នៅពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបាន៧ភាគរយជាប្រចាំឆ្នាំ នាអំឡុងពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។
ការរីកចម្រើនជារូបវន្តស្តែងចេញតាមរយៈអគារពហុបំណងធំខ្ពស់ៗបានរំលេចឡើងនូវរូបភាពចម្រុះស្ថាបត្យកម្មក្នុងស្រុករួមជាមួយបរទេស ហើយបានរីកលូតលាស់ឡើងយ៉ាងឆាប់រហ័ស ដោយមានអគារខ្លះមានកម្ពស់រហូតដល់២០០ម៉ែត្រឡើងទៅលើអាកាស នៃលំហទីក្រុងដែលធ្លាប់តែជាលំនៅឋានមានកម្ពស់ត្រឹមប៉ប្រះចុងរុក្ខជាតិតែប៉ណ្ណោះ។
ខណៈមានការអភិវឌ្ឍនៃឧស្សាហកម្មសំណង់ដ៏គំហុកបែបនេះ ក្រុមអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងសំណង់ បានបង្ហាញការអបអរសាទរដោយប្រុងប្រយ័ត្ន ហើយថែមទាំងធ្វើការអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធថា «គួរដល់ពេលដែលកម្ពុជាត្រូវជ្រើសយកការវិនិយោគប្រកបដោយគុណភាពហើយ»។
កាលពីពេលថ្មីៗនេះ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានថ្លែងថា នៅពេលបច្ចុប្បន្ននេះកម្ពុជា កំពុងស្ថិតនៅលើគោលដៅនៃការបណ្តាក់ទុនពីក្រុមវិនិយោគិនអន្តរជាតិជាច្រើនវិស័យភាគច្រើនមកពីប្រទេសចិន ជាពិសេសគឺនៅក្នុងផ្នែកអចលនទ្រព្យ។
លោកបន្តថា គេតាមដានពិនិត្យមើលលើ«កំណើនផលទុនជាតិសរុប(GDP) រយៈពេលជាង១០ឆ្នាំចុងក្រោយនេះសេដ្ឋកិច្ចកម្ពុជាយើងសម្រេចបានកំណើនជាប្រចាំឆ្នាំ៧ភាគរយ»។
បើពិនិត្យលើកត្តាប្រជាសាស្ត្ររបស់កម្ពុជា «យើងជាប្រទេសដែលមានប្រជាសាស្ត្រវ័យក្មេងនៅក្នុងតំបន់ ដោយមានក្រុមមនុស្សវ័យតិចជាង ៣០ឆ្នាំ ដែលជាវ័យមានផលិតភាពខ្ពស់មានចំនួនច្រើន រីឯ«ក្រុមមនុស្សមានប្រាក់ចំណូលពីមធ្យម ឡើងលើក៏មានបរិមាណរីកធំធាត់ឡើងជាលំដាប់ ហើយក្រុមពួកនេះមានតម្រូវការលំនៅឋានច្រើន»។
លោកបណ្ឌិត សាត ដារ៉ា សាស្ត្រាចារ្យផ្នែកវិស្វកម្ម បង្រៀននៅតាមសាកលវិទ្យាល័យមួយចំនួននៅកម្ពុជាបានបង្ហាញទស្សនៈថា ទាំងនេះ វាគឺជាសក្តានុពលចម្បងបំផុតធ្វើឲ្យក្រុមអ្នកវិនិយោគអន្តរជាតិមានចំណាប់អារម្មណ៍មកលើប្រទេសកម្ពុជា។
លោកបានចង្អុលបង្ហាញថា បើមើល«នៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានកំណត់សសរស្តម្ភសេដ្ឋកិច្ចធំៗ៤ គឺ វិស័យកសិកម្ម វិស័យកាត់ដេរ វិស័យសំណង់ និងទេសចរណ៍។ តាមការអង្កេតផ្ទាល់របស់ខ្ញុំ ឧស្សាហកម្មសំណង់កំពុងមានសម្ទុះទាក់ទាញអ្នកវិនិយោគយ៉ាងខ្លាំង ហើយវាក៏ជាទីផ្សារ មានតម្រូវការមួយរបស់ប្រជាជនក្នុង ស្រុកផងដែរ»។
