Hot line: +855 (0)99 283 388
● You are in: Media > Detail News
ក្រុមហ៊ុន Naki ​បោះទុន​ ១០ ​លាន​ដុល្លារ​សម្រាប់ ​គម្រោង​លំនៅឋាន​តម្លៃ​ទាប​ នៅ​ភាគ​ខាង​ត្បូង​ក្រុង​ភ្នំពេញ
Date: 2017-10-19

ដោយ​សារ​មើលឃើញ​កំណើន​នៃ​តម្រូវការ និង​​ទំហំ​ប្រជាជន មាន​ជីវភាព​មធ្យម​មាន​ចំនួន​ច្រើន ក្រុមហ៊ុន Naki Group បាន​សម្រេច​ ​បោះទុន​វិនិយោគ​ទឹក​ប្រាក់​ ១០​ លាន​ដុល្លារ​អាមេរិក សាង​សង់​លំនៅឋាន​សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​។

អគ្គនាយក​ក្រុមហ៊ុន Naki Group លោក មាស ង៉ែត​វាសនា បាន​ថ្លែង​ឲ្យ​ដឹង​ កាលពី​ថ្ងៃ​ច័ន្ទ​ថា ដោយ​សារ​មើល​ឃើញ​កំណើន​សេដ្ឋកិច្ច និង​កំណើន​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ ពិសេស​ប្រជាជន​មាន​ជីវភាព​ថ្នាក់​មធ្យម និង​មធ្យម​កម្រិត​ទាប​កើន​ឡើង​ខ្លាំង ទើប​លោក​សម្រេច​ចិត្ត​វិនិយោគ​បុរី Ravana នេះ​ឡើង​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​។

លោក​បន្តថា បុរី​នេះ​ស្ថិត​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង ៣​ហិកតា និង​គេហដ្ឋាន​មួយ​លក់​ក្នុងតម្លៃ​ចន្លោះ​ពី​ ៣៥,០០០ ទៅ​ ៦០,០០០​ ដុល្លារ​អាមេរិក អាស្រ័យ​លើ​ទីតាំង និង​ទំហំ​ផ្ទះ​នីមួយៗ​ជាក់​ស្តែង​។

លោក​បន្ត​ថា​ ៖ «​ខ្ញុំ​គិតថា គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ ដោយ​សារ​ហេតុផល​ខាងលើ ហើយ​ខ្ញុំ​គិតថា គូ​ស្វាមីភរិយា​វ័យ​ក្មេង​ដែល​មាន​ប្រាក់​ខែ​បូក​ចូល​គ្នា​ចន្លោះ​ពី​ ៥០០ ​ទៅ​ ៦០០​ ដុល្លារ​ក៏​អាច​សន្សំ​ទិញ​បាន​»​។

លោក​បន្ត​ថា​ ៖ «​យើង​នឹង​ជួយពួក​​គេ​ឲ្យ​អាច​ទទួលបាន​ឥណទាន​ពី​ធនាគារ ដើម្បី​សម្រេច​បាន​លំនៅ​ឋាន​ក្នុង​ក្តី​សុបិន​របស់​ពួកគេ​»​។

បុរី Ravana ស្ថិតនៅ​ចុង​ផ្លូវ ៦០ ​ម៉ែត្រ ស្របតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ២ (​អតីត​ដី​របស់​ស្ថានីយ​ទូរទស្សន៍ CTN) ស្ថិត​ក្នុង​សង្កាត់​ព្រែកកំពឹស ខ​ណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ​។

លោក មាស ង៉ែត​វាសនា បាន​បន្ត​ថា ការ​វិនិយោគ​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ​បែប​នេះ ជាការ​វិនិយោគ​ស្របតាម​ស្ថាន​ភាព​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា ដោយ​សារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព សេដ្ឋកិច្ច​កើន​ឡើង​រៀង​រាល់​ឆ្នាំ ហើយ​ប្រជាជនមាន​ជីវភាព​មធ្យម​ក៏​កំពុង​មាន​កំណើន​ខ្ពស់​ផង​ដែរ​។

