បច្ចុប្បន្នវិស័យសំណង់បាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងលឿនគំហុកបែបនេះ ក៏បង្កឲ្យមានកង្វល់ជាច្រើនបានកើតមានឡើងនៅក្នុងចំណោមអ្នកជំនាញវិស្វកម្មនៅក្នុងប្រទេសនេះផងដែរ។
ជាការចែករំលែក និងផ្តល់ការស្វែងយល់អំពីបញ្ហាផ្សេងៗទាំងឡាយនោះ លោក មឿន ញាណ ការីនិពន្ធកាសែតភ្នំពេញប៉ុស្តិ៍អចលនទ្រព្យ បានចំណាយពេលវេលាជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យផ្នែកវិស្វកម្ម លោក សាត ដារ៉ា បង្រៀននៅតាមសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា ដើម្បីលោកបានបង្ហាញទស្សនៈ ការយល់ឃើញ ក៏ដូចជាការតម្រង់ទិសទាំងផ្នែកគុណភាព សោភ័ណភាព និងសុវត្ថិភាព នៅក្នុងវិស័យសំណង់នៅកម្ពុជានាបច្ចុប្បន្ននេះ។
ខាងក្រោមនេះ គឺជាខ្លឹមសារនៃបទសម្ភាសមួយផ្នែកប៉ុណ្ណោះ ៖
១.ជាបឋម សូមលោកណែនាំដោយសង្ខេបអំពីខ្លួនលោក ជំនាញ បទពិសោធ និងវិជ្ជាជីវៈរបស់ លោកដោយផ្ទាល់ពាក់ព័ន្ធនឹងវិស័យសំណង់?
ខ្ញុំឈ្មោះ សាត ដារ៉ា ជាសាស្ត្រាចារ្យផ្នែកវិស្វកម្ម និងជាបុគ្គលិកជាន់ខ្ពស់នៃគណៈវិស្វកម្មកម្ពុជា។ ខ្ញុំធ្លាប់ទទួលបានការសិក្សាជាច្រើនជំនាញនៅឯបរទេស ជាពិសេសផ្នែកវិស្វកម្ម ហើយក៏ធ្លាប់បានបំពេញការងារខ្លះៗនៅបរទេសផងដែរ និងបច្ចុប្បន្នបានចូលរួមការងារមួយចំនួនក្នុងវិស័យសំណង់នៅកម្ពុជា។
២.តើនៅប្រទេសកម្ពុជា មានវិទ្យាស្ថាន ឬសាលាបណ្តុះបណ្តាលណាខ្លះ ដែលមានបង្រៀនវិជ្ជាជីវៈកម្មករជំនាញផ្នែកសំណង់ កម្រិតមធ្យមផ្នែកសំណង់ និងវិស្វករ?
បច្ចុប្បន្ននៅកម្ពុជាមានសាលា បណ្តុះបណ្តាល វិទ្យាស្ថាន រហូតដល់កម្រិតសាកលវិទ្យាល័យជាច្រើន ដែលបានផ្តល់ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈពាក់ព័ន្ធក្នុងវិស័យសំណង់។
តាមដែលខ្ញុំដឹង សម្រាប់វគ្គកម្មករជំនាញផ្នែកសំណង់ សិស្សត្រូវឆ្លងកាត់ការសិក្សារយៈពេល ១ ឆ្នាំពេញ រីឯសិស្សនិស្សិតកម្រិតមធ្យមសិក្សា ពួកគេត្រូវឆ្លងកាត់ការសិក្សារយៈពេល ២ឆ្នាំ និងមានបន្ថែមចំណេះដឹងមូលដ្ឋាន (ខ្វះខាត) រយៈពេល ១ ឆ្នាំទៀត។ ចំណែកកម្រិតឧត្តមសិក្សា គឺកម្រិតវិស្វករ និស្សិតត្រូវចំណាយពេល រៀន៥ឆ្នាំពេញតែម្តង។
