ស្រពេលទីផ្សារអាផាតមិនកាន់តែល្អប្រសើរ មានផ្នែកថ្មីមួយទៀតបានចូលមកក្នុងទីផ្សារដែលអាចជាដៃគូប្រកួតប្រជែងដើម្បីដណ្តើម យកអតិថិជនរបស់ពួកគេ នោះគឺចំនួនខុនដូជាច្រើនបាននិងកំពុងដាក់ជួលផងដែរ។
នាយិកាប្រតិបត្តិនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានថ្លែងឲ្យដឹងតាមតាមបណ្តាញទំនាក់ទំនងសង្គម (facebook) កាលពីថ្ងៃច័ន្ទថា អាផាតមិន និងខុនដូមានភាពខុសគ្នា ដោយសារអាផាតមិន ធ្វើឡើងដោយអ្នកវិនិយោគម្នាក់ និងប្រើប្រាស់សម្រាប់ជួល។ ចំណែកខុនដូអភិវឌ្ឍដោយមនុស្សម្នាក់ដូចគ្នាតែធ្វើឡើងសម្រាប់លក់ ដែលមានម្ចាស់កម្មសិទ្ធិច្រើននៅក្នុងអគារនោះ ប៉ុន្តែតម្លៃជួលមានភាពខុសគ្នាផងដែរ ដោយអាផាតមិនអាចជួលក្នុងតម្លៃរង្វង់១៨ដុល្លារ និងខុនដូអាចជួលក្នុងរង្វង់១៥ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េដោយសារយូនីតនៅតាមខុនដូមានទំហំតូចៗ ធៀបជាមួយអាផាតមិនដែលមានយូនីតធំៗជាងនិងមានប្រព័ន្ធគ្រប់គ្រងល្អជាង។
អ្នកនាងបន្តថា៖ «ការប្រើប្រាស់អាផាតមិននៅតែមានសភាពល្អប្រសើរ ដោយអត្រាជួលមានប្រមាណ៨១ភាគរយ ខណៈចំនួនខុនដូក៏កំពុងកើនឡើងនូវការផ្គត់ផ្គង់ផងដែរ»។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា គិតត្រឹមដំណាច់ត្រីមាសទី៣នេះ អាផាតមិនចំនួន ២១គម្រោង និងមានផ្ទះចំនួន១២០០យូនីតបានដាក់ចូលទីផ្សារ ដែលធ្វើឲ្យចំនួនយូនីតសរុបដាក់ចូលទីផ្សារកើនដល់៧៧០០យូនីតនិងខុនដូបានដាក់ចូលទីផ្សារចំនួន១៩០០យូនីតដែលធ្វើឲ្យយូនីតខុនដូដាក់ចូលទីផ្សារកើនដល់៦១០៩យូនីត។
អ្នកស្រី Grace Rachny Fong នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Century21 Cambodia បានលើកឡើងស្រដៀងគ្នាថា អាផាតមិន និងខុនដូដើរទន្ទឹមគ្នា ប៉ុន្តែ អាផាតមិនមានសេវាកម្មល្អជាង និងមានចំណូលប្រចាំខែប្រសិនជាស្ថិតនៅចំទីតាំងល្អ និងងាយរកអតិថិជនជួល ប្រសិនជាអាផាតមិនមានសេវាកម្មល្អប្រសើរ។ អ្នកស្រីបន្តថាចំណែកខុនដូនៅពេលសាងសង់ច្រើន វាជាការល្អសម្រាប់ អតិថិជន ដែលមានជម្រើសកាន់តែច្រើន ខណៈលក្ខខណ្ឌបង់ប្រាក់កាន់តែមានភាពងាយស្រួល។
អ្នកស្រីបន្តថា ៖ «ទោះជាយ៉ាងណាខុនដូ និងអាផាតមិនមានការប្រកួតប្រជែងគ្នាខ្លាំង ដោយអ្នកវិនិយោគខ្លះបានប្រែក្លាយខុនដូរបស់ពួកគេ មកធ្វើជាអាផាតមិន ដែលអាចរកចំណូលបានប្រចាំខែបាន»។
អ្នកស្រីបន្តថា ៖ «ប្រសិនជាចង់ទិញខុនដូសម្រាប់ជួល អ្នកវិនិយោគតាមយូនីតខុនដូនីមួយៗ គួរផ្តោតនៅតាមតំបន់មួយចំនួនដូចជាសង្កាត់ទន្លេបាសាក់ បឹងកេងកង១ ដល់បឹងកេងកង៣ និងតំបន់ទួលទំពូងជាដើម»។
លោក Michael S Nhim ប្រធានក្រុមអ្នកវិនិយោគនៃក្រុមហ៊ុន SIDO Group ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានថ្លែងថា ការវិនិយោគសាងសង់អាផាតមិន ជាការល្អ ព្រោះវាជាការវិនិយោគ ដែលអ្នកវិនិយោគអាចប្រមូលប្រាក់បានដោយស្ងៀមស្ងាត់ដោយសារការវិនិយោគអាផាតម៉ិន អាចឲ្យអ្នកវិនិយោគរកចំណូលបានប្រចាំខែ និងទៀតទាត់។
លោកបន្តថា ៖ «ខ្ញុំលើកទឹកចិត្តដល់អ្នកវិនិយោគ គួរវិនិយោគសាងសង់អាផាតម៉ិន ព្រោះវានៅតែមានទីផ្សារល្អនាពេលអនាគត ដោយសារសមាហរណកម្មអាស៊ាន និងការមកដល់របស់ក្រុមហ៊ុនអន្តរជាតិថ្មីៗដែលធ្វើឲ្យមានតម្រូវ ការអាផាតមិនជាស្វ័យប្រវត្តិ»៕