«ការបើកអាជីវកម្មដំបូង សំខាន់បំផុតនោះ គឺទី១ យើងត្រូវមានបទពិសោធន៍ ជំនាញច្បាស់លាស់ និងទី២ យើងត្រូវមានបណ្តាញ។ ពោលគឺ នៅពេលដែលយើងបានកសាងបណ្តាញទំនាក់ទំនងច្បាស់លាស់ គួបផ្សំនឹងបទពិសោធន៍ នោះអ្វីៗនឹងធ្វើឲ្យយើងមានភាពជឿជាក់លើខ្លួនឯង ហើយអ្នកដទៃក៏មានការជឿទុកចិត្តមកលើយើងដែរ។ នោះហើយជាចំណុចគោលដៅដំបូងឈានទៅរកជោគជ័យ»។
ខាងលើនេះ គឺជាពាក្យពេចន៍ចេញបេះដូងរបស់ឧកញ៉ាវ័យក្មេង នួន រិទ្ធី ដែលបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអេឡិចត្រូនិច ខេមបូណូមិស។
បច្ចុប្បន្ន លោកឧកញ៉ា វ័យ៣៨ឆ្នាំរូបនេះ បានក្លាយជាម្ចាស់ក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យលើការវាយតម្លៃ ទិញ លក់ ជួល គ្រប់គ្រងអចលនវត្ថុ និងសាងសង់សំណង់គ្រប់ប្រភេទដ៏លេចធ្លោមួយនៅកម្ពុជា ដែលមានឈ្មោះថា ក្រុមហ៊ុន ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA)។ ក្រៅពីរកស៊ីនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ លោកឧកញ៉ាចិត្តមុតរូបនេះក៏មានអាជីវកម្មស្ថានីយប្រេងឥន្ទនៈ ក្រុមហ៊ុនសាងសង់ អាជីវកម្មលក់ថ្ម និងអាជីវកម្មផ្សេងៗទៀត។
ផ្តើមចេញពីភាពមានបាននៅក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ លោកឧកញ៉ា នួន រិទ្ធី បានពោលពាក្យយ៉ាងខ្លីថា អី្វកើតឡើងពីការតស៊ូអត់ធ្មត់ សព្វគ្រប់បែបយ៉ាង រួមជាមួយនឹងភាពស្មោះត្រង់ ហើយ វាមិនមែនកើតឡើងដោយសារព្រេងវាសនា ឬចៃដន្យ ដេករង់ចាំទេវតាផ្តល់សំណាងនោះទេ។
លោកឧកញ៉ា នួន រិទ្ធី រាប់ចាត់ទុកថាជាឧកញ៉ាវ័យក្មេងម្នាក់ដែលមានចិត្តមុះមុត តស៊ូព្យាយាម និងចេះរៀបចំពីផែនការរស់នៅដើម្បីត្រួសត្រាយវិថីជីវិត និងការងារអាជីវកម្មឲ្យទទួលបាននូវភាពជោគជ័យ។
លោកឧកញ៉ា នួន រិទ្ធី បាននិយាយថា ទម្រាំក្លាយជាម្ចាស់ក្រុមហ៊ុនដោយខ្លួនឯង លោកក៏ធ្លាប់បម្រើការងារឲ្យគេចាប់ពីបុគ្គលិកធម្មតាបន្តបន្ទាប់ ប្រធានផ្នែក រហូតដល់អគ្គនាយកប្រតិបត្តិក្រុមហ៊ុនដែលមានភាគហ៊ុននៅក្នុងនោះផងដែរ។
តាមពិតទៅ លោកឧកញ៉ា នួន រិទ្ធី មិនមែនកើតនៅក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនោះទេ។ លោកកើតនៅក្នុងត្រកូលគ្រួសារក្រីក្រមួយ ដែលមានឪពុកជាមន្ត្រីរាជការតូចតាច ម្តាយជាអ្នកលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមកូនបីនាក់។