តំបន់​ភាគ​ខាង​ត្បូង​ក្រុង​ភ្នំពេញ ធ្លាប់​ត្រូវ​បាន​អតីត​វីរ​ស្ថាប​ត្យករ​កម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ ចង្អុល​បង្ហាញ​ថា ជា​ទីតាំង​ដែល​ស័ក្តិសម​សម្រាប់​ការ​ពង្រីក​ទីក្រុង​ដោយ​លោក​បាន​លើក​ហេតុផល​ថា តំបន់​នេះ​ជា​តំបន់​ខ្ពស់​មិន​ប្រឈម​មុខ​នឹង​ទឹកជំនន់​។

ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ បុរី​ពិភពថ្មី ក៏បាន​ពង្រីក​ការ​វិនិយោគ​នៅ​តំបន់​ជាប់​ផ្លូវជាតិ​លេខ​ ២ លើ​ទំហំ​ដី​ជាង​ ៥០ ​ហិកតា និង​ផ្តោត​ការសាងសង់​លំនៅឋាន​សម្រាប់​ប្រជាជនមាន​ជីវភាព​មធ្យម​ផងដែរ​។

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែង​ថា ការ​ទិញ​លក់​លំនៅឋាន នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​ឆ្នាំ​នេះ ដោយ​សារ​កំណើន​ប្រជាសាស្ត្រ កំណើន​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ និង​លក្ខ​ខណ្ឌ​ទទួល​បាន​ឥណទាន ​ពី​ធនាគារ​នានា​កាន់​តែ​មាន​ភាព​ងាយស្រួល​។

លោក​បន្ត​ថា អ្វី​ដែល​ ​លោក​មើល​ឃើញ​ការទិញ​លំនៅឋាន​ទី​ ២ នៅ​តាម​បុរី​នានា​បាន​កើន​ឡើង ប៉ុន្តែ​ប្រសិន​ជា​មើល​និន្នាការ​ទីផ្សារ លោក​បាន​មើល​ឃើញ​ថា អ្នក​វិនិយោគ​បាន​ចាប់​ផ្តើម​ចាប់​យក​ទីផ្សារ​ប្រជាជន​មាន​ចំណូល​ទាប និង​ចំណូល​ម​មធ្យម ព្រោះ​ប្រជាជន​ក្នុង​ក្រុម​នេះ​មាន​ចំនួន​ច្រើន និង​កំពុង​កើន​ឡើង​។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ ធ្លាប់​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​ផង​ដែរ​ថា ទីផ្សារ​លំនៅឋាន​សម្រាប់​ប្រជាជន​មាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម​មាន​ភាព​ល្អ​ប្រសើរ និង​លក់​ដាច់​ច្រើន ជាក់ស្តែង​លោក​បាន​សាង​សង់​លំនៅឋាន​ប្រភេទ​នេះ​ជាង ២០០​ល្វែង នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​អា បាន​លក់​ដាច់​អស់​ក្នុង​រយៈពេល​១​ខែ​។

លោក​បន្តថា បច្ចុប្បន្ន​ការលក់​លំនៅឋាន​មាន​តម្លៃ​ថ្លៃ ហាក់​មាន​ភាព​យឺត​យ៉ាវ​បន្តិច ព្រោះ​ទីផ្សារ​បាន​ងាក​មក​កាន់​ប្រជាជន​ថ្នាក់​ក្រោម​។

លោក​បន្ត​ថា​ ៖ «​ទោះជា​យ៉ាង​ណា​ការ​វិនិយោគ​លំនៅឋាន​មាន​តម្លៃ​ទាប ឬ​ខ្ពស់ អាស្រ័យ​លើ​ទីតាំង ព្រោះ​បើ​ទីតាំង​ល្អ ដី​មាន​តម្លៃ​ថ្លៃ​ក៏​យើង​មិន​អាច​វិនិយោគ​សាងសង់​លំនៅឋាន​មាន​តម្លៃ​ទាប​បាន​ដែរ​»​។

លោក​បន្ត​ថា​ ៖ «បើ​មើល​ទីផ្សារ​លំនៅឋាន​មាន​តម្លៃ​ខ្ពស់ ក៏​នៅ​តែ​លក់​បាន​ល្អ ប្រសិន​ជា​ការ​វិនិយោគ​ផ្តោត​លើ​តំបន់​កណ្តាល​ក្រុង ដែល​មាន​សកម្មភាព​ពាណិជ្ជកម្ម​ល្អ​»៕

Source From: http://www.postkhmer.com
Share
Our Partners