កម្រិតកម្មករជំនាញផ្នែកសំណង់ គឺមានសាលាព្រះកុសុមៈ នៅរាជធានីភ្នំពេញ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (សាលាកូរ៉េ) នៅទំនប់កប់ស្រូវសាលាដុនបូស្កូ(អង្គការ) និងសាលាដំដែក (នៅឬស្សីកែវ)ជាដើម។
ចំណែកកម្រិតមធ្យម មាននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងនៅតាមសាកលវិទ្យាល័យឯកជនមួយចំនួនទៀត រួមមានន័រតុន និងប្រៀលប្រាយជាដើម។
ដោយឡែកកម្រិតឧត្តមសិក្សា ឬវិស្វករក៏មានច្រើនសាលាផងដែរ ដូចជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) វិទ្យាស្ថានជាតិពហុបច្ចេកកម្ពុជា (សាលាកូរ៉េ) សាកលវិទ្យាល័យន័រតុន និងបៀលប្រាយជាដើម។
ក្នុងចំណោមសាលាទាំងនោះ គឺមានតែនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទេ ដែលមានលទ្ធភាពទទួលសិស្សនិស្សិតបានប្រមាណពី ៣០០ ទៅ ១ ០០០ នាក់ ក្នុងមួយឆ្នាំ ព្រោះសាលានេះមានទាំងកម្រិតមធ្យម និងកម្រិតឧត្តមសិក្សារួមគ្នា។ ចំណែកសាលា ឬវិទ្យាស្ថានផ្សេងទៀតនោះ គឺមានសិស្សនិស្សិតត្រឹមកម្រិតរយនាក់តែប៉ុណ្ណោះ។
៣.តើនៅទូទាំងប្រទេសកម្ពុជា មានសិស្សនិស្សិតផ្នែកខាងវិស្វកម្មប៉ុន្មានរូប? តើក្រោយពីបញ្ចប់ការសិក្សាពួកគេទទួលបានការងារធ្វើយ៉ាងដូចម្តេចដែរ?
ជារៀងរាល់ឆ្នាំ មានសិស្សនិស្សិតកម្ពុជា រាប់ពាន់នាក់បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្ម និងសំណង់ដោយប្រមាណ ៩៥ភាគរយ គឺពួកគេទទួលបានការងារធ្វើយ៉ាងត្រឹមត្រូវ ហើយក៏មានអ្នកខ្លះទៀតអាចឈានទៅបង្កើតការងារជាក្រុមហ៊ុនដោយខ្លួនឯងផងដែរ។
បើតាមការអង្កេតរបស់ខ្ញុំផ្ទាល់ មាននិស្សិតផ្នែកវិស្វកម្ម និងសំណង់ ប្រមាណពី ២៥-៣០ ភាគរយ ដែលពួកគេជាសិស្សនិស្សិតពូកែៗ អាចទទួលបានការងារធ្វើចាប់តាំងពីពេលពួកគេសិក្សានៅឆ្នាំទី ២ មកម្ល៉េះ។
និយាយជារួមទីផ្សារការងារពាក់ព័ន្ធទៅនឹងវិស័យសំណង់ គឺនៅមានតម្រូវការធំទូលាយសម្រាប់ស្រូបយកកម្លាំងពលកម្ម ពលកម្មជំនាញ និងអ្នកជំនាញជាច្រើនកន្លែងជារៀងរាល់ឆ្នាំ។
៤.តើគុណវឌ្ឍិរបស់វិស្វករសំណង់កម្ពុជាទាំងនោះ អាចឆ្លើយតបទៅនឹងការរីកចម្រើននៅក្នុងវិស័យសំណង់បច្ចុប្បន្នដែរឬទេ?