លោកមានស្រុកកំណើតនៅក្នុងរាជធានីភ្នំពេញ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចម្ការមន។ កាលពីវ័យជំទង់ លោកសិក្សាបណ្តើរឆ្លៀតពេលដើរលក់កាសែតបណ្តើរដើម្បីបានលុយកាក់ខ្លះទំនុកបម្រុងការសិក្សាផ្ទាល់ខ្លួន។ ដោយសារតែភាពវ័យឆ្លាត និងតស៊ូក្នុងការសិក្សាជាបន្តបន្ទាប់រហូតប្រលងជាប់បាក់ឌុប និងបន្តសិក្សានៅសាកលវិទ្យាល័យ។
លោកទទួលបានបរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ និងសញ្ញាបត្រជាន់ខ្ពស់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ លោកបានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០០៥ មានកូន៤នាក់ ប្រុសពីរ ស្រីពីរ។
ខេមបូណូមិស សូមមិនរៀបរាប់លម្អិតពីជីវប្រវត្តិលោកនោះទេ ដោយលើកយកតែចំណុចសំខាន់ៗក្នុងដំណើរជីវិត និងធាតុផ្សំមួយចំនួនដែលធ្វើឲ្យលោកទទួលបានជោគជ័យតែប៉ុណ្ណោះ។
ដើម្បីឲ្យក្រុមហ៊ុនមួយដំណើរបានដោយរលូនជោគជ័យយូរអង្វែង លោកឧកញ៉ា នួន រិទ្ធី បានបា្រប់ឲ្យដឹងថា ទី១ យើងត្រូវមានធនធានមនុស្សល្អ ទី២ ហិរញ្ញវត្ថុសមរម្យ ទី៣ ត្រូវមានភាពជាអ្នកគ្រប់គ្រងដឹកនាំ និង ទី៤ ទីផ្សារ បានន័យថា យើងត្រូវយល់ដឹងនិងចេះកំណត់គោលដៅទីផ្សារឲ្យបានល្អ។ ដូច្នេះ ទាំងបួននេះ យើងត្រូវតែយល់ដឹងឲ្យច្បាស់ទើបធ្វើឲ្យដំណើរការអាជីវកម្មរបស់យើងរឹងមាំយូរអង្វែង។
លោកឧកញ៉ាបានសង្កត់ធ្ងន់ថា រឹតតែមិនអាចរីកចម្រើនធំធាត់បាននោះទេ បើសិនជាមិនមានការខិតខំប្រឹងប្រែងធ្វើការដោយស្មោះស្ម័គ្រ ពីសំណាក់បុគ្គលិកជំនាញរបស់លោកនោះ។ ដូច្នេះ ពួកគេគឺជាសរសៃឈាមនៃក្រុមហ៊ុន ដែលធ្វើឲ្យដំណើរអាជីវកម្មរីកលូតលាស់ទៅមុខជានិច្ច។
ពិសេសជាងនេះទៅទៀត លោកថា អ្វីដែលមិនអាចប្រកែកបាននោះគឺស្ថិរភាពនយោបាយ សុខសន្តិភាពរបស់ប្រទេសកម្ពុជា ពិតជាផ្តល់ឱកាសដ៏ល្អដល់រូបលោក ក្នុងការចាប់យកឱកាសវិនិយោគនៅទីនេះ។ យើងត្រូវដើរឲ្យទាន់សភាពការណ៍ប្រទេសជាតិ និងក្តាប់យកឱកាសវិនិយោគឲ្យណែន ទើបធ្វើឲ្យយើងជោគជ័យបាន។
លោកឧកញ៉ាបានរំលេចពីការងារអាជីវកម្មនៅក្នុងសេវាកម្មអចលនទ្រព្យថា វាពិតជាខុសពីអាជីវកម្មលក់ផលិតផល។ អាជីវកម្មអចលនទ្រព្យយើងត្រូវពឹងផ្អែកទៅលើធនធានមនុស្ស ពីព្រោះធនធានមនុស្សគឺជាទ្រព្យសកម្មរបស់ក្រុមហ៊ុន ជាសរសៃឈាមនិងបេះដូងរបស់ក្រុមហ៊ុន ដូច្នេះអាជីវកម្មមួយនេះត្រូវការធនធានមនុស្សច្រើន។
លោកឧកញ៉ាតែងចាត់ទុកបុគ្គលិករបស់ខ្ញុំជាដៃសហការគ្នាដ៏ល្អ មិនមែនថៅកែនិងកម្មករ យើងប្រើចំណេះជំនាញក្នុងដឹកនាំបំពេញចំណុចចន្លោះប្រហោងឲ្យគ្នាទៅវិញទៅមក។ ហើយលោកតែងតែចាត់ទុកខ្លួនឯង ជាបុគ្គលិកសកម្មដែលបម្រើការងារឲ្យអតិថិជនគ្រប់កាលៈទេសៈទាំងអស់។
