ទេ ព្រោះ​គម្រោង​នេះ​បាន​ពន្យា​ពេល​សាងសង់​ម្តង​ហើយ​ម្តង​ទៀត​រហូត​មក​ទល់​ពេល​នេះ​។

អគារ Gold Tower 42 គ្រោង​សាងសង់​ដោយ​ចំណាយ​ប្រាក់​ ២៤០ ​លាន​ដុល្លារ​អាមេរិក និង​សាងសង់​ដោយ​ក្រុមហ៊ុន Hanil Construction ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​នានា​សុទ្ធ​តែ​ស្វាគមន៍ និង​មាន​សុទិដ្ឋិនិយម​ពី​ភាព​ជោគជ័យ​របស់​អគារ​នេះ ប្រសិន​ជា​អាច​បញ្ចប់​ការ​សាងសង់​នៅ​ពេល​ខាង​មុខ​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ថា​ប្រសិន​ជា​អគារ Gold Tower42 ​សាងសង់​ឡើង​វិញ​គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ព្រោះ​គម្រោង​នេះ​ស្ថិត​នៅ​ចំ​ទីតាំង​លេខ​ ១ សម្រាប់​ក្រុង​ភ្នំពេញ​ដោយសារ​វា​ជាប់​ផ្លូវធំៗ​ទាំងអស់ និង​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏ល្អ​មួយ​។

លោក​បន្ត​ថា៖ «​ទោះ​ជា​យ៉ាង​ណា​ក្រុមហ៊ុន អភិវឌ្ឍន៍​អគារ​នេះ​ត្រូវ​ធ្វើឲ្យ​មាន​ទំនុក​ចិត្ត​សិន​មុន​នឹង​ប្រកាស​លក់​ដោយសារ​គម្រោង​នេះ​ហាក់​បាត់​ទំនុក​ចិត្ត​រួច​ទៅ​ហើយ​»​។

អគារ​នេះ​បាន​ផ្អាក​ការ​សាងសង់​នៅ​អំឡុង​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សកល​កាលពី​ឆ្នាំ​ ២០០៨ និង​បាន​សាងសង់​ឡើង​វិញ​នៅ​អំឡុង​ឆ្នាំ​ ២០១០ ​ដែល​ធ្វើឲ្យ​អគារ​នេះ​សាងសង់​សម្រេច​បាន​ ៣២ ​ជាន់​រួច​ហើយ​ក៏​បាន​ផ្អាក​ការ​សាងសង់​រហូត​មក​ទល់​ពេល​នេះ​៕

Source From: http://www.postkhmer.com
Share
Our Partners