មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងជាតំណាងឲ្យ Landmark មួយសម្រាប់ទីក្រុងភ្នំពេញ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៨ ខាងមុខនេះបន្ទាប់ពីអ្នកវិនិយោគអគារនេះបាននិងកំពុងរៀបចំរចនា និងរៀបចំគ្រឿងផ្គុំអគារនេះឡើងវិញ។
លោក ផូ ប៊ីលសម្បត្តិ តំណាងក្រុមហ៊ុនយានឆ័ងប្រចាំកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការសាងសង់អគារនេះនឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៨ ព្រោះបច្ចុប្បន្នក្រុមហ៊ុនកំពុងឌីហ្សាញរូបរាងអគារ និងគ្រឿងផ្គុំរបស់អគារដ៏ធំនេះឡើងវិញ។ លោកបន្តថា ដោយសារវាជាអគារខ្ពស់ទើបក្រុមហ៊ុនបាននិងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ពីមូលដ្ឋានគ្រឹះ និងគ្រឿងផ្គុំរបស់អគារនេះដោយហ្មត់ចត់បំផុតមុននឹងសាងសង់ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ។
លោកបន្តថា ៖ «ការសាងសង់អគារនេះគ្រោងចំណាយទឹកប្រាក់ជាង២០០លានដុល្លារ និងចំណាយរយៈពេលសាងសង់៤ទៅ៥ឆ្នាំដូច្នេះយើងរំពឹងថា ឆ្នាំ២០២៣ ឬ២០២៤ ទើបអគារនេះអាចដាក់ឲ្យដំណើរការបាន»។ លោកបន្តថា ៖ «អគារនេះនឹងជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះដែលរួមបញ្ចូលនូវផ្សារទំនើបអាផាតមិន ខុនដូ សណ្ឋាគារ និងការិយាល័យជាដើម»។
ទីតាំងជាក់លាក់នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម GLORY កម្ពស់៧៨ជាន់នេះ ស្ថិតនៅជាប់អគារ The Bridge ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ផូ ប៊ីលសម្បត្តិ បានបន្តថា ៖ «ខ្ញុំជឿថាគម្រោងនេះ នឹងទទួលបានជោគជ័យដោយសារនាពេលអនាគត នៅពេលអគារនេះសាងសង់ចប់ ប្រជាជនកម្ពុជា នឹងសម្រេចចិត្តរស់នៅខុនដូកាន់តែច្រើនដោយសារខុនដូមានសេវាកម្មចម្រុះសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ»។ លោកបន្តថា ៖ «នៅពេលអនាគតផ្ទះល្វែងក្នុងទីក្រុងនឹងមានតម្លៃដល់៣០ ទៅ៤០ម៉ឺនដុល្លារហេតុនេះពួកគេនឹងសម្រេចចិត្តរស់នៅខុនដូ ដែលមានតម្លៃទាបជាងនេះ និងផ្តល់ផាសុកភាពក្នុងការរស់នៅ»ប្រសើរជាង។
អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានថ្លែងថា ស្ថិតក្នុងកាលៈទេសៈបែបនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា រក្សាបាននូវសុខសន្តិភាព និងកំណើនសេដ្ឋកិច្ចបែបនេះ ការសាងសង់អគារខ្ពស់ៗវាជារឿងដ៏ល្អ ហើយបើសួរពីតម្រូវការ និងមើលពីទំហំទីផ្សារកម្ពុជា ទំហំអគារបែបនេះ គឺនៅមិនទាន់គ្រប់គ្រាន់ទេសម្រាប់រយៈពេល៥ទៅ១០ឆ្នាំខាងមុខទៀត។
លោកបន្តថា ៖ «ប្រសិនជាយើងគិតតែប្រយោជន៍ខ្លួនឯង គឺយើងមិនអាចលូតទៅមុខបានលឿននោះ ទេ ព្រោះអ្នកវិនិយោគបីដូចជាសត្វឃ្មុំ កន្លែងណាមានផ្កាគឺពួកគេទៅកន្លែងនោះ»។ លោកបន្តថា ៖ «កម្ពុជាប្រៀបដូចជា សួនផ្កានាពេលបច្ចុប្បន្ននេះ ហេតុនេះនៅពេលអ្នកវិនិយោគចូលមកកាន់តែច្រើន វានឹងផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសរបស់យើងកាន់តែច្រើន ក៏ដូចជាប្រយោជន៍ដល់អ្នកវិនិយោគផងដែរ»។
អ្នកឯកទេសផ្នែកនគរូបនីយកម្ម លោកបណ្ឌិត វ៉ាន់ វ៉ាត បានថ្លែងថា កម្ពុជាមានបទប្បញ្ញត្តិស្តីពីការកំណត់កម្ពស់អគារនៅតាមតំបន់ខ្លះៗរួចហើយ ដូច្នេះ«ប្រសិនជាយើងអនុវត្តច្បាប់បញ្ញត្តិដែលមានបានល្អវាមិនត្រឹមតែជួយការពារបាននូវបេតិកភណ្ឌក្នុងទីក្រុងនោះទេ តែវានឹងរក្សាបាននូវទេសភាព សោភ័ណភាព និងកាត់បន្ថយបាននូវផលប៉ះពាល់បរិស្ថានផងដែរ»។ លោកបន្តថា តាមធម្មតាការសាងសង់អគារខ្ពស់បែបនេះក្រុមហ៊ុនបានសិក្សាពីបទដ្ឋានបច្ចេកទេសអស់ហើយចំណែកក្រសួងជំនាញគ្រាន់តែជាអ្នកពិនិត្យលើបទដ្ឋានសំណង់ ដើម្បីធ្វើឲ្យប្រាកដថាក្រុមហ៊ុនគោរពបានតាមគោលការណ៍ស្នើសុំឬអត់ប៉ុណ្ណោះ។
លោក វ៉ាត បន្តថា ៖ «ការមានអគារខ្ពស់ៗបែបនេះ វាជាមោទនភាពជាតិ ព្រោះវាមិនត្រឹមតែជួយដល់សេដ្ឋកិច្ចនោះទេ តែវាក៏ផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋផងដែរ»៕