ការបើកអាជីវកម្មបម្រើសេវាកម្មអចលនទ្រព្យ លោកគិតថា មិនចាំបាច់មានដើមទុនអីធំដុំនោះទេ ដើមទុនសំខាន់គឺខ្លួនយើង មានបទពិសោធន៍ច្បាស់លាស់នៅក្នុងវិស័យនេះ។ យើងរកស៊ីវិស័យអចលនទ្រព្យយើងត្រូវមានជំនាញនេះ ឬជំនាញប្រហាក់ប្រហែល។ ដូចខ្ញុំចឹងសិក្សាជំនាញវិស្វកម្មសំណង់ ហើយបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីល្បាញមួយកាលពីអំឡុងឆ្នាំ២០០៨-២០០៩ ក្រុមហ៊ុនប៊ុណ្ណា រៀលធីគ្រុប។
ក្រុមហ៊ុននេះគឺជាថ្នាលបណ្តុះបណ្តាលជាសាលារៀនសម្រាប់លោក។ ដោយសារចំណង់ចំណូលចិត្ត គួបផ្សំជាមួយនឹងបទពិសោធន៍ប្រមាណ១០ឆ្នាំទើបធ្វើឲ្យលោកមានទុនគ្រប់គ្រាន់ដើម្បីបើកអាជីវកម្មបម្រើសេវាកម្មអចលនទ្រព្យនោះឡើង។
លោកឧកញ៉ាបានផ្តល់ជាដំបូន្មានទៅដល់បងប្អូនដែលមានបំណងចង់បើកអាជីកម្មក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យនេះថា យើងត្រូវសិក្សាស្វែងយល់នៅក្នុងអាជីវកម្មឲ្យបានច្បាស់លាស់ជាមុនសិន ធ្វើការងារដោយឯករាជ្យម្នាក់ឯងសិន បានន័យថា ទិញលក់ជួលអចលនទ្រព្យ តិចៗសិន និងចូលរួមជាមួយដៃគូណាដែលគេមានជំនាញក្នុងវិស័យនេះ រហូតដល់យើងមានបទពិសោធន៍គ្រប់គ្រាន់ហើយ ទើបយើងឈានទៅរកបើកក្រុមហ៊ុនតែម្តង។ ពីព្រោះយើងដឹងស្រាប់ហើយ តែបើកក្រុមហ៊ុនគឺមានបន្ទុកច្រើនណាស់។
សេវាកម្មល្អបំផុតនៅក្នុងជំនួញអចលនទ្រព្យ គឺធ្វើយ៉ាងណាផ្តល់សេវាកម្មដល់អតិថិជនឲ្យរហ័ស។ យើងប្រៀបដូចជាចុងភៅអ៊ីចឹង ចុងភៅត្រូវតែផ្តល់អាហាររហ័សទាន់ចិត្តដល់អតិថិជនដែលជាអ្នកហូប។ យើងត្រូវត្រៀមរៀបចំឯកសារ លក់ ទិញ ជួលឲ្យបានល្អ រួចជាស្រេចសម្រាប់ផ្តល់សេវាកម្មដល់អតិថិជន ថាតើគាត់ចង់បានអចលនទ្រព្យប្រភេទអ្វីខ្លះ? ចំណុចទាំងអស់នេះហើយ ដែលលោកគិតថា សេវាកម្មអចលនទ្រព្យល្អបំផុត។
ក្រៅពីការងារអាជីវកម្មប្រចាំថ្ងៃផ្ទាល់ខ្លួនដ៏មមាញឹក លោកឧកញ៉ា នួន រិទ្ធី ក៏មិនភ្លេចដែរពីការងារសង្គម ការងារមនុស្សធម៌។ លោកបានចូលរួមចំណែកដ៏សំខាន់មួយនៅក្នុងកិច្ចការសង្គម តាមរយៈការងារមនុស្សធម៌ ដោយលោកបានជួយវិនិយោគ អភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក មួយចំនួន ដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់។ ការងារអភិវឌ្ឍន៍សង្គម មនុស្សធម៌នេះហើយដែលធ្វើឲ្យលោកទទួលបានអនុក្រឹត្យ មានងារជា ឧកញ៉ា នៅក្នុងឆ្នាំ២០១៤ គឺជាងារមួយដ៏ល្អដើម្បីផ្តល់ឱកាសឲ្យលោកបន្ត បញ្ចេញស្នាដៃបម្រើប្រទេសជាតិរបស់ខ្លួនឲ្យកាន់តែថ្កុំថ្កើន៕