ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចរឹតបន្តឹងក្នុងការផ្តល់អាជ្ញាប័ណ្ណសម្រាប់គម្រោងវិនិយោគវិស័យសំណង់ និងអចលនវត្ថុកម្ពុជា ដើម្បីធ្វើឲ្យប្រាកដថាគម្រោងវិនិយោគនោះអាចសម្រេចទៅបានជោគជ័យ។
អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក ម៉ី វ៉ាន់ បានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃអង្គារថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការអភិវឌ្ឍលំនៅឋានដែលគ្រោងបញ្ចប់នៅចុងឆ្នាំ ២០១៧ នេះដែលច្បាប់នេះមានទម្ងន់គ្រប់គ្រាន់សម្រាប់គ្រប់គ្រងគម្រោងអភិវឌ្ឍន៍លំនៅឋាននានាឲ្យមានភាពច្បាស់លាស់ និងប្រាកដថាគម្រោងរបស់ពួកគេជាគម្រោងទទួលបានជោគជ័យ និងមិនរត់ចោលអតិថិជនទេ។
លោកបន្តថា៖ «កន្លងមកយើងមានកម្រិតត្រឹមប្រកាសប៉ុណ្ណោះដែលមានទម្ងន់ស្រាលក្នុងការដាក់ទោសពួកគេប្រសិនជាពួកគេធ្វើការបោកប្រាស់អតិថិជន ឬលក់តែគម្រោង ប៉ុន្តែមិនបានសាងសង់»។
លោកបន្តថា៖ «ប្រកាសមានកម្រិត បទប្បញ្ញត្តិត្រឹមដាក់ពិន័យ ឬដកហូតអាជ្ញាប័ណ្ណប៉ុណ្ណោះ ប៉ុន្តែមិនមានទម្ងន់ឈានដល់ការដាក់ទោសពិន័យទេ»។
លោក ម៉ី វ៉ាន់ បានបន្តទៀតថាតាមរយៈប្រកាសដែលបានចេញកន្លងមកក្រសួងតម្រូវឲ្យម្ចាស់គម្រោងអភិវឌ្ឍន៍នានាត្រូវតម្កល់ទុន ២ ភាគរយនៃទុនវិនិយោគសរុបរបស់ពួកគេ ប៉ុន្តែច្បាប់ថ្មីនេះនឹងតម្រូវឲ្យអ្នកវិនិយោគមានទុនតម្កល់នៅធនាគារ មានការធានាពីធនាគារ និងដៃគូវិនិយោគរបស់ពួកគេ និងបង្ហាញពីគណនេយ្យភាព និងតម្លាភាពច្បាស់លាស់ក្នុងគម្រោងវិនិយោគរបស់ពួកគេ។
លោកបន្តថា ទោះជាយ៉ាងណា ច្បាប់ថ្មីនេះមិនកំណត់ថា អ្នកវិនិយោគត្រូវមានប្រាក់តម្កល់ប៉ុន្មានភាគរយច្បាស់លាស់នៅឡើយទេ ដោយរង់ចាំការជួបប្រជុំពិភាក្សាជាមួយវិស័យឯកជន ដើម្បីរកធាតុចូលសម្រាប់ដាក់បញ្ចូលក្នុងច្បាប់នេះ។
លោក ពឹង សេរី នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cambodia Angkor Real Estate បានថ្លែងថាការរឹតបន្តឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «ជាការល្អណាស់» ព្រោះវាជាការបង្ហាញពីតួលេខពិតប្រាកដក្នុងការវិនិយោគលើវិស័យនេះដើម្បីកុំឲ្យមានអ្នករងគ្រោះបន្ថែមទៀតដូចករណីអ្នកទិញអគារ Gold Towr42 ជាដើម។
លោកបន្តថា កន្លងមកមានក្រុមហ៊ុនខ្លះយកប្លង់ដីដាក់ធនាគារហើយប្រកាសគម្រោងវិនិយោគរបស់ខ្លួនដើម្បីលក់យកលុយទៅសាងសង់ ប៉ុន្តែនៅពេលលក់មិនបានគម្រោងរបស់ពួកគេជាប់គាំងហើយប្រជាជនជាអ្នករងគ្រោះ។
លោកបន្តថា៖ «យើងចង់ឲ្យមានការសាងសង់សិន ចាំប្រកាសលក់ កុំប្រកាសតែគម្រោងហើយចាប់ផ្តើមលក់ វាមានហានិភ័យណាស់»។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក គីម ហ៊ាង បានថ្លែងថាការចេញច្បាប់របស់ក្រសួងនេះហាក់យឺតពេលបន្តិច ព្រោះច្បាប់នេះលោកបានលើកឡើងជារឿយៗរយៈពេល ៣-៤ ឆ្នាំមកហើយ ប៉ុន្តែក៏មិនអីនោះទេ សម្រាប់ការរៀបចំច្បាប់នាពេលនេះមិនទាន់ហួសពេលនៅឡើយទេ។
លោកបន្តថា ច្បាប់នេះនឹងប៉ះពាល់ដល់អ្នករកស៊ីឆក់កណ្តៀត ឬរកស៊ីមិនត្រឹមត្រូវ ប៉ុន្តែអ្នកគោរព ច្បាប់មិនមានផលប៉ះពាល់នោះទេ។
លោកបន្តថា៖ «ច្បាប់នេះជាការជួយកាត់បន្ថយគម្រោងខ្យល់ ព្រោះកន្លងមកមានអ្នកខ្លះដាក់ដីបញ្ចាំនៅធនាគារ ហើយមកប្រកាសលក់គម្រោងដែលគម្រោងបែបនេះមានហានិភ័យខ្ពស់ណាស់»។ លោកបន្ថែមថា៖ «ច្បាប់នេះល្អសម្រាប់សង្គម និងធ្វើឲ្យប្រាកដថាអ្នកមានលុយពិតប្រាកដទើបអាចវិនិយោគគម្រោងអចលនទ្រព្យបាន»។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានថ្លែងថាកន្លងមកមានបញ្ហាអ្នកពុះដីឡូត៍លក់មួយចំនួនបានបង្ហាញគម្រោងរបស់ពួកគេមានចម្ងាយប៉ុន្មានពីក្រុងភ្នំពេញហើយបានប្រកាសលក់ក្នុងតម្លៃថោកៗ ប៉ុន្តែមិនដឹងដីនៅឯណា ហេតុនេះទើបក្រសួងមានការព្រួយបារម្ភពីហានិភ័យផ្សេងៗទើបរៀបចំច្បាប់នេះ។
លោកបន្តថា៖ «ច្បាប់នេះមិនមែនជាការរឹតបន្តឹងអ្វីដល់អ្នករកស៊ីស្របច្បាប់ទេ តែជាការជួយការពារដល់ប្រជាពលរដ្ឋយើង»។
លោកបន្តថា៖ «នេះជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដល់ប្រជាពលរដ្ឋ ដែលយើងក្នុងនាមវិស័យឯកជនសូមគាំទ្រចំណាត់ការនេះ៕