តាមការអង្កេតរបស់ខ្ញុំ ក្រុមហ៊ុនដែលត្រូវការបុគ្គលិកផ្នែកនោះ គឺច្រើនតែត្រូវការអ្នកមានបទពិសោធ ឬជំនាញជាអាទិភាព។
ដូច្នេះ សិស្ស និស្សិត របស់យើងត្រូវតែស្វែងរកបទពិសោធការងារនៅតាមក្រុមហ៊ុន ឬគម្រោងសំណង់នានាជាមុនសិន មុននឹងពួកគាត់អាចចូលទៅបម្រើការងារនៅតាមក្រុមហ៊ុនផ្សេងៗ។
ការជ្រើសរើសរបស់ក្រុមហ៊ុនឯកជន គេធ្វើបែបនេះ គឺជារឿងត្រឹមត្រូវរបស់ពួកគេ ប៉ុន្តែនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនៅស្រុកយើងនាបច្ចុប្បន្ននេះ គឺយើងនៅខ្វះសាលពិសោធ ឬកន្លែងអនុវត្តសម្រាប់ផ្តល់ជាចំណេះជំនាញផ្ទាល់ដល់សិស្សនិស្សិតតែម្តង។
ចំពោះរូបខ្ញុំជាសាស្ត្រាចារ្យ ខ្ញុំសូមសំណូមពរដល់ក្រសួងអប់រំ យុវជន និងកីឡា ឬគ្រឹះស្ថានអប់រំបណ្តុះបណ្តាលទាំងឡាយ សុំបង្កើតឲ្យមានបន្ទប់ពិសោធ ទីកន្លែងហាត់ការ ឬកម្មវិធីសិក្សាដែលសិស្សនិស្សិតអាចធ្វើការអនុវត្តដោយផ្ទាល់ ដូចនៅតាមសាលានៃប្រទេសជឿនលឿននានា កាលដែលខ្ញុំបានរៀននៅទីនោះ គឺសិស្សនិស្សិតមានឱកាសអនុវត្តផ្ទាល់ជាច្រើនជាមួយគ្រូៗ ហើយយើងទទួលបានចំណេះជំនាញតាំងពីរៀននៅក្នុងសាលាផ្ទាល់មក។
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំពិនិត្យឃើញថា ក្រុមហ៊ុនមួយចំនួនលោកបានផ្តល់ជាកន្លែងសម្រាប់សិស្សនិស្សិតរបស់យើងឲ្យមានឱកាសបានចូលទៅហាត់ការងារទទួលបានបទពិសោធជាច្រើនផងដែរ។
ចំណុចសំខាន់ ខ្ញុំក៏សូមផ្តាំផ្ញើដល់សិស្សនិស្សិតទាំងឡាយ ត្រូវតែខំប្រឹងប្រែងសិក្សាឲ្យបានច្បាស់លាស់ទាំងទ្រឹស្តី និងការអនុវត្តឲ្យបានត្រឹមត្រូវ ប្រយោជន៍ដើម្បីនៅពេលពួកគាត់បញ្ចប់ការសិក្សា គឺពួកគាត់មានចំណេះដឹងគ្រប់គ្រាន់អាចបម្រើការងារបានតែម្តង គឺកុំរំពឹងតែទៅលើការឆ្លងកាត់បទពិសោធអី បើពុំនោះទេយើងនឹងក្លាយជាមនុស្សតាមពីក្រោយគេនៅក្នុងតំបន់អាស៊ានហើយ ព្រោះសិស្សរបស់គេតែទទួលបានសញ្ញាបត្រហើយពួកគេមានសមត្ថភាពបម្រើការងារហើយ។
៥.តើនៅទូទាំងប្រទេសកម្ពុជា មានវិស្វករសំណង់(ស៊ីវិល)សរុបប៉ុន្មានរូប?
ខ្ញុំពុំទាន់មានតួលេខជាក់លាក់ពីចំនួនសរុបនៃវិស្វករនៅទូទាំងប្រទេសកម្ពុជាទេ ប៉ុន្តែក្រុមរបស់យើងកំពុងប្រមូលចងក្រងធនធានមនុស្សផ្នែកនេះ និងឯកសារពាក់ព័ន្ធមួយចំនួន។
ដោយឡែក សម្រាប់ក្រុមវិស្វករអាជីព ដែលជាសមាជិកគណៈវិស្វកម្មកម្ពុជា គឺសរុបប្រមាណ ៣០០០ នាក់ ហើយពួកគាត់ទាំងអស់នេះកំពុងតែសកម្មណាស់នៅក្នុងវិស័យឧស្សាហកម្មសំណង់នាពេលបច្ចុប្បន្ននេះ៕