បច្ចុប្បន្ននេះ កម្ពុជាស្ថិតនៅក្នុងគោលដៅវិនិយោគិនជាច្រើន «ចំពោះវិស័យសំណង់ រដ្ឋាភិបាលកម្ពុជាក៏ល្មមនឹងដល់ពេលចាប់ផ្តើមគិតគូរអំពីការវិនិយោគប្រកបដោយគុណភាពហើយ» នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ ដារ៉ា។ ការធ្វើបែបនេះពុំមែនន័យថា ៖ «យើងរើសយកតែអ្នកវិនិយោគធំៗនោះទេ ប៉ុន្តែយើងចង់ឲ្យរាល់គម្រោងវិនិយោគទាំងអស់ប្រកបដោយប្រសិទ្ធភាព និងគុណភាព ហើយការអនុវត្តបែបនេះវានឹងធ្វើឲ្យមានចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងចំណោមអ្នកវិនិយោគល្អៗ» ពេលនោះពួកគេនឹងធ្វើការប្រកួតប្រជែងប្រកបដោយតម្លាភាព និងឧត្តមភាព។
លោកសាស្ត្រាចារ្យ ដារ៉ា ពន្យល់ថា វិស័យសំណង់នាពេលនេះពុំទាន់បង្ហាញពីសញ្ញាហានិភ័យអ្វីនៅឡើយទេនៅលើទីផ្សារ។ ប៉ុន្តែនៅតាមការដ្ឋានសំណង់ធំៗដែលកំពុងរីកចម្រើនយ៉ាងខ្លាំងនេះ វាបាន«បង្ហាញការភ័យខ្លាចផ្នែកសុវត្ថិភាពដល់អ្នករស់នៅជិតខាង អ្នកធ្វើដំណើរឆ្លងកាត់ទីនោះ ហើយអ្នកខ្លះក៏មានកង្វល់ចំពោះគុណភាពសំណង់ខ្លះដែរ» និងក៏ជាបង្កជាក្តីបារម្ភថា មានការបាត់បង់ផ្នែក«ទស្សនីយភាពស្ថាបត្យកម្មសំណង់ដែលពុំសូវបានបង្ហាញពីអត្តសញ្ញាណជាតិយើងផងដែរ»។
«នេះគឺជាផ្នែកខ្លះ បង្ហាញពីចន្លោះប្រហោងនៃយន្តការឬធាតុផ្សំរបស់គុណភាពសំណង់ ឬគុណភាពនៃការវិនិយោគវិស័យអចលនទ្រព្យនេះឯង»។ លោកបន្តថា ក្រៅពីនោះក៏នូវមានទាំងការខ្វះខាត«ការគ្រប់គ្រងពីមន្ត្រីជំនាញ ឬក្រុមអ្នកជំនាញឯករាជ្យ ក្នុងការចុះត្រួតពិនិត្យគម្រោងការត្រួតពិនិត្យការដ្ឋាន(កំពុងដំណើរការសាងសង់) និងរហូតដល់ការត្រួតពិនិត្យការបញ្ចប់ការសាងសង់គម្រោងនីមួយៗជាដើម ហើយនៅទីបញ្ចប់មន្ត្រីជំនាញ ឬក្រុមអ្នកជំនាញ គួរតែចេញវិញ្ញាបនបត្របញ្ជាក់ថា សំណង់ឬគម្រោងនេះបានសាងសង់ចប់១០០ភាគរយ ត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ស្តង់ដារសុវត្ថិភាព និងបទដ្ឋានច្បាប់ ដើម្បីឲ្យអតិថិជនជាម្ចាស់ទៅរស់នៅ និងស្នាក់នៅទីនោះមានទំនុកចិត្តខ្ពស់»។
លោកសាស្ត្រាចារ្យ ដារ៉ា បន្តថា ដោយសារ«កង្វះខាតយន្តការត្រួតពិនិត្យគម្រោងវិនិយោគបែបនេះ ទើបកន្លងមកធ្លាប់មានការដ្ឋានសំណង់ខ្លះបានបង្កការគ្រោះថ្នាក់រងរបួស និងរហូតដល់បាត់បង់អាយុជីវិតអ្នកធ្វើដំណើរនៅតាមដងផ្លូវ»។
លោកបន្តថា នេះអត់ទាន់និយាយដល់ប្រព័ន្ធសុវត្ថិភាពនៅពេលមនុស្សទៅរស់នៅទីនោះ ក្នុងករណីមានអគ្គីភ័យ ឬឧបទ្ទវហេតុអ្វីកើតឡើង តើនរណាធានាថា រថយន្តពន្លត់អគ្គីភ័យអាចបាញ់ទឹកពន្លត់ទៅដល់អគារខ្ពស់ៗនោះ? តើ ប្រព័ន្ធទុយោទឹក និងប្រព័ន្ធសុវត្ថិភាពនៅក្នុងអគារទាំងនោះ មានសមត្ថភាព ឬប្រសិទ្ធភាពយ៉ាងណា?
លោកអតីតសាស្ត្រាចារ្យផ្នែកស្ថាបត្យកម្ម អ៊ុក វណ្ណារិទ្ធិ (Ouk Vannarith) បច្ចុប្បន្នរស់នៅប្រទេសបារាំង ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍អចលនទ្រព្យថា រដ្ឋាភិបាលកម្ពុជាជាពិសេសអាជ្ញាធរក្រុងភ្នំពេញ «គួរតែយកចិត្តទុកដាក់អំពីទស្សនីយភាពទីក្រុង និងទស្សនីយភាពស្ថាបត្យកម្មជាតិឲ្យមែនទែន ព្រោះសំណង់ថ្មីៗខ្ពស់ៗវាមិនត្រឹមតែគ្រឿងលម្អទីក្រុងសម័យទំនើបទេ ប៉ុន្តែវាក៏អាចបង្កជាហានិភ័យដល់បរិយាកាសទីក្រុង បង្កផលប៉ះពាល់សុខភាពផ្លូវចិត្តដល់អ្នករស់នៅផងដែរ»។
ដោយធ្លាប់បានចំណាយពេលជារៀងរាល់២-៣ឆ្នាំម្តងក្នុងការធ្វើដំណើរមកលេងមាតុភូមិកំណើតរបស់ខ្លួននៅរាជធានីភ្នំពេញ អតីសាស្ត្រាចារ្យស្ថាបត្យកម្មរូបនេះ បានបង្ហាញការភ្ញាក់ផ្អើលខណៈសំណង់អគារខ្ពស់ៗជាច្រើន បានរីកដុះដាលខ្លាំងតែនៅម្តុំសង្កាត់ទន្លេបាសាក់ និងបឹងកេងកង។
លោក វណ្ណារិទ្ធិ ថ្លែងថា ៖ «តែកាលណាអគារខ្ពស់ៗនៅទីណាច្រើនទីនោះនឹងប្រជុំដោយក្រុមមនុស្សច្រើន រីឯយានយន្តក៏ច្រើនដែរ ដូច្នេះវាក៏តម្រូវឲ្យមានទីធ្លាសួនច្បារទំនេរដែលអត់មានសំណង់ក៏ត្រូវធំទូលាយ ដែរ រីឯផ្លូវត្រូវពង្រីកឲ្យធំ ឬមានច្រើនខ្សែ ប្រព័ន្ធលូទឹកកខ្វក់ ឬប្រព័ន្ធលូការពារទឹកអាចធានាថា ពេលភ្លៀងខ្លាំងមិនបង្កជាទឹកដក់ ឬជន់លិចជាដើម»។
«បើពុំនោះទេ វាចោទជាបញ្ហាកកស្ទះចរាចរណ៍កាន់តែខ្លាំង ឧស្ម័នពុលកើតចេញពីផ្សែងនៃចំហេះយានយន្តក៏កើនឡើងខ្ពស់នៅក្នុងបរិយាកាស រួចវានឹងធ្វើឲ្យអ្នកដំណើរ និងអ្នករស់នៅកើតជាជំងឺមួម៉ៅជាប់ជានិច្ច រហូតក្លាយទៅ ជាជំងឺផ្លូវចិត្តរ៉ាំរ៉ៃនៅក្នុងសង្គមតែម្តង! រីឯក្មេងៗ ក៏ពុំសូវលូតលាស់ផ្នែកបញ្ញាស្មារតីល្អដែរ ព្រោះពួកគាត់ចម្រើនវ័យនៅក្នុងបរិយាកាសសង្គមមួយដែលវាពុំអំណោយផល»។
«បើតាមការពិនិត្យផ្ទាល់ ខ្ញុំឃើញមានសំណង់ខ្ពស់ធំៗច្រើន ប៉ុន្តែផ្លូវនៅតូចដដែល ខណៈសួនច្បារសាធារណៈមួយចំនួនកាន់តែរួមតូច ឬបាត់បង់ថែមទៀត។ អាហ្នឹងទៅថ្ងៃអនាគត វានឹងចោទជាបញ្ហាសង្គមធំជាពុំខានទេ។ ដូច្នេះរដ្ឋាភិបាលតោងគិតគូរឲ្យបានល្អិតល្អន់សម្រាប់គម្រោងសំណង់ខ្ពស់ៗ ប្រកប ដោយគុណភាព ថាតើគួរឲ្យមានអគារខ្ពស់ត្រឹមកម្ពស់ប៉ុន្មានជាន់ នៅតាមតំបន់នីមួយៗ ដែលវាកកកុញដោយសំណង់ជាច្រើនបែបនេះទៅហើយ» នេះបើតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យ អ៊ុក វណ្ណារិទ្ធិ៕